​ច្បាស់ប៉ុណ្ណឹងហើយ នៅ​តែព័ទ្ធចាប់​មិន​បាន​

រាជ​ធានី​ភ្នំពេញ​ ៖ កម្លាំង​​​​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​​ចុះ​​ទៅ​បង្ក្រាប​ទីតាំង​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​មួយ​កន្លែង​ដែល​ជ្រក​ក្រោម​ស្លាក​ហ្គេ​ម​បាញ់​ត្រី ដែល​ហ្គេ​ម​មួយ​កន្លែង​នេះ​ ក៏​បើក​លេង​ដោយ​លួចលាក់​ ហើយ​​បាន​ពង្វក់​ស្មារតី​មនុស្ស​ចាស់ ​ក្មេងឱ្យ​​ភ្លេច​ការងារ ​និង​ការ​សិក្សា ព្រមទាំង​បង្ក​ឱ្យ​មាន​បទល្មើស​ចេញពី​ទីនោះ​ផង​ដែរ​ ។

បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយ​ការ​ណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ខាងលើ ក៏​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប ប៉ុន្តែ​ពេល​ចុះ​ទៅ​ដល់ មិន​មានការ​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​នោះ​​ឡើយ ហើយ​ក៏​រក​មិន​ឃើញនូវ​​គ្រឿងញៀន​នោះ​​ដែរ ដោយ​ដកហូត​បាន​តែ​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​ទូ កៅអី​មួយ​ចំនួន និង​កង្ហារ​ចំនួន​៧​គ្រឿង នាំ​យក​ទៅ​កាន់​សាលា​ខណ្ឌ​ ដើម្បី​ស្រាវជ្រាវ​បន្ត ប៉ុន្តែ​​ក្រុម​អ្នក​​ពាក់ព័ន្ធ​​​​​គ្រឿងញៀន ប្រាកដ​ជា​ផ្អើល​​រត់​អស់​លែង​ហ៊ាន​​ទៅ​ទីនោះ​ទៀត​​ហើយ​ ។

ប្រតិ​បត្តិការណ៍​​​នោះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ​សីហា ឆ្នាំ​២០១៦ ដែល​ទីតាំង​ខាងលើ​នោះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ទល់មុខ​ក្លឹ​ប​មី​ត​​ណា​ញ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​​ឱ្យ​​ដឹង​ថា ​​ទីតាំង​ខាងលើ​នោះ បាន​បើក​​ដំណើរការ​យូរហើយ និង​សមាសភាព​អ្នក​ចូល​ទៅ​លេង​ គឺ​សុទ្ធតែ​ក្រុម​ក្មេង​ស្ទាវ​និង​មានការ​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿង​ញៀន នៅ​ក្នុង​នោះ​យ៉ាង​សកម្ម​ថែម​ទៀត​ផង​ ។ ដោយសារ​តែ​ភាព​អ​នា​ធិ​តេ​យ្យ និង​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​បទល្មើស​នានា​ចេញពី​ប្រភព​ខាងលើ ទើប​ប្រជា​ណ​ល​រដ្ឋ​បាន​នាំ​គ្នា​រាយ​ការ​ណ៍​ទៅ​កាន់​អាជ្ញាធរ​ដើម្បី​​សុំ​ការ​បង្ក្រាប ទើប​ពេល​នេះ​ អាជ្ញាធរ​ចុះ​ទៅ​បង្ក្រាប​ ។ ដោយ​​​ដកហូត​បាន​​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​​ទូ កៅអី​មួយ​ចំនួន និង​កង្ហារ​ចំនួន​៧​គ្រឿង នាំ​​​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ទោះបី​ជា​បែប​ណា​ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ហ្គេ​ម​បាញ់​ត្រី​ត្រូវ​បាន​​ហាមឃាត់ មិន​ឱ្យបើក​លេង​នោះ​ឡើយ ប៉ុន្តែ​ទីតាំង​ខាងលើ​ បាន​លួច​បើក​លេង និង​បង្កប់​ទៅ​ដោយ​ការ​ជួញដូរ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ថែម​ទៀត គួរ​ណាស់​តែ​មាន​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត គឺ​ត្រូវ​ឃាត់ខ្លួន ម្ចាស់​ទីតាំង​នោះ​យក​ទៅ​ចាត់ការ​តាម​ច្បាប់ ទើប​ជា​ការ​ត្រឹមត្រូវ​មិន​គួរ ដក​យក​ហូត​យក​តែ​ទូ​ហ្គេ​ម​បែប​នេះ​ទេ ហើយ​វិធានការ​មួយ​នេះ​ដូច​ជា​មិន​ទាន់​ក្ដៅ​នៅឡើយ​ ៕