យល់ដឹង អត្ថប្រយោជន៍ពី ផ្សិតម្ជុល អាហារដើម្បីសុខភាព!

មិនថាផ្សិតម្ជុល ឬផ្សិតផ្សេងៗ គឺជារបស់ម្យ៉ាងដែលត្រូវបានគេពេញនិយមយ៉ាងខ្លាំង នៅក្នុងការចម្អិនអាហារ។ ផ្សិតជាគ្រឿងផ្សំសំណព្វចិត្តរបស់មនុស្សរាល់គ្នា ដោយសារតែវាមានរសជាតិបង្កើតភាពឆ្ងាញ់ពិសារនៅក្នុងខ្លួនរបស់វាផងដែរ។ ពិសេសគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត ផ្សិតម្ជុលគឺជាអាហារសុខភាពដែលមាន លាក់កំបាំងនូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះសុខភាពដូចជា៖

១. ជម្រុញប្រព័ន្ធបញ្ចេញចោល៖ ផ្សិតម្ជុលពោពេញទៅដោយជាតិសរសៃ ដែលរាងកាយត្រូវការ។ ជាតិសរសៃនេះនឹងទាញស្រូបយកសារធាតុចិញ្ចឹម ផ្តល់ឱ្យរាងកាយ ហើយរុញច្រាល កាកសំណល់អាក្រក់ និងជាតិពុលជាច្រើនទៀត ចេញតាមការបន្ទោរបង់។  ជាតិសរសៃដែលមាននៅក្នុងផ្សិតម្ជុល មានច្រើនរហូតដល់ទៅ ២ដង នៃបរិមាណជាតិសរសៃ ១00ក្រាមនៅក្នុងស្ពៃក្តោប។ ផ្សិតនេះគឺខុសពីផ្សិតផ្សេងទៀត ព្រោះវាអាចរំញោចពោះវៀនធំ ឱ្យធ្វើការបានល្អ ដោយជួយទាញកាកសំណល់រលួយ និងជាតិខ្លាញ់លើស ឱ្យចេញមកជាមួយលាមក។

២. ជួយចរន្តឈាមរត់ឱ្យមានភាពប្រសើរឡើង៖ សម្រាប់រាងកាយទាំងមូលចរន្ត ឈាមនឹងមានដំណើរការល្អ កាត់បន្ថយឈាមអាក្រក់ ជួយឱ្យឈាមថ្លាស្អាតបាន។ តាមការស្រាវជ្រាវបានបង្ហាញថា ការទទួលទានផ្សិតនេះ ១00ក្រាមក្នុងមួយថ្ងៃ សម្រាប់សប្តាហ៍ដំបូង អាចធ្វើឱ្យលំហូរឈាមមានដំណើរការជាងមុន កាត់បន្ថយកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។ 

៣. រក្សាសម្ពាធឈាម៖ អ្នកដែលមានសម្ពាធឈាមខ្ពស់ ដោយសារហ្សែនពីកំណើត ឬ រស់នៅជាមួយភាពស្ត្រេសខ្លាំងពេក ការផឹកស្រា ជក់បារី និងការញ៉ាំអាហារដែល មានរសជាតិហិរខ្លាំង និងគ្មានពេលវេលាសម្រាកកាយគ្រប់គ្រាន់។ ទាំងនេះគឺជាកត្តា ដែលបង្កឱ្យមានជំងឺសម្ពាធឈាមខ្ពស់។ ប្រសិនបើទុកយូរ អាចនឹងកើតទៅជាជម្ងឺ ដាច់សរសៃឈាមបេះដូង។ ក្នុងផ្សិតម្ជុលលក្ខណៈសម្បត្តិជាឱសថ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងជំងឺសម្ពាធឈាមខ្ពស់នេះដែរ ព្រោះវាផ្ទុកប៉ូតាស្យូម ជួយបំបាត់ អំបិលលើស បន្ថែមជាតិទឹកជាដើម។

៤. ការកាត់បន្ថយជាតិស្ករក្នុងឈាមពីជំងឺទឹកនោមផ្អែម៖ តាមការស្រាវជ្រាវបញ្ជាក់ ថាវាកាត់បន្ថយការបញ្ចេញជាតិស្ករពីក្នុងថ្លើម ទប់ទល់ការកើនឡើងអាំងស៊ុយលីន ក្នុងលំពែង ខណៈពេលដែលបានធ្វើការពិសោធន៍លើមនុស្ស ដោយការបរិភោគផ្សិត ១៥0ក្រាមក្នុង១ថ្ងៃ សម្រាប់រយៈពេលមួយខែ។ លទ្ធផលបានបង្ហាញថា ជាតិស្ករនៃ អ្នកជំងឺទឹកនោមផ្អែមបានធ្លាក់ចុះ។

៥. បង្កើនភាពស៊ាំ៖ ជួយឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ប្រយុទ្ធប្រឆាំងនឹងអាឡែកស៊ី  ឬការកើតរោគសញ្ញានៃជំងឺផ្សេងៗ គ្រប់គ្រងកោសិកាភាពស៊ាំ ឱ្យមានមុខងារធម្មតា ហើយរារាំងកោសិកាបញ្ចេញសារធាតុអាក្រក់ បន្ថយប្រតិកម្មប្រឆាំងនានា។

៦. ធ្វើឱ្យស្បែកស្អាត៖ សមាសភាគដែលគេហៅថា trehalose ពីធម្មជាតិនៅក្នុង ផ្សិតម្ជុលបានទៅចិញ្ចឹមស្បែកយ៉ាងមានប្រសិទ្ធភាព រក្សាជាតិទឹកឱ្យស្បែក ដោះស្រាយមូលហេតុនៃការកើតមុន ស្នាមជាំ និងរង្វង់ខ្មៅ។

ដូច្នេះផ្សិតម្ជុលមានលក្ខណៈសម្បត្តិជាឱសថ ដ៏ល្អសម្រាប់សុខភាព ប៉ុន្តែគួរបរិភោគក្រុមអាហារទាំង៥ប្រភេទផង ដើម្បីលើកកម្ពស់សុខភាពរាងកាយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យល់ដឹង អត្ថប្រយោជន៍ពី ផ្សិតម្ជុល អាហារដើម្បីសុខភាព!