ឈើ​កាប់​ចេញពី​តំបន់​ឧទ្យាន​ក្នុងភូមិ​សាស្ត្រ ខេត្តកោះកុង​, ពោធិ៍សាត់​, កំពង់ស្ពឺ និង​កំពង់ឆ្នាំង ដឹកជញ្ជូន​កាត់​ប៉ុស្តិ៍​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​គ្រប់កន្លែង​ចេញ​មុន​ចេញទៅ​ទៅ​វៀតណាម ច្រក​ទន់​ហន់ និង​ច្រក​ភ្នំ​ដិ​ន

​ភ្នំពេញ​៖ បន្ទាប់ពី​ចុះ​អង្កេត អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​ពិនិត្យ​តាំងពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ បាន​រកឃើញថា តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ មាន​សកម្មភាព​កាប់បំផ្លាញ ព្រៃឈើ ដឹកជញ្ជូន​ទៅ​លក់​នៅ ប្រទេស វៀតណាម តាម​ច្រកព្រំដែន​ខេត្តតាកែវ និង​ខេត្តកំពត​កំពុង​ផ្ទុះឡើង​ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​។ នៅ​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ​២០១៦ អង្គការ​មួយ​នេះ បាន​ផ្ញើ​របាយការណ៍​មួយច្បាប់​ដាក់ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អភិរក្ស ស្ថិតនៅ​ជួរ​ភ្នំក្រវាញ ក្នុងភូមិ​សាស្ត្រ ខេត្តកោះកុង​, ពោធិ៍សាត់​, កំពង់ស្ពឺ និង​កំពង់ឆ្នាំង នោះ​។

នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​តំបន់ភ្នំ​ឱ​រ៉ា​ល់ ចំណុច​ស្រែ​កិន​១ ដែលជា​កន្លែង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បរិស្ថាន​ដាក់ ប៉ុស្តិ៍​ប្រចាំការ ដែលមាន​ឈ្មោះ កង ញឹ​ប ជា​ប្រធាន​ក្រុម​ល្បាត ក្រុម​អង្គការ​ខាងលើនេះ​បាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​បង្ក្រាប​ឈើ​បាន​១៤​ម៉ែត្រគូប ។ លុះ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ ក្រុម​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​ចុះទៅ​ភូមិ​ដំបង​វិញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ រកឃើញ​ឈើ​ប្រណីត​១៤៥​ដុំ ស្មើនឹង​៣០​ម៉ែត្រគូប ដែល​ឈ្មួញ​លាក់ទុក​នៅក្បែរ​ស្នាក់ការ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ។ ដែល​ករណីនេះ​បង្ក​ការភ្ញាក់ផ្អើល និង​ម​ន្ទឹ​ល​សង្ស័យ​ដែល​ហេតុដូចម្តេច​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នៅក្បែរ​សំ​យ៉ាប​ប៉ុស្តិ៍​សមត្ថកិច្ច​។​

នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ អង្គការ​បាន​សហការ​ជាមួយ​ស្ថាប័ន​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​រដ្ឋបាល​ព្រៃឈើ​ចុះ​ចាប់​ឈើ​ប្រណីត​២៥​ម៉ែត្រគូប នៅ​ភូមិ​ព្រៃ​មាន ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​ឈើ​ដែល​គេ​ដឹក​ចេញពី​ខេត្តពោធិ៍សាត់ តាម​ចំណុច​អូរ​ត្រាវ ដែលមាន​ប៉ុស្តិ៍​មន្ត្រី​ឱ​ទ្យា​នុ​រក្ស​បរិស្ថាន​ក្រុម​លោក ឃុំ ឡេង នៅ​ទីនោះ ។ នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ ក៏មាន​ប៉ុស្តិ៍​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​របស់​ឈ្មោះ​នួន ចក់ ជា​ប្រធាន​ក្រុម​ល្បាត ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ជោ ។ ចំណែក​នៅ​ឃុំ​តា​សាល មាន​ទីតាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដាក់​ប៉ុស្តិ៍​ចំនួន​៤​កន្លែង ទី​១​នៅ​ភូមិ សំរោង ទី​២​នៅ​ចំណុច​តេ​ទឹក​ពុះ ទី​៣​នៅ​ចំណុច​ខ្សា​ល់ និង​ទី​៤​នៅ​ចំណុច​ភូមិ​តាំង​ពុង ដែល​ទាំង​៤​ចំណុច​នេះ គ្រប់គ្រង​ដោយ​ឈ្មោះ ខន សុខុន និង​ហី ចាន់ ។ រីឯ​នាយក​ដែន​ជម្រក​គ្រប់គ្រង​ដោយ​លោក យ៉ង ភារ​ម្យ ។

