ដំណោះស្រាយ​បែប​វិទ្យាសាស្ត្រ ចំពោះ​ការឧស្សាហ៍​ថប់​បារម្ភ​

ដំណោះស្រាយ​បែប​វិទ្យាសាស្ត្រ ចំពោះ​ការឧស្សាហ៍​ថប់​បារម្ភ​

​នៅពេល​អ្នករស់នៅ ជាមួយ​អាកា​រៈថប់​បារម្ភ​ច្រើន វា​ពិតជា​ធ្វើឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​អ្នក ងាយ​នឹង​មាន​ភាព​នឿយហត់ និង​ពោរពេញ​ទៅ​ដោយ​ភាពភ័យខ្លាច និង​បារម្ភ​ច្រើន​ខុសធម្មតា​។ ចំពោះ​រោគសញ្ញា​ផ្លូវកាយ​វិញ​មានដូចជា គេង​មិន​លក់ អស់កម្លាំង ពិបាក​ដកដង្ហើម និង​តឹង​សាច់ដុំ​។

​យ៉ាងណាមិញ កាលណា​អ្នកជំងឺ​ទទួលបាន​ការព្យាបាល​គ្រប់គ្រាន់ បូក​រួម​ទាំង​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ និង​ការប្រើប្រាស់​ថ្នាំ អាច​ជួយ​ឲ្យ​ពួកគេ វិល​មក​រក​ជីវិត​រស់នៅ​ធម្មតា​វិញ​បាន​។ រយៈពេល​ច្រើន​ឆ្នាំ​មកនេះ មាន​ការសិក្សា​ច្រើនណាស់ បាន​រកឃើញថា ការ​ដែល​បង្កើត​បាន​នូវ​ទម្លាប់​មួយ​ចំនួន​ដូចខាងក្រោម​នេះ អាច​ជួយ​ដោះស្រាយ​បញ្ហា​ថប់​បារម្ភ បាន​យ៉ាង​អស្ចារ្យ ដោយ​មិនបាច់​ប្រើ​ថ្នាំ​អ្វី​ទាំងអស់​។

ហាត់ប្រាណ​ទៀងទាត់​
ការ​ហាត់ប្រាណ មិន​ត្រឹមតែ​មាន​ប្រយោជន៍ ចំពោះ​រាងកាយ​ទេ ប៉ុន្តែ ក៏​ជួយ​ពង្រឹង​ដល់​សុខភាព​ផ្លូវចិត្ត​ថែម​ទៀត​។ ការ​ហាត់ប្រាណ​យ៉ាងហោចណាស់ ៣០ នាទី​ក្នុង​មួយថ្ងៃ និង​ចំនួន ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ឃើញថា អាច​ជួយ​កាត់បន្ថយ​រោគសញ្ញា​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់​បារម្ភ​បាន​យ៉ាង​ល្អ​។​

តាំង​មា​ធិ​
ការសិក្សា​បាន​រកឃើញថា ការ​តាំងសមាធិ​ទៀងទាត់ ជួយ​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ​ទូទៅ​បាន​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ ក្នុង​សារព័ត៌មាន Clinical Psychiatry បានឲ្យដឹងថា ការ​តាំងសមាធិ​ដែល​មាន​ភាព​ស្ងប់​ក្នុង​អារម្មណ៍​មួយពេល មាន​ប្រយោជន៍​ខ្លាំងណាស់ ចំពោះ​អ្នក​ជំងឺផ្លូវចិត្ត​។

ស្តាប់​ចម្រៀង​
បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​ថប់​បារម្ភ​មែន មិន​ត្រូវ​មើលងាយ​ការ​ស្តាប់​ចម្រៀង​ឡើយ​។ ការ​ស្តាប់​ចម្រៀង ដើម្បី​បន្ធូរ​អារម្មណ៍​ដូចជា សម្លេង​ទឹក​ហូរ និង​ចម្រៀង​បែប​លន្លង់លន្លោច អាច​ជួយ​បន្ថយ​ស្ត្រេ​ស និង​ថប់​បារម្ភ​បាន​។ ដូច្នេះ ចូរ​រៀបចំ​ចម្រៀង​មួយ​តារាង​ដើម្បី​ស្តាប់ ក្នុង​ពេល​ធ្វើដំណើរ​ទៅ​ធ្វើការ និង​ហាត់ប្រាណ​ទៅ​។

