បញ្ជីខ្មៅ​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ទាក់ទិន​មនុស្ស​សំខាន់​160​នាក់

ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​របស់​ប្រធានាធិបតី​ថ្មី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE ឈាន​ចូល​ដល់​របត់​ថ្មី​មួយ ។ បន្ទាប់​ពី​ចេញ​ការ​អំពាវនាវ​ឱ្យ​សម្លាប់​ពួក​អ្នក​ចែកចាយ​គ្រឿងញៀន​កាលពី​ដំណាច់ខែ​មិថុនា មក ប្រធានាធិបតី​រូប​នេះ​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៧ សីហា ពី​ឈ្មោះ​របស់​មនុស្ស​សំខាន់​ដល់​ទៅ​១៦០​នាក់ ដែល​លោក​ថា ចូល​ឡូ​កឡំ​ក្នុង​ការ​រត់ពន្ធ​គ្រឿងញៀន ។

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE បាន​ជំរុញ​ថែម​ទៀត​ការ​តស៊ូ​ប្រឆាំង​គ្រឿងញៀន ។ ក្នុង​សុន្ទរកថា​មួយ​កាលពី ថ្ងៃ​ទី​៧ សីហា កន្លង​មកនេះ លោក​បង្ហាញ​បញ្ជី​ឈ្មោះ​មនុស្ស​១៦០​នាក់ ដែល​លោក​ថា ចូលរួម​ក្នុង​ការ​រត់ពន្ធ​គ្រឿងញៀន ។ ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​មាន​បណ្តា​ចៅក្រម បណ្តា​សមាជិក​សភា ដែល​កំពុង​កាន់​តំណែង​ឬ​អត់ បណ្តា​អភិបាលក្រុង ព្រមទាំង​បណ្តា​អ្នកតំណាង​រាស្ត្រ​មូលដ្ឋាន ហើយ​ក៏​មាន​ពួក​យោធា និង​ប៉ូលិស​ផង​ដែរ ក្នុង​នោះ​មួយ​ចំនួន​ចូល​និវត្តន៍ ។ ប្រធានាធិបតី​ដែល​មិនសូវ​ប្រើ​ធម៌​ត្រជាក់​បាន​ទាមទារ​ភ្លាម​ៗ​ឱ្យ​ផ្អាក​សិទ្ធិ​កាន់​កាំភ្លើង​របស់​ពួក​គេ រួច​ដក​អង្គរក្ស​ពួក​គេ​ចេញ​ឱ្យ​អស់ ហើយ​ទទូច​ឱ្យ​ពួក​គេ​ចូល​ប្រគល់​ខ្លួន ។ លោក​បញ្ជាក់​ថា បើ​ពួក​អ្នក​បង្ហាញ​សញ្ញា​ចង់​តតាំង​ណាមួយ ខ្ញុំ​នឹង​ឱ្យ​ប៉ូលិស​សម្លាប់​ពួក​អ្នក​ភ្លាម ។

ការ​គំរាមកំហែង​ទាំងនេះ​របស់​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ពុំ​មែន​ធ្វើ​លើ​ខ្យល់​ទេ ។ ចាប់តាំងពី​ឡើង​កាន់​អំណាច​របស់​លោក DUTERTE មក​មនុស្ស​ជាង​៨០០​នាក់ សង្ស័យ​ស្ថិត​ក្នុង​បណ្តាញ​រត់ពន្ធ​គ្រឿងញៀន​បាន​ត្រូវ​សម្លាប់​ដោយ​ប៉ូលិស ឬ​ដោយ​ពលរដ្ឋ​សាមញ្ញ ដែល​ទទួល​ការ​លើកទឹកចិត្ត​តាម​រយៈ​វោហា​សាស្ត្រ​របស់​បុរស​ខ្លាំង​ថ្មី​ក្រុង​ម៉ានីល ។ ប្រធានាធិបតី​រូប​នេះ​លើកទឹកចិត្ត​ឱ្យ​ប្រើ​ធម៌​ក្តៅ​យ៉ាង​សាហាវ​នេះ ដោយ​គ្មាន​ការ​លាក់លៀម​ឡើយ ។

ក្រោយ​ការ​ប្រកាស​ពី​បញ្ជី​ឈ្មោះ​នេះ អ្នក​ទាក់ទិន​មួយ​ចំនួន​ប្រកាស​ពី​ភាព​ស្លូតត្រង់​របស់​ពួក​គេ តែ​ប៉ូលិស និង​មេដឹកនាំ​ក្រុង​ប្រមាណ​ជា​៦០​នាក់ ហើយ​បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់តាំងពី​ថ្ងៃ​ទី​៨ សីហា មក ៕