ទៅ​ម្តង​មក​វិញ ទៅ​ម្តងទៀត​បាត់​ដំណឹង​ឈឹង

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​​បាត់​ដំណឹង​ឈឹង​មិនដឹង​ជា​ទៅ​ណា​បន្ទាប់​ពី​ត្រូវ​បាន​យុវជន​ម្នាក់​ល្បួង​ថា​ទៅ​រស់នៅ​ជាមួយ​គ្នា ។ យុវជន​ដែល​ល្បួង​ក្មេង​ស្រី​ទៅ​នៅ​ជាមួយ​គ្នា​នោះ​ត្រូវ​​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ តែ​កូនស្រី​របស់​គាត់​មិនដឹង​ជា​នៅ​ទីណា​ឡើយ ។

សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ រស់ សុ​រិ​ន អាយុ​២៥​ឆ្នាំ មានមុខ​របរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះជា​សិស្សសាលា​ឯង​ជន ហើយ​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​ពី​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៦ ជនសង្ស័យ​រូប​នេះ​បាន​បបួល​កូនស្រី​របស់​គាត់​ដែល​ទើបតែ​មាន​អាយុ​១២​ឆ្នាំទៅ​រក​ទិញ​សម្លៀក​បំពាក់​នៅ​ម្ដុំ​ផ្សារ​សាំ​ហាន់ ហើយ​ក៏​នាំ​គ្នា​មក​ផ្ទះ​វិញ ។ លុះដល់​ពេល​រសៀល​ថ្ងៃ​ទី​៦​សីហា ក៏​ល្បួង​នាំ​កូនស្រី​របស់​គាត់​ចេញពីផ្ទះ​ម្តងទៀត បាត់​រហូត​២​ថ្ងៃ ទើប​រូប​គាត់​សម្រេច​ជិះ​ម៉ូតូ​ស្វែងរក ។

ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​៨​សីហា​ខណៈ​កំពុង​ជិះ​ម៉ូតូ​ដើរ​រក​កូនស្រី​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ខាងជើង​វត្ត​សំពៅ​មាស សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា តែ​មិន​បានឃើញ​កូនស្រី​របស់​គាត់​ទេ ទើប​គាត់​សម្រេច​ឃាត់ខ្លួន​យុវជន​នោះ​នាំ​យក​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​ដើម្បី​សួរនាំ​ស្វែងរក​កូនស្រី​របស់​គាត់​ដែល​បាន​បាត់​ខ្លួន ។

សមត្ថកិច្ច​ប៉ុស្ដិ៍​ទួល​សង្កែ បញ្ជាក់​ថា  បន្ទាប់​ពី​ឃាត់ខ្លួន​សួរនាំ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ល្បួង​នាំ​ក្មេង​ស្រី​រង​គ្រោះ​ចេញពីផ្ទះ​ដោយនៅ​ជាមួយ​គ្នា​រយៈពេល​២​ថ្ងៃ​ពិតប្រាកដ​មែន តែ​នាង​បាន​ទៅ​មើល​ផ្ទះ​មួយ​ភ្លែត ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់​មក​វិញ​សោះ ។

បច្ចុប្បន្ន​ជន​ត្រូវ​សង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