ប្រកាស​អាសន្ន​ទាំង​យប់​ពេញ​វត្ត​ព័ទ្ធ​ចាប់​អ្នក​ជីក​កំណប់

ប្រកាស​អាសន្ន​ទាំង​យប់​ពេញ​វត្ត​ព័ទ្ធ​ចាប់​អ្នក​ជីក​កំណប់



ខេត្តសៀមរាប ៖ ក្រុម​ជន​ទុច្ចរិត​មាន​គ្នា​ប្រមាណ​ជិត​២០​នាក់ បាន​បង្ក​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ទាំង​យប់​នៅ​ក្នុង​វត្ត​សសរស្តម្ភ ដោយ​ជិះ​រថយន្ត​ស៊េ​រី​ទំនើប​ចំនួន​៦​គ្រឿង មក​ធ្វើ​សកម្មភាព​ក្រោម​រូបភាព​បន្លំ​ធ្វើ​ជា​សែនព្រេន តែ​មាន​គម្រោង​លួច​គាស់​កំណប់​សំរឹទ្ធ​នៅ​ក្នុង​បរិវេណវត្ត​ក្បែរ​ព្រះ​វិហារ តែ​ត្រូវ​បរាជ័យ​ខណៈ​ព្រះសង្ឃ​និង​ពលរដ្ឋ​ប្រកាស​អាសន្ន ។ នៅ​គ្រា​ដែល​សមត្ថកិច្ច​មក​ដល់ ក្រុម​ជន​ទាំងនោះ​ក៏​បាន​នាំ​គ្នា​រត់ឡើង​រថយន្ត​បើក​គេចខ្លួន​បាត់​អស់​។ វត្ត​សសរស្តម្ភ​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៧​នាទី​យប់ ថ្ងៃ​ទី​៧ សីហា ក្នុង​បរិវេណ​ពី​ខាងជើង​ព្រះ​វិហារ​វត្ត ។

លោក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ សីហា ថា កាលពី​យប់មិញ​មាន​មនុស្ស​ប្រមាណ​ជា​២០​នាក់ និង​រថយន្ត​៦​គ្រឿង​ប្រភេទ​ហា​យ​ឡែ​ន​ឌ័​រ ឡិច​ស៊ី​ស ៣០០​ចំនួន​២​គ្រឿង អ៊ី​ស៊ុ​យ​ហ្ស៊ុ​យ​១​បាំង​កន្លះ​១​គ្រឿង និង​កាម​រី​៣​គ្រឿង​បាន​នាំ​គ្នា​បើក​ចូល​មក​ក្នុង​វត្ត​សសរស្តម្ភ បាន​យក​មាន់​ស្ងោរ​២​ក្បាល សាច់​ជ្រូក និង​ផ្លែ​ឈើ​មួយ​ចំនួន​មក​សែន​មុខ​ខ្ទម​អ្នកតា ក្នុង​គោលបំណង​គាស់​យក​កំណប់​សំ​រិ​ទ្ធ​ដែល​គ្មាន​នរណា​ដឹង​ថា កំណប់​នោះ​កប់​នៅ​ចំណុច​ណា​នោះ​ទេ ។ ខណៈ​ពេល​នោះ​ក្រុម​ជន​ទាំងនោះ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​គាស់​នៅឡើយ​ទេ ក៏​មានការ​ភ្ញាក់ផ្អើល​ឈុ​ល​ឡើង ព្រោះ​កន្លង​មក​មិន​ដែល​ឃើញ​មាន​រថយន្ត​ទំនើប​ៗ​ច្រើន​គ្រឿង​បើក​ចូល​មក​វត្ត​ទាំង​យប់​បែប​នេះ​ទេ ។

លោក​បន្ត​ថា ពេល​នោះ​មាន​ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​ក៏​បាន​នាំ​គ្នា​ទៅ​មើល តើ​ពួក​ចម្លែក​នោះ​គេ​មក​ធ្វើ​អី ? ក៏​ឃើញ​ក្រុម​ជនសង្ស័យ​កំពុង​សែនព្រេន ព្រមទាំង​បានឃើញ​ពួក​គេ​ខ្លះ​យក​ចប​ចេញពី​ក្នុង​រថយន្ត ។ ដោយ​មានការ​សង្ស័យ ក៏​បាន​ប្រកាស​អាសន្ន​និង​បាន​រាយការណ៍​ដល់​កម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ព្រោងព្រាត​ពេញ​វត្ត ជួយ​អន្តរាគមន៍​បន្តបន្ទាប់ ដើម្បី​ដេញចាប់​ក្រុម​ជនសង្ស័យ​ទាំងនោះ ។ បន្ទាប់​ពី​បានឃើញ​ស្ថានការណ៍​មិន​ស្រួល​ហើយ មាន​សមត្ថកិច្ច​មក​ដល់​ជា​បន្តបន្ទាប់ ក្រុម​ជន​ទាំងនោះ​ក៏​បាន​បើករថយន្ត​គេចខ្លួន​អស់​ទៅ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ពេល​កម្លាំង​ប៉ូលិស​និង​ប្រជាពលរដ្ឋ​មក​ជួយ​អន្តរាគមន៍​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​ឯកសារ​របស់​ក្រុម​ជនសង្ស័យ ដែល​បន្សល់​ទុក​ចំនួន​១២​សន្លឹក​នៅ​ក្បែរ​កន្លែង​សែនព្រេន​នោះ ក៏​យក​មក​ធ្វើការ​ត្រួតពិនិត្យ ។

លោក​អធិការ​បានឱ្យ​ដឹង​ថា ផ្អែក​លើ​ឯកសារ​ដែល​បាន​ប្រទះ​ឃើញ​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ពី​ករណី​នេះ​យ៉ាង​ល្អិតល្អន់ ហើយ​បានដឹង​ពី​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ខ្លះ​ៗ​ហើយ​ប៉ុន្តែ​លោក​សុំ​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​ទេ ទុក​ស្រាវជ្រាវ​សិន ។ លោក​បញ្ជាក់​បន្ថែម​ថា​៖ ទីតាំង​កំណប់​សំ​រិ​ទ្ធ​នោះ​មិន​ទាន់​ដឹង​ថា មាន​ពិត​ឬ​យ៉ាងណា​នោះ​ទេ គ្រាន់តែ​គេ​ល្បី​ថា មាន​កំណប់​ដែល​គេ​កប់​តាំងពី​សម័យ​ប៉ុ​ល​ពត​មក​ម្ល៉េះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​យ៉ាងនេះ​ក្តី ក្នុង​នាម​សមត្ថកិច្ច​និង​ព្រះសង្ឃ ព្រមទាំង​ពលរដ្ឋ​មិន​អនុញ្ញាត​ឱ្យ​ជនល្មើស ចូល​មក​កាប់​គាស់​យក​វត្ថុ​បុរាណ​បាន​ស្រេច​តែ​ចិត្ត​នោះ​ទេ ហើយ​ទំនង​បែប​មិន​ហា​៊​ន​អើត​មក​ទៀត​ទេ​មើលទៅ​៕​