អត់​លុយ​ចាយ​ដើរ​គាស់​ផ្ទះ​គេ លួច​ទ្រព្យសម្បត្តិ​ត្រូវ​ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បងប្អូន​បង្កើត ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ សហ​ការណ៍​ជាមួយ កម្លាំង​នគរបាល ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ភ្លើង​ឆេះ​រទេះ ធ្វើការ​ចាប់ខ្លួន​បាន នៅ​ក្នុង​ខណៈ​ដែល​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ លួច​យក​ទ្រព្យសម្បត្តិ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល ចេញ​ល្បាត​ប្រទះ​ឃើញ ក៏​បាន​ធ្វើការ​ចាប់ខ្លួន​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់ ឈ្មោះ ឆោម វិ​ផុ​ន អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត ត្រូវជា​ប្អូនប្រុស​បង្កើត​ឈ្មោះ ឆោម វិ​ផា ហៅ​អា​ម៉ៅ​អាយុ​២១​ឆ្នាំ ស្នាក់​នៅ ក្នុងភូមិ​គោក​បន្ទាយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ក្រោយ​ពេល​ឃាត់ខ្លួន​ជន​នោះ បាន​ប្រាប់​ថា​មូលហេតុ​ដែល​ខ្លួន ក្លាយ​ខ្លួន​ទៅ​ជា​ចោរ​គាស់​ផ្ទះ បែប​នេះ​មក​ពី​គ្មាន​លុយ​ចាយ​។

ខណៈនោះ​ដែរ​កម្លាំង​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន មាន​ដូច​ជា​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ មេសោ​ទ្វារ​ដែល​ឆ្កឹះ​រួច​របូត​ខ្ទេចខ្ទី​ចំនួន​៣ កាបូប​លុយ​១ និង​គ្រឿងក្រអូប​សម្រាប់​ស្រី​ៗ​ប្រើ​មួយ​ចំនួន​ដែល​ជន​នោះ​គាស់​បន្ទប់​បាន​សម្រេច​ចំនួន​៣​បន្ទប់​។  ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​កើតហេតុ​កម្លាំង​នគរបាល​បាន​ចេញ​ដើរ​ល្បាត​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ប្រទះ ឃើញ​ជនសង្ស័យ ២​នាក់​ជា​បងប្អូន​បង្កើត​នោះ កំពុង​ធ្វើ​សកម្មភាព​គាស់​ផ្ទះ ជាក់ស្តែង និង​យក​បាន​របស់របរ​មួយ​ចំនួន​ផង កម្លាំង​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ទាំង​២​នាក់​តែ​ម្តង​។

ពេល​នោះ​ពួក​គេ​ក៏​បាន​ទទួល​រង​នូវ​កណ្ដាប់ដៃ​ប្រជាពលរដ្ឋ​ខ្លះ​ៗ​ដែរ ព្រោះ​ប្រជាពលរដ្ឋ​មាន​កំហឹង ដោយសារ​តែ​កន្លង​មក​ធ្លាប់​ត្រូវ​បាន​រង​គ្រោះ​បាត់ របស់របរ​ដោយសារ​ក្រុម​ចោរ​គាស់​បន្ទប់​ជា​បន្តបន្ទាប់ ហើយ​មិន​ដែល​ចាប់​បាន​នោះ​ទេ លុះ​ពេល​នេះ​ចាប់​បាន ទើប​ពួក​គាត់​បាន​នាំ​គ្នា​ស្វាគមន៍ ដើម្បី​បញ្ចេញ​កំហឹង​ឲ្យ​បាន​ធូរចិត្ត​ម្ដង​។ បន្ទាប់​មក​ទើប​កម្លាំង នគរបាល​បាន​នាំ​ជន​នោះ​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ធ្វើការ​សាកសួរ  និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