លោក​ហ៊ុន សែន​៖​ ពលរដ្ឋ​អាច​ចុះ​​ឈ្មោះ​បោះ​ឆ្នោត​នៅ​កន្លែង​ពួកគេ​​ស្នាក់នៅ ​និង​​​ធ្វើការ​បាន

លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.បញ្ជាក់ថា សម្រាប់អាណត្តិថ្មីខាងមុខនេះ ប្រជាពលរដ្ឋអាចបោះឆ្នោតនៅតាមទីតាំងដែលខ្លួនកំពុងស្នាក់នៅបណ្តោះអាសន្ន ដោយពុំចាំបាច់ទៅដល់ស្រុកកំណើតទេ។

ភ្នំពេញ — លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតក្នុងប្រទេសនៅកន្លែងដែលពួកគេកំពុងស្នាក់នៅ និងធ្វើការតែម្តង ដោយមិនចាំបាច់វិលត្រឡប់ទៅស្រុកកំណើតវិញ។ តែស្ថាប័នឃ្លាំមើលការបោះឆ្នោតយល់ថា រដ្ឋាភិបាល និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគួរបន្តជួយសម្រួលឲ្យពលករចំណាកស្រុកមានភាពងាយស្រួលក្នុងការចុះឈ្មោះបោះឆ្នោតដែរ។

លោកហ៊ុន សែន បានធ្វើការប្រកាសនេះកាលពីព្រឹកថ្ងៃច័ន្ទ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសកម្មកររោងចក្រ ឲ្យមកចុះឈ្មោះបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតថ្នាក់ជាតិសម្រាប់អាណត្តិថ្មីឆ្នាំ ២០១៧ និង២០១៨ខាងមុខ។ ការប្រកាសនេះធ្វើឡើងក្នុងពិធីសម្ពោធន៍ការចាក់បេតុងភ្ជាប់មុខតំណស្ពាន នៅខេត្តកណ្តាល។

«ចុះឈ្មោះនៅកន្លែងណាដែលខ្លួនធ្វើការនៅក្បែរហ្នឹង អាហ្នឹងជាការងាយស្រួលមួយ បើធ្វើការនៅរោងចក្រ ធ្វើការនៅភ្នំពេញ ចុះឈ្មោះនៅភ្នំពេញតែម្តងទៅ។ អញ្ចឹងទេបានជាយកឱកាសនេះអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង គឺទៅចុះឈ្មោះបោះឆ្នោតដើម្បីប្រើប្រាស់សិទ្ធិជាម្ចាស់ប្រទេស»។

លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប.បញ្ជាក់ថា សម្រាប់អាណត្តិថ្មីខាងមុខនេះ ប្រជាពលរដ្ឋអាចបោះឆ្នោតនៅតាមទីតាំងដែលខ្លួនកំពុងស្នាក់នៅបណ្តោះអាសន្ន ដោយពុំចាំបាច់ទៅដល់ស្រុកកំណើតទេ។

លោកបន្ថែមទៀតថា ពួកគេត្រូវមានលិខិតបញ្ជាក់ទីតាំងស្នាក់នៅ និងអត្តសញ្ញាណបណ្ណដើម្បីចុះឈ្មោះបោះឆ្នោត។

«អ្នកមិនមានអាសយដ្ឋានរស់នៅផ្ទាល់ តែបើមានអត្តសញ្ញាណបណ្ណដែលមានទីតាំងរស់នៅកន្លែងផ្សេង អាចប្រើឱកាសនេះសម្រេចចិត្ត(ជ្រើសរើស)បោះឆ្នោតនៅតាមទីកន្លែង ដែលខ្លួនស្នាក់នៅ និងបំពេញការងារ»។

ទោះបីជាយ៉ាងក៏ដោយ អ្នកស្រីពៅ ស៊ីណាត វ័យ៣៨ឆ្នាំដែលមានស្រុកកំណើតនៅស្ទឹងត្រែង បានឲ្យដឹងថា ការអំពាវនាវរបស់លោកហ៊ុន សែនមិនបានជួយគាត់បានច្រើនប៉ុន្មានទេ។ បើទោះជាអ្នកស្រីមិនត្រូវទៅស្រុកកំណើតដើម្បីចុះឈ្មោះ ក៏អ្នកស្រីនៅតែមានការពិបាកក្នុងការស្នើសុំលិខិតបញ្ជាក់ការស្នាក់នៅ។

