អាជ្ញាធរ​ទទួលស្គាល់​ថា​មាន​វិវាទ​ដីធ្លី​ច្រើន​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ផា​ន​អ៊ី​មិច

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែង​ទទួលស្គាល់​ជា​សាធារណៈ​ថា ពិតជា​មាន​វិវាទ​ច្រើន​ប្រាកដ​មែន រវាង​ក្រុម​ប្រជាពលរដ្ឋ ជាមួយនឹង​ក្រុមហ៊ុន​ផា​ន​អ៊ី​មិច ដែល​មាន​លោកស្រី ស៊ុ​យ សុ​ផា​ន ជា​អគ្គនាយក​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី ។

ការ​ថ្លែង​របស់​អាជ្ញាធរ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណ​បញ្ជាការ​ឯកភាព​ខណ្ឌ​ក្រោម​អធិបតីភាព​លោក​អ៊ា​ង ស៊ី​ផា​ន អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​មានការ​ចូលរួម​ពី​ក្រុម​មន្ត្រី​ជំនាញ​ជំនាញ នៃ​សាលា​ខណ្ឌ​ជា​ច្រើន​រូប​ទៀត កាលពី​ថ្ងៃ​ទី​០៥ សីហា​កន្លង​ទៅ ។

ជុំវិញ​ការ​បាតុភាព​ចោទប្រកាន់​ខាងលើ​នេះ លោក​អ៊ូ វុ​ធ មេធាវី​តំណាង​ក្រុមហ៊ុន​ផា​ន​អ៊ី​មិច បាន​ឆ្លើយ​តប​ទៅ​វិញ​ផង​ដែរ​ថា ក្រុមហ៊ុន​មិន​បាន​រំលោភ​បំពាន​ដី​របស់​ពលរដ្ឋ​ដូច​ពាក្យបណ្តឹង ដែល​បាន​ប្តឹង​ទៅ​កាន់​អាជ្ញាធរ​ខណ្ឌ​នោះ​ទេ ដោយ​ក្រុមហ៊ុន​មាន​ឯកសារ​បញ្ជាក់​សិទ្ធិ​គ្រប់គ្រង​ដីធ្លី ទទួលស្គាល់​ដោយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ។ ដូច្នេះ ក្រុមហ៊ុន​ស្នើ​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

ជុំវិញ​បាតុភាព​ខាងលើ​នេះ លោកស្រី ស៊ុ​យ សុ​ផា​ន អគ្គនាយក​ក្រុមហ៊ុន ផា​ន​អ៊ី​មិច ភ្នាក់ងារ​កោះសន្តិភាព មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ឡើយ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​អង្គប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ដដែល​នោះ លោក​អ៊ា​ង ស៊ី​ផា​ន ថ្លែង​អោយ​មន្ត្រី​ពាក់ព័ន្ធ​របស់​ខ្លួន ធ្វើ​យ៉ាងណា ត្រូវ​យកចិត្តទុក ដាក់​ពិនិត្យ​មើល​ឡើង​វិញ​នូវ​រាល់​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន ផា​ន​អ៊ី​មិច ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​យក​មក​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ដីធ្លី​ជូន​គូភាគី​ដោយ​ផ្អែក​លើ​ភស្តុ​តាង​ច្បាប់ ៕