ញាក់សាច់ ! កំពុង​បើក​ក្នុង​ក្បួន យោធា​ម្នាក់​បើករថយន្ត​បុក​ពីក្រោយ

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​របស់​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពីក្រោយ​ខណៈ​កំពុង​បើក​ក្នុង​ក្បួន​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​បន្ថយល្បឿន​បម្រុង​ឈប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រ​ម៉ា​ណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦  ខណៈ​រថយន្ត ឯកឧត្តម​អភិបាលខេត្ត ស្ថិត​ក្នុង​ក្បួន​របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​ចំណុច​វិទ្យាល័យ​បរិបូរណ៍​ខាងត្បូង ស្ថិត​ក្នុងភូមិ​ផ្នៀ​ត ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​ឡិច​ស៊ី​៥៧០ របស់​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ដំណើរ​ក្នុង​ក្បួន​ប្រមុខ​រាជរដ្ឋាភិបាល លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​បង្អង់​ល្បឿន​បំណង​ឈប់ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​កាម​រី ប្រចៀវ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-2532 បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ងួ​ន សំណាង មាន​ឋានន្តរស័ក្តិ ពលបាលឯក បាន​បើក​មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​បណ្តាល​ឲ្យ​កំ​ពិត និង​បែក​ពីក្រោយ ចំណែក​រថយន្ត​បង្ក​បាន​កំ​ពិត និង​បែក​ពី​ខាង​មុខ​ដែរ តែ​ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី ចំណែក​រថយន្ត​របស់​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត បាន​បន្តដំណើរ​ទៅ​ខេត្តពោធិ៍សាត់ ជា​បន្ត​ទៀត​ជា​បណ្តោះអាសន្ន​សិន ព្រោះ​កំពុង​ជាប់​ភារកិច្ច​ក្នុង​ក្បួន​របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល ៕