«វាស្រួលជាងមុនបន្តិច ទោះយ៉ាងណា នៅតែយល់ថា ពិបាក។ ពិបាកត្រង់ថា ស្រុកកំណើតនៅឆ្ងាយ នៅតែត្រូវទៅយកសំបុត្រកំណើតយកអីដដែល[ដើម្បីបានលិខិតបញ្ជាក់ស្នាក់នៅ] ហើយត្រូវបញ្ជាក់ពីភូមិឃុំអីអញ្ចឹងណា៎»។

អ្នកស្រីឡាច លន ដែលស្នាក់នៅសង្កាត់ទឹកថ្លាក៏ត្អូញត្អែរអំពីបញ្ហាស្រដៀងគ្នានេះដែរ។

«អន់ចិត្តរឿងមួយត្រង់ថា យើងឲ្យដល់ជិត៥០(ដុល្លារ) ហើយនៅតែធ្វើអត់បាន។ គេធ្វើថា ធ្វើអត់បានទេ ទាល់តែយើងធ្វើសៀវភៅបញ្ជាក់ទីលំនៅមួយ(ដំណាក់)សិនបានអាច ឆ្លងទៅធ្វើអត្តសញ្ញាណប័ណ្ណបាន»។

អ្នកស្រីបន្តថា អ្នកស្រីនឹងត្រូវទៅចុះឈ្មោះទីតាំងចាស់ដដែល។

ម្យ៉ាងវិញទៀត លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្រែ្វលដែលឃ្លាំមើលការបោះឆ្នោត បានឲ្យដឹងថា ការសម្រួលនេះវាជាការប្រសើរ។ លោកបន្តទៀតថា បញ្ហាដែលសំខាន់នោះគឺគ.ជ.ប.គួរបន្តសម្រួលការចុះឈ្មោះបោះឆ្នោតដល់ពលករចំណាកស្រុក ដែលមានចំនួនជាង១លាននាក់។ លោកស្នើឲ្យមានក្រុមការងារសម្រួលដល់ការចុះឈ្មោះបោះឆ្នោតក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ។

«យើងគួរតែមានក្រុមការងារពិសេសមួយធ្វើការងារផ្លាស់វេន ហើយយើងមានការឧបត្ថម្ភលើកទឹកចិត្ត អាចឲ្យគេធ្វើការពេលបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយសម្រួលដល់អ្នកដែលចំណាកស្រុកដែលគ្នាមកស្រុកក្នុងពេលបុណ្យភ្ជុំ ឲ្យមានពេលខ្លះចុះឈ្មោះបោះឆ្នោត»។

លោកបន្តទៀតថា គ.ជ.ប. និងក្រសួងការងារគួរសហការគ្នាបន្ថែម ក្នុងការសម្រួលការចុះឈ្មោះបោះឆ្នោតរបស់ពលករចំណាកស្រុក ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានពីការចុះឈ្មោះបោះឆ្នោតនេះផងដែរ។

កន្លងមក គណបក្សជំទាស់បានស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. និងក្រសួងការងារណែនាំឲ្យថៅកែរោងចក្រ និងគ្រឹះស្ថាននានាផ្តល់លទ្ធភាពឲ្យបុគ្គលិក ឬកម្មករអាចទៅចុះឈ្មោះបោះឆ្នោត ព្រមទាំងជួយសម្រួលឲ្យពលករកម្ពុជាដែលធ្វើការនៅបរទេស អាចត្រឡប់មកចុះឈ្មោះបោះឆ្នោតនៅកម្ពុជាវិញផងដែរ។

ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនា ឆ្នាំ២០១៧ខាងមុខ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨។ ហើយដំណើរការចុះឈ្មោះបោះឆ្នោតជាថ្មីនឹងចាប់ផ្តើមពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕

ប្រភព៖ VOA


Related Posts