ឈុត​«ស្ទាប​ភ្លៅ»​ក្នុង​កម្មវិធី​ទូរទស្សន៍ BBC ពី​ក្រុង Rio

ជាឈុតឆាក«ស្ទាបភ្លៅ» ផ្សាយបន្តផ្ទាល់ យ៉ាងពិសេស ក្នុងកម្មវិធីកីឡា ពីទីក្រុង រីយ៉ូ (Rio ប្រទេសប្រេស៊ីល) របស់​ទូរទស្សន៍​អង់គ្លេស «BBC»។ ឈុតឆាកនោះ គឺកីឡាការិនីនាង រីប៊េកា អាដលីនថុន (Rebecca Adlington) បាន​លូក​ទៅ​ស្ទាប​ភ្លៅ របស់ពិធីករ ម៉ាក ហ្វូស្ទ័រ (Mark Foster) នៅខាងក្រោមតុ របស់កម្មវិធី។ សកម្មភាព​នេះ មិន​បាន​ជៀស​ផុត ពី​ការ​ស្វាគមន៍​យ៉ាង​អឺងកង ពី​សំណាក់អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ឡើយ។
ឈុត​«ស្ទាប​ភ្លៅ»​ក្នុង​កម្មវិធី​ទូរទស្សន៍ BBC ពី​ក្រុង Rio

លោក ម៉ាក ហ្វូស្ទ័រ និងនាង រីប៊េកា អាដលីនថុន៖ រូបខាងឆ្វេង បង្ហាញពីការលូកស្ទាបភ្លៅ ខណៈរូបខាងស្ដាំ បង្ហាញពីភាព​ស្និតស្នាល​ប្លែក។ (រូបថតលើទ្វីសធើរ)

បើសីតុណ្ហភាព នៅក្នុងប្រទេសប្រេស៊ីល ជាពិសេសក្នុងទីក្រុង រីយ៉ូ (Rio) ដែលកំពុងទទួលធ្វើកីឡា​អូឡាំពិក ក្នុង​ឆ្នាំ​នេះ មានសភាពក្ដៅខ្លាំងនោះ តែសីតុណ្ហភាព នៅក្នុងស្ទូឌីយូកម្មវិធី ដែលផ្សាយផ្ទាល់ ពីកម្មវិធីកីឡា​អូឡាំពិត នៅ​ក្នុងកញ្ចក់ទូរទស្សន៍អង់គ្លេស «BBC» កាន់តែក្ដៅជាងសីតុណ្ហភាពនោះទៅទៀត។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលកម្មវិធីនេះ កំពុងផ្សាយផ្ទាល់ ពីទីក្រុងរីយ៉ូ ជា​មួយ​នឹង​ពិធីការិនី នាង ហេឡេន ស្កេតថុន (Helen Skelton) ដែលស្លៀកពាក់ខ្លី ជាមួយនឹងពិធីករម្នាក់ទៀត គឺ​លោក ម៉ាក ហ្វូស្ទ័រ (Mark Foster)។ ខណៈនោះ ទស្សនិកជនបានតាមដានឃើញដោយផ្ទាល់ នូវសកម្មភាព​របស់កីឡាការិនីខាងហែលទឹក អាយុ២៧ឆ្នាំ នាង រីប៊េកា អាដលីនថុន (Rebecca Adlington) ដែល​បាន​យក​ដៃ​របស់​នាង ទៅស្ទាបភ្លៅរបស់ពិធីករ ម៉ាក ហ្វូស្ទ័រ អាយុ៤៦ឆ្នាំ ជាច្រើនវិនាទី (មើលក្នុងវីដេអូខាងក្រោម)។

នាង រីប៊េកា អាដលីនថុន ជាកីឡាករដែលធ្លាប់ទទួលបានមេដាយ នៅក្នុងការប្រកួតកីឡាអូឡាំពិក នា​រាជធានី​ឡុងដ៍ (អង់គ្លេស) ក្នុងឆ្នាំ ២០១២ និងនារដ្ឋធានី ប៉េកាំង (ចិន) ក្នុងឆ្នាំ២០០៨។ ចំណែកឯលោក ម៉ាក ហ្វូស្ត័រ វិញ ក៏​ធ្លាប់​ជា​កីឡាករ​ហែលទឹកដែរ ហើយបានឈប់ពីកីឡានេះ នៅឆ្នាំ២០០៨។

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានឃើញហេតុការណ៍នេះ ហើយយកមកចុះផ្សាយ ព្រោងព្រាត នៅ​តាម​គណនីរបស់ពួកគេ។ ពួកគេខ្លះចោទជាសំនួរឡើងថា តើនេះសញ្ញាថ្មី នៃពន្លកស្នេហ៍រវាងអ្នកទាំងពីរឬ? ព្រោះ​កាលពីខែមិនាកន្លងទៅ នាង រីប៊េកា អាដលីនថុន បានប្រកាសថា​នាងបានលែងលះ ពីស្វាមី​វ័យ​ក្មេង​របស់​នាង​ហើយ។ ប៉ុន្តែផ្ទុយទៅវិញ មិនមាននរណាម្នាក់ ដឹងពីជីវិតឯកជន របស់ពិធីករទូរទស្សន៍ លោក ម៉ាក ហ្វូស្ទ័រ នោះ​ឡើយ៕

ឈុត​«ស្ទាប​ភ្លៅ»​ក្នុង​កម្មវិធី​ទូរទស្សន៍ BBC ពី​ក្រុង Rio