ប៉េ​អឹ​ម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ដេញ​ព័ទ្ធ​ចាប់​ផ្អើល​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ មន្ត្រី​អាវុធហត្ថ​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​ជំនួយការ​ឧត្តមសេនីយ៍​ផ្កាយ​១​មេ​ប៉េ​អឹ​ម​ខេត្តកំពង់ធំ​ត្រូវ​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ព័ទ្ធ​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​តាំងពី​រង្វង់​មូល​បន្ទាយស្រី​រហូត​ដល់​ផ្លូវជាតិ​លេខ​៦​ទើប​ចាប់ខ្លួន​បាន ។ ហេតុការណ៍​ដេញ​ចាប់ខ្លួន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី រហូត​ដល់​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក ម៉ុង ប៊ុ​ន​លី​ម នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​​ថា មាន​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ស្រុក​បន្ទាយស្រី លោក​បាន​ដាក់​កម្លាំង​ទៅ​តាមដាន​មើល ពេល​ឃើញ​ក៏​បាន​ធ្វើការ​ស្ទាក់​សួរនាំ ខណៈ​ពេល​នោះ​មាន​រថយន្ត​ឡិច​ស៊ី​៤៧០មួយ​គ្រឿង​បាន​កាក់​ឈប់​ពីមុខ​មិន​ឱ្យ​រថយន្ត​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ដំណើ​ទៅ​មុខ​​បាន ពេល​នោះ​លោក​បាន​បញ្ជា​ឱ្យ​ព័ទ្ធ​​ចាប់​រថយន្ត​ដែល​កាង និង​រារាំង​ការ​បង្ក្រាប​បទល្មើស​នោះទាល់​តែ​បាន​ រួច​បញ្ជូន​ទៅ​តុលាការ​ភ្លាម​ៗ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនសង្ស័យ​ដែល​កាង​ឈើ​នោះ​មានឈ្មោះ សេង ប៊ុ​ន​តេ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ឋានន្តរស័ក្តិ វរសេនីយ៍ទោ​(​ស័ក្តិ​៤កន្លះ)​ប៉េ​អឹ​ម​ខេត្តកំពង់ធំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​តា​ហ៊ូ ឃុំ​ព្រៃ​តា​ហ៊ូ ស្រុក​ស្ទឹង​សែន ខេត្តកំពង់ធំ ជា​អ្នក​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9861 ជិះ​ម្នាក់ឯង ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉េ​អឹ​ម​ខេត្តកំពង់ធំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ សេង ប៊ុ​ន​តេ​ង នេះ​ជា​ជំនួយការ​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុ​ល មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្តកំពង់ធំ ប៉ុន្តែ​ជុំវិញ​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុ​ល បាន​ប្រាប់​ភ្នាក់ងារ​«​កោះសន្តិភាព​»​នៅ​វេលា​ម៉ោង​១ និង​០១​នាទី​រសៀល ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ នេះ​ថា ជនសង្ស័យ​ឈ្មោះ សេង ប៊ុ​ន​តេ​ង មិនមែន​ជា​ជំនួយការ​របស់​លោក​ទេ តែ​លោក​បញ្ជាក់​ថា បុគ្គល​នេះ​ជា​ប៉េ​អឹ​ម​នៅ​ខេត្តកំពង់ធំ​ពិតប្រាកដ​មែន ។

ពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​សង្ឃឹមថា ជនសង្ស័យ​ជា​មន្ត្រី​ប៉េ​អឹ​ម និង​ជា​ជំនួយការ​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់​ម្នាក់​នោះ តើ​អាច​ជាប់គុក​បាន​ប៉ុន្មាន​ខែ​ឆ្នាំ ឬ​មាន​អ្នក​រត់ការ​នៅ​ខាងក្រៅ ដើម្បី​យក​លោក​ស័ក្តិ​៤​នោះ​ចេញពី​តុលាការ មិន​អាច​ជាប់គុក​បាន​នោះ សូម​ពិនិត្យ​និង​តាមដាន​មើល​ទាំងអស់​គ្នា ។ ចំណែក​លោក​ឧត្តមសេនីយ៍ត្រី ហង្ស ថុ​ល ដែល​ឆ្លើយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ជន​នោះ​មិនមែន ជា​ជំនួយការ​របស់​លោក នេះ​ជា​ការ​ដោះសារ​សម្រាប់​លោក​តែ​ប៉ុណ្ណោះ ៕