មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​បរិបូរណ៍ បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​កើតមាន​យ៉ាង​អនាធិបតេយ្យ

​ប្រជា​នេសាទ​រស់នៅ​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល ក៏ដូចជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​បរិបូរណ៍ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយក៏​អាចមាន​ការបើក​ដៃ​ពី​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង​ផងដែរ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​បរិបូរណ៍​ជាបន្ទាន់ ព្រោះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹងថា មានរ​បាំងសាច់​អួន​ក្រឡា​ញឹក​៨​កន្លែង​វែងៗ​ត្រូវគេ​ដាក់​ភ្ជិត​ព្រែក​ចុង​តា​គង់ ដែលជា​តំបន់​អភិរក្ស​ពូជ​ត្រី​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ហើយ​មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។ ការដែល​ក្រុម​ជនល្មើស​ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​ភ្ជិត​ព្រែក​ចុង​តា​គង់​បែបនេះ មិនអាច​ឲ្យ​ត្រី​ចូលទៅ​ព្រែក​ចុង​តា​គង់ ដើម្បី​រក​កន្លែង​ពង​កូន​បានឡើយ ហេតុនេះហើយ​ទើប​ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ឲ្យ​បាន​ទាន់ពេលវេលា​។ ជាពិសេស​ត្រូវ​ចាត់វិធានការ​ទៅលើ​ក្រុម​ជនល្មើស​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​តទៅទៀត​។

តាម​ការអះអាង​របស់​ប្រជា​នេសាទ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថាបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុម​ជនល្មើស​មិនអាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​បានឡើយ ព្រោះ​ក្រុម​ជនល្មើស​គឺជា​មនុស្ស​ដដែលៗ​។ មានការ​រិះគន់​ចំៗ​ថា លោក កង ចាន់​ដា​រិ​ន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ស្រុក​បរិបូរណ៍ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ ហើយ​លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង គឺជា​អ្នក​រង់ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ហេតុនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

13620245_638147749670835_81087711198468630_n1លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល 08b4 08b3