វៀតណាម​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​អេ​ឡិច​ត្រូ​និក​លើក​ស្ទួយ​វិស័យ​ទេសចរណ៍

ប្រទេស​វៀតណាម ៖ គណៈកម្មការ​ប្រជាជន​ខេត្ត Quang Binh បាន​អនុម័ត​គម្រោង​សាកល្បង​រយៈពេល​៣​ឆ្នាំ​សម្រាប់​ការ​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​អេ​ឡិច​ត្រូ​និក ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​នៅ​តាម​ដង​វិ​ថី​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ទីក្រុង Dong Hoi ចាប់ពី​ខែ​នេះ​តទៅ​។​

ប្រមាណ​២៤​ដង​វិ​ថី​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​នេះ​មាន​ដូច​ជា ផ្លូវ Nguyen Huu Canh, Huu Nghi, Quang Trung, Huong Giang, Quach Xuan Ky, Me Suot និង​ផ្លូវ Thanh Nien ដែល​នឹង​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០១៩ ។

សម្រាប់​ផ្លូវ​ធ្វើ​ដំណើរ​ទាំងនេះ ក៏​នឹង​រួម​បញ្ចូល​ទាំង​ការ​ចុះ​ចត​ចំនួន​៣៧​កន្លែង​ផង​ដែរ នៅ​តាម​ភោជនីយដ្ឋាន សណ្ឋាគារ ផ្លា​ហ្សា និង​តំបន់​មាត់សមុទ្រ​មួយ​ចំនួន ។

ការ​អនុម័ត​គម្រោង​នេះ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​ខុស​ប្លែក​ពី​គេ ជា​ពិសេស ធ្វើ​ឱ្យ​មាន​ភាព​កាន់តែ​ទាក់ទាញ​បន្ថែម​ទៀត និង​ដើម្បី​បំពេញ​តាម​តម្រូវការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ។

ក្រុមហ៊ុន​សេវា​ដឹក​អ្នកដំណើរ Cat Vang Services and Trading នឹង​អនុវត្ត​គម្រោង​សាកល្បង​នេះ ព្រមទាំង​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​អេ​ឡិច​ត្រូ​និក​ចំនួន​៣០​គ្រឿង​ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ ។

កាលពីមុន​មាន​ខេត្ត និង​ក្រុង​មួយ​ចំនួន​ក៏​បាន​ដាក់​ឱ្យ​ប្រើប្រាស់​រថយន្ត​អេ​ឡិច​ត្រូ​និក​នេះ​ដែរ ក្នុង​នោះ​រួម​មាន​ក្រុង​ហាណូយ ខេត្ត Thanh Hoa, Nghe An, Hai Phong និង​ខេត្ត Khanh Hoa ។ ការ​ប្រើ​រថយន្ត​អេ​ឡិច​ត្រូ​និក​មិន​បំពុល បរិស្ថាន ៕