Zidane ​ថា​ប៉ះ​ Sevilla ​យប់​នេះ​ ​ទោះ​​​គ្មាន​ BBC ក៏​​អត់​​​បញ្ហា

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid ​​បាន​លើក​ឡើង​ថា ទោះ​ក្រុម​លោក​អវត្តមាន​ Super Star ទាំង​៣​នាក់​ Cristiano Ronaldo, Gareth Bale និង​ Karim Benzema ​ក៏​​លោក​មិន​បារម្ភ​នោះ​ដែរ ​និង​បន្ថែម​ថា​ ក្រុម​ស្ដេច​ស​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ សម្រាប់​ការ​ប្រកួត​ UEFA Super Cup ទល់​នឹង​ Sevilla នៅ​ទីក្រុង​ Trondheim ប្រទេស​ន័រវែស ​វេលា​ម៉ោង​ ០១:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

Zidane ​ថា​ប៉ះ​ Sevilla ​យប់​នេះ​ ​ទោះ​​​គ្មាន​ BBC ក៏​​អត់​​​បញ្ហា

Zinedine Zidane ​អ្នកចាត់ការ​ក្រុម​ Real Madrid

 

Real នឹង​អវត្តមាន​តារា​ឆ្នើមៗ​​ Bale, Toni Kroos, Pepe និង​ Ronaldo ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​យប់​នេះ​ ​ដោយ​សារ​ពួកគេ​ទើប​ត្រឡប់​ពី​ការ​សម្រាក​ក្រោយ​ចប់​ Euro 2016 ហើយ​ CR7 ​ក៏​នៅ​មាន​បញ្ហា​របួស​ជង្គង់។ រីឯ​​ខ្សែ​ប្រយុទ្ធ​ Benzema ​ដែល​ទើប​តែ​​ជា​ពី​របួស​ខ្នង​ និង​ត្រគាក​ ក៏​​​អាច​នឹង​អវត្តមាន​ទៀត​ ដោយសារ​អ្នកចាត់ការ​ Zidane​ ​មិន​ទាន់​​ហ៊ាន​ប្រថុយ​ដាក់​ឲ្យ​លេង។

 

Zidane ​ថា​ប៉ះ​ Sevilla ​យប់​នេះ​ ​ទោះ​​​គ្មាន​ BBC ក៏​​អត់​​​បញ្ហា

Benzema (ឆ្វេង), Ronaldo និង​ Bale ឈ្នះ​ពាន​ UEFA Champions League រដូវ​កាល​មុន

 

អ្នកចាត់ការ​សញ្ជាតិ​បារាំង​ បាន​និយាយ​មុន​ការ​ប្រកួត​យប់​នេះ​ថា៖ “អវត្តមាន​ BBC ​មិន​មាន​ការ​រំខាន​សម្រាប់​ខ្ញុំ​ទេ។ ខ្ញុំ​មិន​ប្រថុយ​ដាក់​ Benzema ឲ្យ​លេង​ឡើយ។ ប៉ុន្តែ​ខ្ញុំ​រីករាយ ដែល​គាត់​អាច​នៅ​ទីនេះ​ជាមួយ​ពួក​យើង​ ដោយ​គ្មាន​បញ្ហា​អ្វី។ ខ្ញុំ​រំភើប​ណាស់ សម្រាប់​ការ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​នេះ…​យើង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ”។

 

Sevilla ​ដែល​បំបាក់​ Liverpool ៣-១ លើក​ពាន​ UEFA Europa League រដូវ​កាល​មុន​ ​ធ្លាប់​ចាញ់​ Barcelona ៥-៤ ក្នុង​ពាន​ UEFA Super Cup នេះ​កាល​ឆ្នាំ​មុន​​ ​ហើយ​ក៏​ធ្លាប់​ចាញ់​ Real ២-០ (Ronaldo ស៊ុត​ទាំង​២​គ្រាប់) ​កាល​ឆ្នាំ​២០១៤ ​ផង​ដែរ ខណៈ​ដែល​ឆ្នាំ​២០១៦​នេះ​ ​ជា​ការ​ប្រកួត​លើក​ទី​៣ រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​របស់​ពួកគេ។

 

ចំណែក​ឯ​ Zidane ​នឹង​ក្លាយ​ជា​បុរស​ទី​៥ ដែល​ឈ្នះ​ UEFA Super Cup ​ទាំង​ក្នុង​នាម​ជា​កីឡាករ​ និង​គ្រូ​បង្វឹក​​ដូច​​អ្នកចាត់ការ​ Carlo Ancelotti, Diego Simeone, Pep Guardiola និង​ Luis Enrique ​ដែរ បើ​អាច​ជួយ​ឲ្យ​ Real Madrid លើក​ពាន​យប់​នេះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Marca | BBC