រើស​សន្តិសុខ​យាម​ដូច​យក​មក​ឱ្យ​លួច​លុយ សំណាងល្អ​រក​ឃើញ​វិញ!

រើស​សន្តិសុខ​យាម​ដូច​យក​មក​ឱ្យ​លួច​លុយ សំណាងល្អ​រក​ឃើញ​វិញ!



ខេត្តបាត់ដំបង ៖ សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​មួយ បាន​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​សង្ស័យ​ថា​បាន​លួច​លុយ​ជាង​៤​ពាន់​ដុល្លារ​ពី​ក្នុង​រថយន្ត​របស់​បុគ្គលិក​ក្រុមហ៊ុន​បារី​ហ្វី​ន ដែល​ចត​នៅ​បរិវេណ​ក្រុមហ៊ុន ស្ថិត
ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៤​និង​៥២​នាទី​ល្ងាច​ថ្ងៃ​ទី​០៦ សីហា តែ​កន្លះ​ម៉ោង​ក្រោយមក​ក៏​រក​ឃើញ​វិញ ក្រោយ​ពី​ជនសង្ស័យ​បាន​សារភាព ។

នាយ​កា​រិ​យា​យ័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ លោក ឡា​ច វ៉ា​ន់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សេង គង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​សន្តិសុខ​ឯកជន​របស់​ក្រុមហ៊ុន GSS​។ ជន​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​នា​កន្លះ​ម៉ោង ក្រោយ​ពី​ជន​រង​គ្រោះ​ឈ្មោះ ហ៊​ន សម្បត្តិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បុគ្គលិក​ក្រុមហ៊ុន​បារី​ហ្វី​ន ប្ដឹង​ចោទប្រកាន់​ថា បាន​លួច​លុយ​ចំនួន​៤.០០៩​ដុល្លារ ពី​ក្នុង​កាប៊ី​ន​រថយន្ត​របស់​ខ្លួន ដែល​ចត​នៅ​កន្លែង​ក្រុមហ៊ុន ។ លោក ឡា​ច វ៉ា​ន់ បាន​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ទើប​ជន​នេះ​សារភាព​ហើយ​បង្ហាញ​កន្លែង​លាក់​លុយ​នោះ ថែម​ទាំង​ដកហូត​បាន​មក​វិញ​គ្រប់​ចំនួន​ផង​ដែរ ។

លោក ហ៊​ន សម្បត្តិ ជា​ម្ចាស់​លុយ​បាន​បំភ្លឺ​ថា លុយ​ចំនួន​៤.០០៩​ដុល្លារ​នេះ គឺ​ខ្លួន​ទើប​ប្រមូល​បាន​ពី​ម៉ូយ​នានា​នៅ​តាម​បណ្ដា​ស្រុក បម្រុង​យក​មក​ឡើង​ឲ្យ​ក្រុមហ៊ុន ។ លោក​បន្ត​ថា លុយ​នោះ​ដាក់​ក្នុង​កាបូប រួច​ទុក​លើ​កៅអី​រថយន្ត​។ ពេល​ចូល​ដល់​ក្រុមហ៊ុន ខ្លួន​បាន​ចត​រថយន្ត​ហើយ​ចុះ​ទៅ​រៀបចំ​អីវ៉ាន់​ខាងក្រោយ រួច​ដើរ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ខណៈ​កញ្ចក់​ទ្វារ​រថយន្ត​បើកចំហ ។ លុះ​ប៉ុន្មាន​នាទី​ក្រោយមក ក៏​ចេញ​ទៅ​យក​លុយ​ពី​ក្នុង​រថយន្ត​ដើម្បី​ឡើង​ឲ្យ​ក្រុមហ៊ុន ស្រាប់តែ​បាត់​លុយ​នោះ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

លោក ហ៊​ន សម្បត្តិ បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាត់​លុយ ខ្លួន​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​សន្តិសុខ​នោះ ព្រោះ​គ្មាន​មនុស្ស​ផ្សេង​ចេញចូល ឬ​នៅ​ក្បែ​រថយន្ត​ក្រៅពី​សន្តិសុខ​នោះ​ទេ តែ​ជន​នេះ​បាន​បដិសេធ​ចំពោះ​ការ​សង្ស័យ​នោះ ។ លោក​បាន​ឆែកឆេរ​លើ​ខ្លួន​សន្តិសុខ​នោះ តែ​រក​មិនឃើញ​លុយ​ឡើយ លុះ​ពេល​ប្ដឹង​សមត្ថកិច្ច ទើប​ជន​នេះ​សារភាព​នៅ​ពេល​ហៅ​ទៅ​សួរនាំ និង​ដកហូត​លុយ​បាន​គ្រប់​ចំនួន​វិញ ។

ជនសង្ស័យ​ឈ្មោះ សេត គង់ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​លុយ​នោះ​មែន ពេល​ដែល​ម្ចាស់​លុយ​នោះ​នាំ​គ្នា​ដើរ​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​។ ក្រោយ​ពី​លួច​បាន ខ្លួន​យក​លុយ​នោះ​ទៅ​លាក់​ក្រោម​ស្មៅ​នៅ​ខាងក្រៅ​របង​ក្រុមហ៊ុន​ភ្លាម​ៗ​ដែរ និង​បាន​នាំ​សមត្ថកិច្ច​ទៅ​យក​លុយ​នោះ​វិញ​គ្រប់​ចំនួន​ហើយ ។

លោក ឡា​ច វ៉ា​ន់ បាន​និយាយ​ដែរ​ថា សកម្មភាព​សន្តិសុខ​កំហូច​រូប​នេះ បាន​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន ពេល​លូក​តាម​ប្រឡោះ​កញ្ចក់​យក​លុយ​ពី​ក្នុង​កាប៊ី​ន​រថយន្ត​ជា​ភ័ស្ដុតាង​យ៉ាង​ច្បាស់​ក្រឡែត ទើប​ជន​នេះ​មិន​អាច​ប្រកែក​បាន ។ ក្រោយ​ពី​សារភាព ជន​នេះ​ក៏​បាន​នាំ​សមត្ថកិច្ច​ទៅ​បង្ហាញ​កន្លែង​លាក់​លុយ​ក្រោម​ស្មៅ​ខាងក្រៅ​របង​ក្រុមហ៊ុន ។

លោក​ថា លុយ​នោះ​រក​ឃើញ​វិញ​គ្រប់​ចំនួន ហើយ​លោក​មេបញ្ជាការ​ខេត្ត ក៏​បាន​សម្រេច​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ភ្លាម​ៗ​ដែរ ឯ​ជន​ឈ្មោះ សេត គង់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ៕