សាលា​ឧទ្ធរណ៍​ច្រាល​ចោល​បណ្ដឹង​មេធាវី​របស់​លោក នី ចរិយា ទាក់ទង​នីតិវិធី​របស់ ACU

សភា​ស៊ើបសួរ​នៃ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៨ សីហា ច្រាន​ចោល​ពាក្យ​បណ្ដឹង​របស់​មេធាវី​របស់​លោក នី ចរិយា។ ពាក្យ​បណ្ដឹង​នោះ គឺ​ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិនិត្យ​សើរើ​នីតិវិធី​សួរ​ចម្លើយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លើ​លោក នី ចរិយា។

ស្រប​គ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ជាង ៥០​អង្គការ នៅ​ថ្ងៃ​ទី​៨ សីហា នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) មួយ​រូប​ដោយ​គ្មាន​លក្ខខណ្ឌ។

លោក សំ សុគង់ មេធាវី​របស់​លោក នី ចរិយា ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បដិសេធ​ពាក្យ​បណ្ដឹង​របស់​លោក គឺ​ខុស​ពី​នីតិវិធី​តុលាការ ហើយ​មិន​អាច​ទទួល​យក​បាន​ទេ។ មេធាវី សំ សុគង់ បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សួរ​ចម្លើយ​កូន​ក្ដី​លោក​លើស​ម៉ោង​រដ្ឋបាល ហើយ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត ដែល​ធ្វើ​ឲ្យ​កូន​ក្ដី​លោក​មិន​មាន​លទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​នឹង​ការ​សាកសួរ៖ «ការ​ធ្វើ​នីតិវិធី​របស់​នគរបាល​យុត្តិធម៌ គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៣៨ ទាក់ទង​នឹង​ការ​សួរ​យក​ចម្លើយ​គាត់​ច្រើន​ដង​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​សួរ​ក្នុង​ម៉ោង​រដ្ឋបាល​ផង ក្រៅ​ម៉ោង​រដ្ឋបាល​ផង សួរ​ពេល​យប់​ទៀត»

មេធាវី សំ សុគង់ អះអាង​ថា បណ្ដឹង​មោឃភាព​នេះ​មិន​មែន​ជា​បណ្ដឹង​បដិសេធ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ តែ​ជា​ការ​សើរើ​លើ​នីតិវិធី​មិន​ស្រប​ច្បាប់​ក្នុង​ការ​សួរ​ចម្លើយ​កូន​ក្ដី​លោក ដែល​នាំ​ឲ្យ​លោក នី ចរិយា ត្រូវ​បាន​គេ​នាំ​មក​កាត់​ក្ដី​នៅ​តុលាការ។

លោក សំ សុគង់ នឹង​ដាក់​បណ្ដឹង​សារទុក្ខ​លើ​ការ​ច្រាន​ចោល​របស់​សាលា​ឧទ្ធរណ៍។ បណ្ដឹង​មោឃភាព​ដូច​គ្នា​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​ដូច​គ្នា​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៤​រូប​ផ្សេង​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់។

ទាក់ទង​នឹង​រឿង​នេះ​ដែរ នៅ​ថ្ងៃ​ទី​៨ សីហា អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥២ ចេញ​សេចក្តី​ថ្លែងការណ៍​រួម​សម្រាប់​បើក​យុទ្ធនាការ #ដោះលែងអ្នកទាំង៥ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់។ យុទ្ធនាការ គឺ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ញើ​កាត​ប៉ូស្តាល់ (Postal Card) ជូន​អ្នក​កំពុង​ជាប់​ឃុំ ហើយ​ការ​បង្ហោះ​សារ​គាំទ្រ​លើ​បណ្ដាញ​សង្គម​ដោយ​ប្រើ​ហាសថែក (Hashtags) #ដោះលែងអ្នកទាំង៥។

យុទ្ធនាការ​នេះ ធ្វើ​ឡើង​ដើម្បី​ប្រមូល​ការ​គាំទ្រ​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៥ រួម​មាន​អ្នកស្រី លឹម មុន្នី លោក នី ចរិយា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​លោក នី សុខា ដើម្បី​រំឭក​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​នេះ​ថា អ្នក​គាំទ្រ​មិន​បំភ្លេច​ចោល​នូវ​ការ​លះបង់​របស់​ពួក​គាត់​ទេ ហើយ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​មាន​ស្មារតី​រឹងមាំ ខណៈ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ហៅ​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី គ..ប គឺ​ជា​ការ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ ដែល​នេះ​ជា​ការ​យាយី​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។