ស្លុតណាស់!​ មួយ​កំណាត់ខ្លួន​ចុះ​ក្រោម​កិនខ្ទេច​

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ធុន​យក្ស​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​កិន បណ្ដាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម ដោយ​មិន​សង្ឃឹមថារស់​នោះ​ទេ ខណៈ​គាត់​ជិះ​ម៉ូតូ​១​គ្រឿងធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ស្រប គ្នា ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​នោះដែលបើក​មក​​ស្រប​​គ្នា​ដែរ ហើយ​អ្នក​បើករថយន្តបាន​​​ចុះ​​រត់​​បាត់ស្រមោល​ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ សីហា ២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១ និង​លេខ​២២ នៅ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

បុរស​រង​គ្រោះ​ឈ្មោះ​ម៉ៅ សុ​ជាតិ អាយុ​២៦​ឆ្នាំ ជា​កម្មក​សំណង់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CI-5854 ហើយ​ ជន​រង​គ្រោះ​បាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ និង​ម៉ូតូ​របស់​គេ ក៏​មាន​កញ្ចក់​ត្រឹមត្រូវ​ដែរ ។ ចំណែក​ម៉ូតូ ដែល​បាន​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​នោះ មិន​ស្គាល់​ម៉ាក​ឡើយបាន​បើក​គេច​ទៅ​បាត់ ។ រីឯ​រថយន្ត​ដែល​បាន​កិន​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួស​នោះ​ម៉ាក អាំង​ទែ​រណា​សូ​ណា​ល់ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-3405 ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បណ្ដាល​ឱ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​មុខ​ខាង ស្ដាំ​រថយន្ត​នោះ កិន​បណ្ដាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​ក្រោម​តែ​ម្ដង ។ ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​សង្ឃឹមថា​រស់​នោះ​ទេ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។