បង់​ក្លា​ដែ​ស​ស្នើ​ឱ្យ​កម្ពុជា​ផ្តល់​ភាព​ងាយស្រួល​ចំពោះ​ការ​ប្រគល់​ទិ​ដ្ឋា​ការ​អាជីវកម្ម

ប្រទេស​បង់​ក្លា​ដែ​ស ៖ រដ្ឋមន្ត្រី​ការ​បរទេស​បង់​ក្លា​ដែ​សបាន​ស្នើ​ឱ្យ​ឯកអគ្គរាជទូត​កម្ពុជា​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​ទិដ្ឋាការ (visa) របស់​ពាណិជ្ជករ និង​ភ្ញៀវ​ទេសចរ​បង់​ក្លា​ដែ​ស​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​មាន​ភាព​ប្រសើរ​ឡើង ។ នេះ​បើ​យោង​តាម​គេហទំព័រ Bangladesh’s first internet newspaper ។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​សេត​វិមាន​នា​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​កន្លង​មក លោក​រដ្ឋមន្ត្រី Abul Hassan Mahmood Ali បាន​ទាញ​ចំណាប់អារម្មណ៍​របស់​ឯកអគ្គរាជទូត​កម្ពុជា លោក ពេជ្រ​ឃុន បញ្ញា ទាក់ទិន​នឹង​ផលវិបាក​នានា​នៃ​ការ​ទទួល​បាន​ទិដ្ឋាការ ។

រដ្ឋមន្ត្រី​ការ​បរទេស​បង់​ក្លា​ដែ​ស និង​ឯកអគ្គរាជទូត​កម្ពុជា ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​វិធានការ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។

លោក ពេជ្រ​ឃុន បញ្ញា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ញូ​វ​ដេ​លី បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ ។

ក្នុង​លក្ខខណ្ឌ​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​បង់​ក្លា​ដែ​ស លោក ពេជ្រ​ឃុន បញ្ញា ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ដែល​បាន​គាំទ្រ​បេក្ខភាព​កម្ពុជា នៅ​ក្នុង​អង្គការសហប្រជាជាតិ ។ លោក​ថ្លែង​ថា ៖ « កម្ពុជា និង​បង់​ក្លា​ដែ​សនឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ និង​ពហុភាគី » ។
លោក​បញ្ញា បាន​គូសបញ្ជាក់​អំពី​ទស្សនវិស័យ​នៃ​ផ្នែក​ទេសចរណ៍​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ និង​សង្កត់ធ្ងន់​ទៅ​លើ​តម្រូវការ​ចាំបាច់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​នេះ​ទៀត​ផង ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស​បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ពុទ្ធសាសនិក​កម្ពុជា ក៏​អាច​មក​ទស្សនា​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​កន្លែង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​បង់​ក្លា​ដែ​ស និង​កម្ពុជា​មាន​វប្បធម៌​ស្រ​ដៀង​គ្នា និង​ឫសគល់​ភាសា​យូរលង់​ណាស់​មក​ហើយ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​មាន​សក្តានុពល​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត ។

លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ឯកអគ្គរាជទូត​កម្ពុជា ចាត់វិធានការ​សម្រាប់​សម័យប្រជុំ​លើក​ដំបូង​នៃ​គណៈកម្មការ​រួម ។

គួរ​រំលឹក​ថា ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ​នេះ​បាន​ព្រមព្រៀង​បង្កើត​គណៈកម្មការ​រួម​គ្នា​មួយ​កាលពី​ខែមិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​កាន់​ប្រទេស​បង់​ក្លា​ដែ​ស ៕    ​