លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង កំពុង​ល្បីល្បាញ​រឿង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ

​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ និង​រដ្ឋាករ ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់ ព្រោះ​បច្ចុប្បន្ន​មន្ត្រី​គយ​មួយចំនួន​នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក តែ​មិនឃើញ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចាត់វិធានការ​តាមច្បាប់​នៅឡើយ​ទេ​។ ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងករណី​មន្ត្រី​គយ​ប្រព្រឹត្ត​អំពើពុករលួយ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ក្នុងនោះ​លោក ខៀវ សារឿន ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តស្វាយរៀង ត្រូវបាន​ភ្នាក់ងារ​គយ​តូចតាច​ក្រោម​ឱវាទ​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​អនាធិបតេយ្យ​។

​ប្រភពពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍​ទៅហើយនោះ កំពុង​ប្រមូល​ផលប្រយោជន៍​តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាវិត ច្រក​ព្រៃ​វ​ល្លិ៍ និង​ច្រករបៀង​ជាច្រើន​ទៀត​ក្នុង​ខេត្តស្វាយរៀង ដោយសារ​មានការ​ឃុបឃិត​សម្របសម្រួល​ពី​សំណាក់​លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ហើយ​ឈ្មួញ​ធំៗ​ដូចជា​ចែ​ភី ជាដើម​កំពុងមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ខៀវ សារឿន​។

មន្ត្រី​គយ​តូចតាច​នៅក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​បាវិត ច្រក​ព្រៃ​វ​ល្លិ៍ និង​ច្រករបៀង​នានា​ក្នុង​ខេត្ត​នេះ បង់ពន្ធ​មិន​ដល់​៤០​ភាគរយ​ផង​ទេ គឺ​ធ្វើយ៉ាងណា​ឲ្យ​តែ​គ្រប់​តាម​ផែន​ការណ៍​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។ ក្រៅពីនេះ​គឺ​ឈ្មួញ​បង់​ទៅ​ឲ្យ​លោក ខៀវ សារឿន ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តស្វាយរៀង ដោយ​គ្មាន​វិក្កយបត្រ​ត្រឹមត្រូវ​ដែលជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​តែម្តង​។ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឬ​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុង​ខេត្តស្វាយរៀង មានដូចជា​គ្រឿង​អេឡិចត្រូនិក គ្រឿងបន្លាស់​រថយន្ត​និង​ម៉ូតូ គ្រឿងសំណង់ គ្រឿងចក្រ ថ្នាំពេទ្យ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​។ តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​លោក ខៀវ សារឿន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​បែងចែក​ទៅ​មេៗ​ខាងលើ​តាម​លំដាប់លំដោយ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​៕

KA-07-08-2016-01លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង