ភ្ញាក់​​ផ្អើល! ឃើញ​​អក្សរធំៗ​​តាមខ្លោង​​ទ្វារគ្រប់វត្ត​​​

ខេត្តកំពង់ចាម ​៖ ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ដែលគេ​ថាអាច​មាន​គ្នា​​​២​នាក់ ធ្វើ​ដំណើរ​​តាម​​ម៉ូតូ​១​គ្រឿង ​បាន​យក​ស្ព្រា​យ​ទៅ​បាញ់​លើខ្លោង​​ទ្វារ​​តាម​​បណ្តា​វត្ត​នានា​ជា​ច្រើន​កន្លែង ​មាន​ទាំង​នៅ​ទឹកដី​ត្រើយ​ខាងលិច​ និង​ត្រើយ​ខាងកើត​ទន្លេមេគង្គ បាន​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់ផ្អើល​​ដល់​​សមត្ថ​កិច្ច ​។ ហេតុការណ៍​ផ្អើលនេះកើតឡើង​ កាលពី​យប់​ថ្ងៃ​ទី​៨ ​សីហា ២០១៦ ​​រហូត​មក​ដល់​យប់​ថ្ងៃ​ទី​៩​ សីហា ២០១៦ នៅ​មិន​ទាន់​ស្រាវជ្រាវ​​​រក​ឃើញ​ជន​ដែល​​​ប្រ​ព្រឹ​ត្ត​នោះ​នៅ​ឡើយ​ទេ ។

លោក​ឧត្តម​សេនី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានឱ្យ​ដឹងថា ក្នុង​ពេល​ដែល​យប់​ស្ងាត់​ទី​៨​ សីហា មាន​​ជន​​មិន​ស្គាល់​មុខ​ បាន​យក​ថ្នាំ​ពណ៌​ទឹកប៊ិច មក​បាញ់​តាម​ក្លោ​ង​ទ្វារ​វត្ត​​ថា​ «​ព្រះ​នគរ យឹ​ម តន ព្រះ​មាតា ម៉ី អៃ ព្រះ​បិតា យឹ​ម តឿ​ក​» ក្នុង​ឃុំ​តាំង​ក្រាំង មាន​វត្ត​ដូច​ជា វត្ត​គិរី​ស​ត្ថា​រាម វត្ត​ឥ​ន្ធ​កោ​សី វត្ត​ស៊ី​សុវណ្ណ​រាម វត្ត​សុវណ្ណ​គិរី ឃុំ​ជាលា មាន​វត្ត​រដ្ឋ​មាលា ឃុំ​បា​ធា​យ មាន​វត្ត​គិរី​បុ​ប្ជា​រាម វត្ត​ជម្ពូរ​ព្រឹក សរុប​ទាំងអស់​៨​វត្ត ដែល​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៦​និង​ផ្លូវ​លេខ​៦១​។

​លោក​​បន្ត​ថា ផ្អែក​តាម​ការ​ពិនិត្យ​អក្ស រដែ​ល​បាន​សរសេរ​ឡើង​នោះ​ គឺជា​ស្នា​ដៃ​មនុស្ស​តែ​ម្នាក់ ហើយ​ជន​នោះ​អាច​មាន​មធ្យោបាយ​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់ ហើយ​ជា​មនុស្ស​មាន​សតិ​មិនសូវ​គ្រប់ ។ ក្រៅពី​ស្រុក​បា​ធា​យ ​ក៏​មាន​ខ្លោង​ទ្វារ​វត្ត នៅ​ក្នុងស្រុក​ព្រៃឈរ​មាន​ចំនួន​១៤​វត្ត​ទៀត​ ក្នុង​ឃុំ​​ចំនួន​​៧​​ឃុំ ដោយឡែក​ ឃុំ​ក្រឡា​ និង​ឃុំ​អំពិល ស្រុក​កំពង់សៀម មាន​ខ្លោង​ទ្វារ​​វត្ត​ចំនួន​២​ ត្រូវ​បាន​ជន​នោះ​បាញ់ថ្នាំ​ដែរ ។

ក្រោយ​ពី​មាន​​ហេតុ​ការ​ណ៍​ខាងលើ​ រូប​លោក​បាន​ដាក់​កម្លាំង​​ឱ្យ​​តាម​ឃ្លាំមើល ជន​ដែល​បាន​ធ្វើ​សកម្មភាព​នោះ ​តែ​មិន​ទាន់​ដឹង​ថា ជន​ដែល​ប្រ​ព្រិ​ត្ត​នោះ​នៅ​ទីណា​ឡើយ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បង្កើត​ថ្មី​​ឯណោះ កាលពី​យប់​ថ្ងៃ​ទី​៨​ សីហា ២០១៦ ក៏​មាន​ហេតុ​ការ​ណ៍​​ដែល​កើតឡើង​ ដូច​នៅ​កំពង់ចាម​ដែរ ក្នុង​នោះ​មាន​ដូច​ជា​ស្រុក​ពញាក្រែក​មាន​៣​វត្ត ​គឺ​វត្ត​ហ្លួង​ស្តេច​
កន វត្ត​កណ្តោលជ្រុំ វត្ត​គ្រញូង ស្រុក​ត្បូងឃ្មុំ​មាន​៤​វត្ត​ គឺ​វត្ត​វត្ត​មង់​រៀវ វត្ត​ខ្នារ វត្ត​ដំណាក់ចារ វត្ត​កូន​ត្មាត ក្រុង​សួង​គឺ​មាន​វត្ត​វិហារ​ខ្ពស់ ។

តាម​ការ​​លេច​ឮ​មាត់ចាបមាត់ព្រាប​​ថា ហេតុ​ការ​ណ៍​​សរសេរ​អក្សរដែល​បាន​កើតឡើង​ទាំង​២​​ខេត្ត​ក្នុងយប់​ទី​៨ សីហា ២០១៦ ដូច​គ្នា​តាម​ការ​សន្និដ្ឋាន​ជា​មនុស្ស​តែ​ម្នាក់ ដែល​បាន​បាញ់ថ្នាំ​ស្ព្រា​យ​សរសេរ នៅ​លើ​ក្លោ​ង​ទ្វារ​តាម​វត្ត ។​ ហេតុ​ការ​ណ៍​បែប​នេះ​ លេចឮ​ថា ធ្លាប់​​កើត​មាននៅ​ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ប៉ុន្មា​ន​ខែ​មុន ឈ្មោះយឹ​ម តន ជា​ឈ្មោះ​អ្នក​សរសេរ និង​ឈ្មោះ​២​នាក់​ទៀត ​ជា​ឪពុក​ម្តាយ ហើយ​ជននោះ​មាន​អាយុ​​​ប្រហែល​ជាង​៥០​ឆ្នាំ ជា​មនុស្ស​មិនសូវ​គ្រប់ទឹក​នោះ​ទេ ពេល​នេះ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​កំពុង​តែ​ស្វែងរក​ជន​នោះ​ហើយ ។