គេង​គ្រប់គ្រាន់​
ការសិក្សា​បាន​រកឃើញថា អ្នកជំងឺ​ដែល​ស់​នៅ ជាមួយ​ជំងឺ​ថប់​បារម្ភ​ខុស​ធម្មតា តែង​ប្រឈម​នឹង​បញ្ហា​គេង​មិន​លក់​ច្រើន​។ ដូច្នេះ គួរតែ​ធ្វើ​យ៉ាងណា បង្កើត​ជា​ទម្លាប់​មួយ ដើម្បី​អ្នក​អាច​គេង​បាន​យ៉ាង​ហោច​ណាស់ ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​ជា​រៀងរាល់ថ្ងៃ​ទៅ​។

ញ៉ាំ​អាហារ​ផ្តល់​សុខភាព​
រឿង​នេះ​ពិត​ជា​សំខាន់​ណាស់ ចំពោះ​អ្នក​ដែល​រស់​នៅ​មាន​ជំងឺ​ផ្លូវចិត្ត​។ ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​ទាំងឡាយណា ដែល​ផ្តល់​សុខភាព​នឹង​ជួយ​បន្ថយ រោគសញ្ញា​ជំងឺ​ថប់​បារម្ភ​បាន​។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ចៀសវាង​អាហារ ដែល​មាន​ជាតិ​ស្ករ​ច្រើន និង​គ្រឿង​ស្រវឹង​ច្រើន​។​

លះបង់​ទម្លាប់​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​
ការ​ដែល​ញៀន​ជាតិ​កាហ្វេ​អ៊ី​ន នឹង​មិន​អាច​ជួយ​ដោះស្រាយ​ការ​ថប់​បារម្ភ​បានឡើយ​។ ផ្ទុយទៅវិញ ការ​ដែល​ពឹងផ្អែក​ទៅលើ​កាហ្វេ​ច្រើនពេក ដើម្បី​ដោះស្រាយ​ការងារ​ប្រចាំថ្ងៃ អាច​បណ្តាល​ឲ្យ​កើត​ជា​ជំងឺថ​ប់ថ​ប់​បារម្ភ និង​ស្ត្រេសបាន​ថែមទៀត​ផង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​កាហ្វេ​ទៅ បើសិនជា​ចង់​ដោះស្រាយ​ការ​ថប់​បារម្ភ​។​

ចំណាយ​ពេល​ច្រើន ជាមួយ​មិត្តភក្តិ​ក្នុង​ជីវិត​ពិត​ប្រា​ក​
រាល់ពេល​ដែល​អ្នក​ចំណាយ​ពេល អូស​ចុះឡើង​ក្នុង​កម្មវិធី Facebook, ឬ Instagram នោះ គឺមិ​មែន​ជា​រឿង​ល្អ ដែល​ត្រូវ​ធ្វើ​ច្រើន​នោះ​ទេ​។ ការសិក្សា​ជា​ច្រើន​បានឲ្យដឹងថា ជំងឺ​ថប់​បារម្ភ និង​បាក់​ទឹកចិត្ត​មាន​ទំនាក់ទំនង​គ្នា នឹង​កម្មវិធី​សង្គម​ទាំងនេះ​ណាស់​។ ការចំណាយ​ពេលវេលា នៅលើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​ជា​មួយ​មិត្តភក្តិ អាច​ធ្វើឲ្យ​កើត​បញ្ហាថ​ប់​បារម្ភ​កាន់តែ​ខ្លាំង​បាន​។ ផ្ទុយទៅវិញ អ្នក​គួរតែ Log out កម្មវិធី​ទាំងនេះ ហើយ​ចំណាយ​ពេលវេលា​ពិតប្រាកដ ក្នុង​ជីវិត​ខាងក្រៅ​ជជែក​គ្នា ជាមួយ​ពួកគេ​នៅ​ខាងក្រៅ​វិញ​ទៅ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។