កូវេត ចាយ​ជាង១កោដ​​អ៊ឺរ៉ូ ​ទិញ​ឧទ្ធម្ភាគ​ចក្រ​ចម្បាំង​បារាំង​៣០គ្រឿង

ប្រទេសកូវែត (Koweït) ទើបនឹងចុះកិច្ចសន្យា​បញ្ជាទិញ ឧទ្ធម្ភាគចក្រចម្បាំង ចំនួន៣០គ្រឿង ក្នុងទឹកប្រាក់​ច្រើន​ជាង១​ពាន់​លាន​អ៊ឺរ៉ូ ពីប្រទេសបារាំង។ នេះបើតាមការផ្សាយឥ្យដឹង របស់វិទ្យ អាំងហ្វូហ្វ្រង់ (Info France) នៅ​ថ្ងៃ​អង្គារ​នេះ។
កូវេត ចាយ​ជាង១កោដ​​អ៊ឺរ៉ូ ​ទិញ​ឧទ្ធម្ភាគ​ចក្រ​ចម្បាំង​បារាំង​៣០គ្រឿង

ឧទ្ធម្ភាគចក្រ «Caracal» របស់ប្រទេសបារាំង ដែលដាក់ត្រៀម សម្រាប់ព្យុហយាត្រា ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត Express)

កិច្ចសន្យាបញ្ជាទិញ ដែលមានតម្លៃ ១ពាន់លាន និង៧០លានអ៊ឺរ៉ូ ទើបនឹងត្រូវបានចុះហត្ថលេខា នៅថ្ងៃអង្គារ​នេះ រវាងក្រុមហ៊ុន «Airbus Helicopters» និង«Koweït City» ក្រោមវត្តមានរបស់រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង លោក ហ្រង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean Yves le Drian) និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទែសកូវេត។ នេះបើតាម​ការ​ផ្សាយ​ឲ្យដឹង របស់វិទ្យុបារាំងមួយឈ្មោះ «Info France» នៅព្រឹកថ្ងៃអង្គារនេះ។

ឧទ្ធម្ភាគចក្រទាំងនោះ ជាប្រភេទឧទ្ធម្ភាគចក្រ «Caracal» សម្រាប់ដឹកជញ្ជូនទាហាន និងដើម្បីចុះ​បេសកកម្​មជួយសង្គ្រោះ នៅក្នុងពេលមានការប្រយុទ្ធ។ ឧទ្ធម្ភាគចក្រទាំងនេះ ត្រូវបានប្រើប្រាស់ នៅក្នុង​កងទ័ព​បារាំង តាំង​ពី​ជាង​១០ឆ្នាំ​កន្លងមក និងមានប្រទេស ៦ ផ្សេងទៀត បានបញ្ជាទិញរួចហើយ។

ដោយសារកិច្ចសន្យាបញ្ជាទិញនេះ ក្រុមហ៊ុន «Airbus Helicopters» របស់បារាំង ដែលមានទីតាំង​នៅក្នុង​តំបន់ «Bouches-du-Rhône» ភាគខាង​ត្បូង​បារាំង នឹងអាចផ្ដល់ការងារ ទៅឲ្យពលរដ្ឋបារាំងប្រមាណជា ៨៧០០នាក់ ក្នុងរយៈពេលយ៉ាងហោច ២ឆ្នាំ។ ឧទ្ធម្ភាគចក្រ​ដំបូងគេ នឹងត្រូវបញ្ជូន​ទៅឲ្យ​ប្រទេសដ៏តូច នៅ​ក្នុង​ឈូង​​សមុទ្រពែរ្យ៍​មួយនេះ ក្នុងរយៈពេល២ឆ្នាំកន្លះខាងមុខ ខណៈឧទ្ធម្ភាគចក្រចុងក្រោយ នឹងត្រូវបញ្ជូនឲ្យ នៅ​មួយ​ឆ្នាំ​ក្រោយ បន្ទាប់មកទៀត (បានសេចក្ដីថា ទាំង៣០គ្រឿង ត្រូវបញ្ជូនឲ្យដល់ដៃអ្នកទិញ ក្នុងរយៈពេល​យូរ​បំផុត ៣ឆ្នាំកន្លះ)។

សម្រាប់ប្រទេសបារាំង កិច្ចសន្យានេះ បង្ហាញពីភាពជោគជ័យថ្មី សម្រាប់វិស័យសព្វាវុធបារាំង ហើយ​បាន​ជួយ​ពង្រឹង កិច្ចសហប្រតិបត្តិការ​កាន់តែ​ខ្លាំង​ឡើង ជាមួយ​​ប្រទេសកូវេត។ ប្រភពស្និតនឹងក្រសួង​ការពារ​ជាតិ​បារាំង បានបង្ហើបឲ្យដឹងថា ការជជែកពិភាក្សា នៃការបញ្ជាទិញនេះ ទើបនឹងចាប់ផ្ដើម កាលពី៧ខែ​មុន​​នេះ​​ប៉ុណ្ណោះ ហើយ​បាន​សម្រេច ជាស្ថាពរនៅថ្ងៃនេះ ដែលជាពេលវេលាមួយ ដ៏លឿន។

គួរបញ្ជាក់ដែរថា កាលពីខែមេសាកន្លងទៅ ប្រទេសបារាំងបានចុះកិច្ចសន្យា លក់នាវាមុជទឹក ចំនួន១២​គ្រឿង ទៅ​ឲ្យ​ប្រទេស​អូស្ត្រាលី នៅក្នុងទឹកប្រាក់ ប្រមាណជា៣៤ពាន់លានអ៊ឺរ៉ូ៕