ប៉ាគីស្ថាន៖ ផ្ទុះគ្រាប់បែក​​អត្តឃាត ​ស្លាប់​៧០​នាក់ និង​រងរបួស​ជាង​១០០នាក់

ពីថ្ងៃច័ន្ទម្សិលមិញ យ៉ាងហោចណាស់មនុស្ស៧០ស្លាប់ និងជាង១១០នាក់ផ្សេងទៀតរងរបួសដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅក្នុងប្រទេសប៉ាគីស្ថាន។ បុរសម្នាក់ដែលជាសមាជិកក្រុមឧទ្ទាមផ្តាច់ទឹកដីតាលីបង់ និងដែលជាដៃជើងរបស់ពួកអង្គការរដ្ឋអ៊ីស្លាមជីហាតផង បានបើកការបំផ្ទុះគ្រាប់បែកអត្តឃាត នៅមុខមន្ទីរពេទ្យមួយ ក្នុងក្រុង Quetta។ កន្លែងនោះជាទីដែលមានមនុស្សជាច្រើនសិបនាក់ កំពុងឈរគោរពវិញ្ញាណក្ខន្ធលោកប្រធានគណៈមេធាវីប៉ាគីស្ថានម្នាក់ ដែលបានត្រូវពួកដដែលនេះ ធ្វើឃាត។

ម្សិលមិញវេលាដែលមនុស្សម្នាជាង២០០ភាគច្រើន គឺសុទ្ធតែជាមន្ត្រីមកពីក្រសួងយុត្តិធម៌ ក្រុមមេធាវី និងកងកម្លាំងប៉ូលីសក្រុង Quetta រួមជាមួយនឹងហ្វូងអ្នកកាសែតផង កំពុងតែឈរជុំគ្នាក្នុងសម្លៀកបំពាក់អាវខ្មៅកាន់ទុក្ខ ដើម្បីគោរពវិញ្ញាណក្ខន្ធប្រធានគណៈមេធាវីមួយរូបដ៏ល្បី ដែលទើបតែបានត្រូវគេធ្វើឃាត។ នាពេលនោះស្រាប់មានបុរសម្នាក់បានទាញខ្សែក្រវាត់បំផ្ទុះគ្រាប់បែកអត្តឃាតដែលចងជាប់នឹងខ្លួន ហើយបណ្តាលឲ្យមានសំឡេងស្រែងកងរំពឹងឡើងតែម្តង។ ភ្លាមៗនោះ មានមនុស្សដេកដួល រណូករណែល រីឯបំណែករាងការមនុស្សបានដាច់ដោច បែកខ្ចាត់ខ្ចាយពីគ្នា ឈាមក្រហមក៏បានហូរច្រាលដាបដី។ អ្នកដែលនៅសល់ជីវិត និងអ្នករងរបួសផ្សេងទៀតក៏ផ្តើមស្រែកទ្រហោយំឆោឆោរឡើង។ មនុស្សដែលនៅជិតៗកន្លែងកើតហេតុ ក៏ភ័យស្លន់ស្លោរត់យកតែប្រាសអាយុ។ ចំណែកអំបែងគ្រាប់និងផ្សែង បានឆេះហុយយ៉ាងសន្ធោសន្ធៅ ឆ្ងាយជាច្រើនគីឡូម៉ែត្រ។

គួរជ្រាបថា កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ លោកប្រធានគណៈមេធាវី Bilal Anwar Kasi ត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់សម្លាប់ ក្នុងពេលដែលលោកចេញដំណើរពីផ្ទះទៅធ្វើការ។ នៅពេលដែលមនុស្សម្នាទៅគោរពសពរបស់គាត់នៅមន្ទីរពេទ្យ ក៏មានហេតុការណ៍បំផ្ទុះគ្រាប់បែកនេះកើតឡើងមួយបន្ថែមទៀត។

ក្រោយហេតុការណ៍នេះ ភ្លាមៗ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Nawaz Sharif បានចុះទៅកន្លែងកន្លែងបំផ្ទុះគ្រាប់បែក ហើយបានកោះហៅកងកម្លាំងរក្សាសន្តិសុខឲ្យធ្វើយុទ្ធនាការវែកមុខពួកក្រុមភេវជន។ សហគមអឺរ៉ុងបានថ្កោលទោសទង្វើនេះ ហើយប្រធានាធិបតីបារាំងបានចាត់ទុកថា នេះជាអំពើដ៏គំរក់គួរឲ្យស្អប់ខ្ពើម។ ចំណែកអគ្គលេខាអង្គការសហប្រជាជាតិវិញក៏បានអំពាវវនារឲ្យរដ្ឋអំណាចត្រូវប្រើគ្រប់មធ្យោបាយដើម្បីការពារប្រជាជនឲ្យបានប្រសើរផងដែរ។

នៅប៉ុន្មានម៉ោងក្រោយមក ក្រុមឧទ្ទាមផ្តាច់ទឹកដីតាលីបង់ Jamaat-ul-Ahrar និងពួកអង្គការរដ្ឋអ៊ីស្លាមជីហាតបានប្រកាសថា គឺជាស្នាដៃរបស់ពួកគេ ហើយការសម្លាប់លោកប្រធានគណៈមេធាវីម្នាក់នោះ ក៏ជាទង្វើរបស់ពួកគេផងដែរ។ ការអះអាងនេះ គឺជារបស់ទីភ្នាក់ងារAmaq ដែលជាឧបករណ៍ឃោសនារបស់ពួកអង្គការរដ្ឋអ៊ីស្លាមជីហាត នៅប្រទេសប៉ាគីស្ថាន។

សូមរម្លឹកថា ជាង១ទសវត្ស៍ចុងក្រោយនេះ ពួកក្រុមឧទ្ទាមផ្តាច់ទឹកដីតាលីបង់ បានបង្កព្យុះភ្លៀង នៅលើទឹកដីប៉ាគីស្ថាន ហើយមន្ត្រីរដ្ឋការ អ្នកធ្វើការឲ្យក្រសួងស្ថាប័នរដ្ឋគឺមនុស្សគោលដៅរបស់ពួកនេះ ដែលត្រូវកម្ទេចចោល។

ជាការកត់សម្គាល់ នៅឆ្នាំ២០១៦ ពួកនេះ បានវាយប្រហារភេវរកម្មម្តងរួចមកហើយ នៅសួនកុមារមួយ ដែលនាំឲ្យស្លាប់មនុស្សប្រមាណ៧៥នាក់។ ចំណែកការធ្វើភេវរកម្មលើកនេះ គឺជាលើកទី២ហើយ ដែលកើតឡើងនៅមន្ទីរពេទ្យ គឺកាលពីឆ្នាំ២០១០ ពួកគេបានបំផ្ទុះគ្រាប់បែកនៅមុខមន្ទីរពេទ្យមួយ ដែលកាលណោះ ធ្វើឲ្យមនុស្សស្លាប់១៣នាក់៕

ប្រភព៖ RFI


Related Posts