មុនធ្វើម្ចាស់ផ្ទះ AFF Suzuki Cup កម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិចំនួន៥

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិដកស្រងបច្ចេកទេសចំនួន៥ប្រកួត ដោយក្នុងនោះនៅក្រៅប្រទេស៤ប្រកួត និងក្នុងប្រទេសចំនួន១ប្រកួត មុនពេលក្រុមកម្ពុជា ត្រូវស្វាគមន៍ក្រុមជម្រើសជាតិឡាវ ក្រុមទីម័រខាងកើត និងក្រុមប្រ៊ុយណេ នៅក្នុងការប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា។

Footbal

បើតាមលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមហុងកុង ចំនួន២លើក គឺលើកទី១ កម្ពុជា ត្រូវចេញទៅជួបក្រុមហុងកុង នៅថ្ងៃទី១ ខែកញ្ញា ហើយលើកទី២ ក្រុមកម្ពុជា ត្រូវស្វាគមន៍ក្រុមហុងកុង នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។

បន្ថែមលើនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតដកស្រងបច្ចេកទេសជាមួយក្រុម មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ចំនួន៣ប្រកួត នៅក្នុងអំឡុងពេលក្រុមកម្ពុជា ចេញទៅហ្វឹកហាត់នៅសិង្ហបុរី ចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែកញ្ញា។

យ៉ាងណាក៏ដោយ លោក ឆាំង ពិសេស បានបញ្ជាក់ថា៖«នៅក្នុងអំឡុងពេលចេញទៅហ្វឹកហាត់រយៈពេល១០ថ្ងៃ នៅប្រទេសសិង្ហបុរីនោះ យើងនឹងធ្វើការប្រកួតដកស្រងបច្ចេកទេសជាមួយក្រុមនៅទីនោះចំនួន៣ប្រកួត ប៉ុន្តែពេលនេះយើង កំពុងរងចាំការឆ្លើយតបពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ដើម្បីដឹងថា តើយើងត្រូវប្រកួតជាមួយក្រុមណាខ្លះ»។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតវគ្គជម្រុះ AFF Suzuki Cup 2016 នៅពហុកីឡដ្ឋានជាតិ ដែលធ្វើចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១នោះ ក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមឡាវ នៅថ្ងៃទី១៥ មុនពេលទៅជួបក្រុមប្រ៊ុយណេ នៅថ្ងៃទី១៨ និងប៉ះក្រុមទីម័រខាងកើត ថ្ងៃទី២១ ខែតុលា៕

The post មុនធ្វើម្ចាស់ផ្ទះ AFF Suzuki Cup កម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិចំនួន៥ appeared first on CamboSport.