អ្នក​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​វះ​កាត់​បាន​ទេ​?

តាម​ការ​ឲ្យ​ដឹង​ពី​​​គ្រូពេទ្យ​​ជំនាញ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​ អាច​​ជួប​ផល​លំបាក​​​​​ភ្លាម​​ៗ ឬ​ផល​លំបាក​​រ៉ាំ​រ៉ៃ​យូរ​ទៅ​ថ្ងៃ​ក្រោយ បើ​សិន​ពុំ​មាន​ការ​ការពារ​ខ្លួន ឬ​ការ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ។ មាន​សំណួរ​ជា​ច្រើន​ដែល​តែង​​​​ចោទ​សួរ​ទាក់​ទង​​​បញ្ហា​របស់​អ្នក​ជំងឺ ទន្ទឹម​នឹង​​នោះ មាន​សំណួរ​​មួយ​ដែល​​គេ​​និយម​សួរ​ថា តើ​អ្នក​កើត​ជំងឺ​នោះ អាច​​ទទួល​ការ​​វះ​កាត់​ដែរ​ឬ​ទេ ក្នុង​ករណី​ចាំ​បាច់?

 

អ្នក​​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​វះ​កាត់​បាន​ទេ​?

 

ទាក់​ទង​នឹង​សំណួរ​ចោទ​​ខាង​លើ​ ​លោក​វេជ្ជបណ្ឌិត ទូច​ ឃុន ជា​ប្រធាន​​​​មជ្ឈមណ្ឌល​​ជំងឺ​ទឹក​នោម​ផ្អែម នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ បាន​មាន​ប្រសាសន៍​​រៀប​រាប់​​ប្រាប់​ថា៖ “ជា​ទូ​ទៅ​បើ​សិន​ជា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​គាត់​មាន​បញ្ហា​​ដែល​ត្រូវ​​ទទួល​ការ​វះ​កាត់​ភ្លាម​ៗ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​វះ​កាត់​បាន បើ​សិន​ជា​​ត្រូវ​ការ​វះ​កាត់​ជា​ចំា​បាច់​។ ដោយ​នៅ​ពេល​មុន​​វះ​កាត់ ឬ​​​ក៏​នៅ​ពេល​វះ​កាត់ ឬ​ក៏​ក្រោយ​វះ​កាត់ គឺ​​ធ្វើ​យ៉ាង​ណា​សុំ​ឲ្យ​​​ទម្លាក់​កម្រិត​ជាតិ​ស្ករ​ហ្នឹង ឲ្យ​បាន​ចុះ​ឲ្យ​បាន​ដល់​គោល​ដៅ “។

 

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ប្រសិន​បើ​​​​អ្នក​ជំងឺ​​មាន​កម្មវិធី​វះ​កាត់​រៀប​ចំ​​​​​​​ទុក​ជា​មុន​ អ្នក​ជំងឺ​​មុន​​វះ​កាត់​ត្រូវ​​បញ្ឈប់​ឱសថ​គ្រាប់​​រយៈ​ពេល​​២៤​ទៅ​៤៨​ម៉ោង​មុន ហើយ​ជំនួស​ដោយ​ប្រភេទ​ថ្នាំ​ចាក់​​វិញ ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​ជាតិ​ស្ករ​ឲ្យ​បាន​ដល់​គោល​ដៅ។ អ្នក​ជំងឺ​​ទឹក​នោម​ផ្អែម​ក្រោយ​ការ​វះ​កាត់​ អាច​ជា​សះ​ស្បើយ​​ធម្មតា​វិញ​បាន។

 

ដោយ​ឡែក​​​នៅ​ពេល​សួរ​សំណួរ​ថា​ តើ​​មុខ​របួស​វះ​កាត់​​អ្នក​ជំងឺ​​អាច​ទៅ​ជា​​ក្លាយ​ ឬ​ឆ្លង​មេរោគ​ផ្សេង​ៗ​ឬ​ទេ? លោក​វេជ្ជបណ្ឌិត​តប​ថា៖ ” ជា​ទូទៅ​​បើ​ការ​ក្លាយ ឬ​​ក៏​ការ​​​ករ​រោគ​នោះ បើ​សិន​ជា​ការ​វះ​កាត់​ស្អាត​នោះ គឺ​មិន​អាច​ទេ ភាគ​ច្រើន បើ​សិន​ជា​ការ​ធ្វើ​ការ​វះ​កាត់​ហ្នឹង​មាន​លក្ខណៈ​ត្រឹម​ត្រូវ​ ស្អាត​ហើយ​និង​កម្រិត​ជាតិ​ស្ករ​ចុះ​ឲ្យ​បាន​ដល់​គោលដៅ”។

 

បច្ចុប្បន្ន​កម្ពុជា ​មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​​​ប្រហែល ១,២ លាន​នាក់។ អ្នក​ពុំ​​ដឹង​ថា​ខ្លួន​មាន​ជំងឺ​នេះ មាន​ប្រហែល ១,២ លាន​នាក់ និង ២លាន​នាក់​ផ្សេង​ទៀត អាច​ប្រឈម​មុខ​ជំងឺ​នេះ ក្នុង​ពេល​អនាគត។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី លោក​វេជ្ជបណ្ឌិត Nam Han Cho ​ជនជាតិ​កូរ៉េ​ខាងត្បូងសញ្ជាតិ​ខ្មែរ ដែល​បាន​ជាប់​ឆ្នោត​ជា​ ប្រធាន​សហព័ន្ធជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក កាល​ពី​ថ្មីៗ​នេះ៕

 

 

ចុចអាន៖  វេជ្ជបណ្ឌិត​សញ្ជាតិ​ខ្មែរ​ម្នាក់ ជាប់​ជា​ប្រធាន​​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​​ពិភពលោក

 

អត្ថបទ៖ មាន រតនា​​​​​​​​​​​​​