យុវជន​ម្នាក់​ប្តឹង​មេបញ្ជាការ​រង PM ក្រុង​ប៉ោយ​ប៉ែ​ត​ទារ​សំណង​២​ម៉ឺន​ដុល្លារ

ខេត្តបន្ទាយមានជ័យ ៖​ យុវជន​ម្នាក់​ឈ្មោះ ហុង សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​លក់​ស្បែកជើង​ជជុះ នៅ​ផ្សារ​រាត្រី​ដើម​ពុទ្ទ្រា​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​ពាក្យ​ប្តឹង​លោក ស្រៀ​ន ចាន់​តារា ហៅ​«​អាត​» មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ពី​បទ​ប្រើ​ហិង្សា​វាយដំ​លើ​រាង​កាយ ។

បើ​តាម​យុវជន​ដែល​អះអាង​ថា​ខ្លួន​ជា​ជន​រង​គ្រោះ​និង​ដើមបណ្តឹង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​១២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៧ សីហា ២០១៦ ខ្លួន​(​ហុង សីហា​) និង​មិត្តភក្តិ​៣​នាក់​ទៀត បាន​ទៅ​ហូប​ចុក​ផឹកស៊ី​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​« ថា​ច់​ដោ​ន​» បន្ទាប់​ពី​ផឹក​ស៊ី​រាំ​សប្បាយ​អស់​ជាង​២​ម៉ោង ពោល​គឺ​នៅ​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ សីហា ស្រាប់តែ​លេចមុខ​លោក​អនុសេនីយ៍ឯក ស្រៀ​ន ចាន់​តារា  មេបញ្ជាការ​ង PM​ក្រុង​ប៉ោយ​ប៉ែ​ត និង​បក្ខពួក​ប្រមាណ​៤-៥​នាក់ បាន​ចូល​មក​អង្គុយ​ផឹក​ស៊ីតុ​ក្បែរ​នោះ ។

អាជីវករ​លក់​ស្បែកជើង​ជជុះ​នៅ​ផ្សារ​រាត្រី​ដើម​ពុទ្ទ្រា​រូប​នេះ​បន្ត​ថា មួយសន្ទុះ​ក្រោយមក​លោក ស្រៀ​ន ចាន់​តារា បាន​ដើរមក​កាន់​តុ​របស់​ខ្លួន​ក្នុង​អាកា​រៈ​ស្រវឹង ហើយ​ប្រើ​ហិង្សា​វាយ​និង​ទះកំភ្លៀង​មក​លើ​ខ្លួន​ទាំង​មិនដឹង​មូលហេតុ ថែម​ទាំង​ស្រែក​សំឡុត​ទៀត​ថា «​ចង់ទៅ​ប្តឹង​នៅ​ណា ក៏​អញ​មិន​ខ្លាច​ដែរ​» បន្ទាប់​មក​ខ្លួន​និង​មិត្តភក្តិ​ក៍​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

យុវជន​ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​បន្ត​ថា ដោយសារ​តែ​លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​រូប​នេះ​វាយដំ​មក​លើ​ខ្លួន​មិនដឹង​មូលហេតុ ទើប​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២​ម៉ឺ​ន​ដុល្លារ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៩ សីហា​នេះ លោក​អនុសេនីយ៍ឯក ស្រៀ​ន ចាន់​តារា មេបញ្ជាការ​ង PM ក្រុង​ប៉ោយ​ប៉ែ​ត និង​លោក ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បំភ្លឺ​តប​បាន​ទេ ជុំវិញ​ការ​ចោទប្រកាន់​និង​ការ​លើក​ឡើង​របស់​យុវជន​ខាងលើ ដោយ​ទូរស័ព្ទ​របស់​លោក ជា ដា ទទួល​ការ​ហៅ​ចូល​បាន​ហើយ​តែ​ពុំ​មាន​អ្នក​លើក​ទទួល ។

អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត លោក ធិ​ន ស៊ី​ន​ដេ​ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ សីហា​នេះ​ថា លោក​បាន​ទទួល​ពាក្យបណ្តឹង​ហើយ ហើយ​ថា​នឹង​កោះហៅ​ភាគី​ទាំង​ពីរ​ឲ្យ​ចូល​មក​ដោះស្រាយ​បញ្ចប់រឿង​នៅ​ពេល​ខាង​មុខ ។

ចំណែក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន បាន​ទទួលស្គាល់​ថា លោក ស្រៀ​ន ចាន់​តារា ហៅ​«​អាត​» ពិតជា​មេបញ្ជាការ​ង PM ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ថា​រឿង​នេះ​ជា​រឿង​តូចតាច ប៉ុន្តែ​លោក​មិន​កាន់ជើង​កូនចៅ​លោក​ទេ ប្រសិនបើ​លោក ស្រៀ​ន ចាន់​តារា ប្រព្រឹត្ត​កំហុស​មែន និង​លើកទឹកចិត្ត​ឲ្យ​ជន​រង​គ្រោះ​ប្តឹង​តាម​នីតិវិធី​ច្បាប់​នោះ​ថែម​ទៀត ៕