មី​ស៊ី​ល​បណ្តែត​អាកាស​-​ដី​អាច​បាញ់​ដល់​ក្រុង​ព្យុ​ង​យ៉ាង​នឹង​ដាក់​ពង្រាយ

យោង​តាម YONHAP ថា មី​ស៊ី​ល​បណ្តែត​អាកាស​-​ដី​របស់​អា​ល្លឺ​ម៉​ង់​ធុន TAURUS នឹង​ត្រូវ​ដាក់​ពង្រាយ​នា​បណ្តា​ខែ​ខាង​មុខ​ក្នុង​ផ្ទៃ​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង ។

មី​ស៊ី​ល​ធុន​នេះ​បាញ់​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ​អាច​ធ្វើការ​វាយប្រហារ​កណ្តាល​ក្រុង​ព្យុ​ង​យ៉ាង​ពី​យន្តហោះ​ប្រដេញ​មួយ​គ្រឿង​ដែល​ហោះ​ឆ្ងាយ​ពី​គោលដៅ ។ យោង​តាម​អាជ្ញាធរ​យោធា​កូរ៉េ​ខាងត្បូង​ថា មី​ស៊ី​ល​បណ្តែត​ធុន TAURUS ជា​ច្រើន​សិប​គ្រាប់​នឹង​បញ្ជូន​មក​ពី​អា​ល្លឺ​ម៉​ង់​រយៈពេល​២​ឬ​៣​ខែ​ខាង​មុខ ខណៈ​ដែល​មី​ស៊ី​ល​ធុន​នេះ​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​រួច​ហើយ ។ ដូច្នេះ​មី​ស៊ី​ល​ធុន​នេះ​អាច​ត្រូវ​ប្រើ​ក្នុង​ប្រតិបត្តិការ​នានា​រហូត​ដល់​ក្នុង​ករណី​មានការ​បង្កហេតុ​របស់​កូរ៉េ​ខាងជើង​ផង ។

មន្ត្រី​ម្នាក់​នៃ​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​និយាយ​ថា ប្រសិនបើ​មី​ស៊ី​ល TAURUS បញ្ចូល​ឱ្យ​ប្រើ មី​ស៊ី​ល​នេះ​នឹង​អាច​វាយប្រហារ​បាន​ត្រង់​លើ​ដែនដី​កូរ៉េ​ខាងជើង​ទាំងមូល ។ យន្តហោះ​ប្រដេញ​ធុន F-15K ប្រដាប់​ដោយ​មី​ស៊ី​ល​នោះ​នឹង​អាច​វាយប្រហារ​មូលដ្ឋាន​មី​ស៊ី​ល MUSUDAN ក្នុង​តំបន់ HWADAE ខេត្ត HAMGYONG ខាងជើង​ចន្លោះ​ពេល​ត្រឹមតែ​១៥​នាទី ។ អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​មី​ស៊ី​ល​អា​ល្លឺ​ម៉​ង់​និយាយ​ថា មី​ស៊ី​ល​បណ្តែត TAURUS អាច​បំបាំង​ខ្លួន ហើយ​វា​អាច​វាយប្រហារ​ក្រុង​ព្យុ​ង​យ៉ាង​ពី​ដែនអាកាស​តំបន់ DAEJEON របស់​កូរ៉េ​ខាងត្បូង ឬ​ពី​សមុទ្រ​ខាងកើត ឬ​ពី​សមុទ្រ​លឿង ។ មី​ស៊ី​ល TAURUS មាន​ប្រវែង​៥,១​ម៉ែត្រ​អាច​បាញ់​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ ហើយ​មាន​ទម្ងន់​សរុប​១,៤០០​តោន ។ វា​អាច​ហោះហើរ​ក្នុង​កម្ពស់​យ៉ាង​ទាប​ត្រឹម​៤០​ម៉ែត្រ ៕