កូន​ស្រី​ពៅ អូបាម៉ា ចេញ​រត់​តុ​រក​លុយ ក្រោម​ការ​ឃ្លាំ​មើល​ពី​​ភ្នាក់ងារ​សម្ងាត់

សារ៉ា អូបាម៉ា (Sasha Obama) កូនស្រីពៅវ័យជំទង់ របស់លោក បារ៉ាក់ អូបាម៉ា បានសម្រេចចិត្តចេញធ្វើការ ជាអ្នករត់តុ និងគិតលុយ នៅក្នុងហាង​លក់គ្រឿង​សមុទ្រមួយ ដើម្បីរកប្រាក់ដាក់ហោប៉ៅ។ ប៉ុន្តែនាងតូចជំទង់ ត្រូវបានកងភ្នាក់ងារសម្ងាត់ របស់ប្រធានាធិបតី ​តាមឃ្លាំមើលជាប់រហូត បើទោះជាពួកគេមិនបង្ហាញខ្លួន ឲ្យឃើញ​ក៏ដោយ។
កូន​ស្រី​ពៅ អូបាម៉ា ចេញ​រត់​តុ​រក​លុយ ក្រោម​ការ​ឃ្លាំ​មើល​ពី​​ភ្នាក់ងារ​សម្ងាត់

នាងកញ្ញាវ័យជំទង់ សារ៉ា អូបាម៉ា ដែលកំពុងធ្វើការងារ នៅក្នុងហាងលក់គ្រឿងសមុទ្រ «Nancy’s»។ (រូបថត AP)

បើឃើញនាងតូចតែម្នាក់ឯង មករត់តុ ហើយគិតលុយ នៅក្នុងហាង «Nancy’s» ដែលស្ថិតនៅលើកោះ «Martha’s Vineyard» ហើយចង់ប៉ះពាល់នាងនោះ ជនដៃដល់​ច្បាស់​ជា​ជួប​អាសន្នធំហើយ។ តាម​បញ្ជា​ឪពុក​របស់​នាង លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក កងភ្នាក់ងារសម្ងាត់​​យ៉ាង​ហោច ចំនួន​៦នាក់ បានរាយគ្នាយ៉ាងស្ងាត់ស្ងៀម នៅនឹងកន្លែង និងនៅជុំវិញហាងនោះ ដើម្បីឃ្លាំមើល​ជា​ប្រចាំ ថា​បើ​មាន​អ្នក​ទិញណា​ម្នាក់ បង្ហាញកាយវិការមិនសូវស្រួល ពួកគេនឹងធ្វើអន្តរាគមន៍ភ្លាម។

ប៉ុន្តែការងារក្នុងខែក្ដៅ (ឬហៅម្យ៉ាងទៀត ការងារពេលវិសមកាល) របស់នាងតូច សារ៉ា អូបាម៉ា (Sasha Obama) ក៏ជាការសម្រេចចិត្ត របស់ឪពុកម្ដាយរបស់នាងដែរ បើទោះជាអ្នកទាំងពីរ មានឥទ្ធិពល​ និងអំណាច​ពេញ​មួយ​ផែនដីក៏ដោយ។ មូលហេតុសំខាន់នោះ គឺប្ដីប្រពន្ធ អូបាម៉ា ចង់ប្រាប់កូនស្រីរបស់ខ្លួនថា ពួកគេនៅ​តែ​ជា​មនុស្ស​ធម្មតា បន្ទាប់ពីពួកគេ​បាន​ចម្រើនវ័យ​ធំធាត់ អស់រយៈពេល៨ឆ្នាំ នៅក្នុងសេតវិមាន។

កូន​ស្រី​ពៅ អូបាម៉ា ចេញ​រត់​តុ​រក​លុយ ក្រោម​ការ​ឃ្លាំ​មើល​ពី​​ភ្នាក់ងារ​សម្ងាត់

ប៉ុន្តែយ៉ាងហោចណាស់ ហាង «Nancy’s» ដែលនាង សារ៉ា ទៅធ្វើការនោះ ក៏ជាហាងដ៏ទំនើបមួយ ប្រចាំ​កោះ «Martha’s Vineyard» ដែរ។ កាលពីឆ្នាំមុនៗ គ្រួសារ អូបាម៉ា ទាំងមូល តែងទៅលំហែកាយ​នៅ​លើ​​កោះ​​នោះ ខណៈ​​ឆ្នាំ​​នេះ នាងតូច សារ៉ា បាន​ត្រឡប់ទៅលើកោះដដែល តែមិនមែនដើម្បីដើរលំហែទេ តែ​ដើម្បី​​ទៅ​រក​ប្រាក់​​​ដាក់​​​ហោប៉ៅ។

បើតាមគេហទំព័រ «TMZ» បានឲ្យដឹងថា នាងតូច សារ៉ា មានតួនាទីជាអ្នកទទួល «កុម្មង់ (Commande)» និង​ត្រួត​ពិនិត្យមើលតុអង្គុយ ដែលនៅទំនេរសម្រាប់ភ្ញៀវ។ នាងទទួលបានប្រាក់ខែ ដូចអ្នកបម្រើការដទៃ​ទៀត​ដែរ៖ ១២ ទៅ១៥ដុល្លារ ក្នងមួយម៉ោង និងអាចមានលុយក្រៅបន្ថែម។ សារ៉ា អូបាម៉ា អាចនឹង​ទទួលលុយ​ក្រៅ​បន្ថែម​នេះ ច្រើនជាងអ្នកដទៃ ដោយហេតុថា មនុស្សជាច្រើនបានបបួលគ្នា មកកាន់ហាងនេះ ដើម្បី​មើល​កូន​ស្រី​ពៅ របស់ប្រធានាធិបតីអាមេរិក ដោយផ្ទាល់៕

-----------

» រូបភាពជួបជុំមួយគ្រួសារ នៅឆ្នាំ២០១២៖

កូន​ស្រី​ពៅ អូបាម៉ា ចេញ​រត់​តុ​រក​លុយ ក្រោម​ការ​ឃ្លាំ​មើល​ពី​​ភ្នាក់ងារ​សម្ងាត់