ឈើ​ដែល​ក្រុម​ឈ្មួញ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ខេត្តតាកែវ និង​ខេត្តកំពត គឺជា​ឈើ​ដែល​កាប់​មកពី​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ក្នុង​ខេត្តពោធិ៍សាត់ និង​មួយចំណែក​ទៀត​មកពី​ស្រុកស្រែ​អំបិល ស្រុក​ថ្មបាំង ខេត្តកោះកុង ។ រីឯ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែលមាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏ដូចជា​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​តំបន់​ឧទ្យាន​ជាតិ​គិរី​រម្យ ក៏មាន​ការកាប់​ឈើ​យ៉ាង​រង្គាល​ដែរ ដោយ​ឈ្មួញ​ដឹក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៤, លេខ​៥២, ផ្លូវជាតិ​លេខ​៤ ឆ្ពោះទៅ​ផ្លូវ​លេខ​៣១៧ សម្តៅទៅ​ច្រក​ទន់​ហន់ ខេត្តកំពត និង​ច្រក​ភ្នំ​ដិ​ន ខេត្តតាកែវ ដោយ​ឆ្លងកាត់​សមត្ថកិច្ច​ច្រើន​ប៉ុស្តិ៍​ណាស់​មុននឹង​ឆ្លង​ចូល​ទឹកដី​វៀតណាម​។ ជាក់ស្តែង​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​ប្រណីត​ដែលមាន​ម្ចាស់​ឈ្មោះ ជឿ​ង ថេ​ង មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​ទី​២ ភូមិភាគ​ទី​៣ បាន​ដឹកឈើ​បណ្តាល​ឲ្យ​បាក់​ស្ពាន​បា​ឡេ​មួយ​នៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន​កោះស្លា ស្រុក​ឈូក ខេត្តកំពត ។​

​បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​៨​មុំ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​បញ្ជា​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បរិស្ថាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ទប់ស្កាត់​បទល្មើស​ក៏ដោយ ក៏​មន្ត្រី​បរិស្ថាន​មិន​ព្រម​សហការ​បង្ក្រាប​នោះដែរ ។ បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ នៅតែ​បន្ត​រង​ការ​យារ​យី​នៅ​តំបន់ភ្នំ​ដោះ​ក្រមុំ​, នៅ​ចម្លង​សៀម​, ឆែ​រៀប​, ភ្នំ​ខ្នង​សា​, ភ្នំ​ខ្នង​ក្រពើ​, ភ្នំ​ខ្នង​ស្រល ជាប់​ព្រំប្រទល់​ខេត្តកោះកុង និង​កំពង់ស្ពឺ ជាពិសេស​នៅ​ចំណុច​ច្រោះ​ច្រ​ងាំ​ជ្រុ​, ភ្នំ​ម៉ាង​ក្រ​លៀង​, អូរ​ល្ហុង​, អូរ​ទឹក​ក្រហម ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​មួយផ្នែក​ទៀត​នៅក្នុង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​បច្ចុប្បន្ននេះ ក្នុង​តំបន់​ការពារ នៅតែមាន​ម៉ាស៊ីន​ត្រង់​សី​ណ័​រ ម៉ា​ស៊ី​រ៉ៃ គោយន្ត រទេះគោ ក្របី​ចូលទៅ​ធ្វើ​សកម្មភាព​ក្នុង​តំបន់​អភិរក្ស​ដោយ​ពុំមាន​ការថយចុះ​នោះទេ បើទោះបីជា​រាជរដ្ឋាភិបាល​ប្រកាស​បិទ​ការនាំ​ឈើ​ចេញទៅ​ក្រៅប្រទេស​ក៏ដោយ ។ នៅ​តំបន់​នីមួយៗ រួមមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​, មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត តែ​ហាក់ដូចជា​ពុំមាន​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​អភិរក្ស នៅតែ​រង​ការកាប់បំផ្លាញ​ជា​បន្តបន្ទាប់​ហើយ​ឈ្មួញ​ដឹកជញ្ជូន​មិនអាច​រំលង​ក្នុង​ខ្សែ​ភ្នែក សមត្ថកិច្ច​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​បានឡើយ​។ ប៉ុន្តែ​សួរថា​បទល្មើស​កាប់​និង​បទល្មើស​ដឹកជញ្ជូន​តាម​អំពើ​ចិត្ត​ឆ្ពោះទៅ​ប្រទេស​វៀតណាម​បាន​ដោយសារ​អ្វី​?៕

KA-09-08-2016-11 KA-09-08-2016-12 KA-09-08-2016-14