កង្វះ​អាហារូបត្ថម្ភ ជា​បញ្ហា​សម្រាប់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ នៅ​រាជធានី​ភ្នំពេញ​

​រាជធានី​ភ្នំពេញ : កុមារ​នៅក្នុង​សហគមន៍​ក្រីក្រ​ក្នុង​នៅ​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​នឹង ហានិភ័យ​ខ្ពស់​នៃ​កង្វះ​អាហារូបត្ថម្ភ ដែល​ប៉ះពាល់​ដល់​ការលូតលាស់​ខាង​រាងកាយ ខួរក្បាល និង​ប្រាជ្ញា​។ ទោះជា​នៅ​កម្ពុ​ជាមាន​អត្រា​ខ្ពស់​នៃ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ក៏ដោយ ក៏​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​មិន​ត្រូវបាន​ចាត់ជា​ជំងឺ​ឡើយ ហើយ​ការតាមដាន​ការលូតលាស់​របស់​កុមារ​នៅតាម​មណ្ឌល​សុខភាព​មិនមែនជា​ទម្លាប់​អនុវត្ត​ជាប្រចាំ​ឡើយ​។​


​ការអង្កេត​របស់​អង្គការ​យូ​នី​សេ​ហ្វ​(UNICEF)​ប្រចាំ​កម្ពុជា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦​នេះ  ប៉ាន់ប្រមាណ​ថា  កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ច្រើនជាង​៣៥​ភាគរយ ដែល​រស់នៅក្នុង​សង្កាត់​ក្រីក្រ​ក្នុង​រាជធានី​មាន​ទម្ងន់ មិន​គ្រប់​។ ក្នុងចំណោម​កុមារ​៣​នាក់ យ៉ាង ហោច​មាន​ម្នាក់​ខ្វះ​ទម្ងន់​។ អត្រា​នេះ​មាន​ខ្ពស់ជាង​តួលេខ​មធ្យម​ថ្នាក់ជាតិ​ដែលមាន ២៤​ភាគរយ ឬ​ត្រូវជា​ម្នាក់ ក្នុងចំណោម កុមារ​៤​នាក់​។ កង្វះ​អាហារូបត្ថម្ភ​បង្ក​ឲ្យ​កុមារ​ប្រមាណ​៤.៥០០​នាក់ បាត់បង់​ជីវិត​ជា​រៀងរាល់ឆ្នាំ​នៅ​កម្ពុជា​។​


​លោក​វេជ្ជបណ្ឌិត អា​ណូ ឡៃ​លូ (Arnaud Laillou) អ្នកឯកទេស​អាហារូបត្ថម្ភ​នៃ​អង្គការ​យូ​នី​សេ​ហ្វ បាន​និយាយថា «…​យើង​ត្រូវការ​ឲ្យ​មាន​វិធី​ដោះស្រាយ​ដែលមាន​លក្ខណៈ​ប្រព័ន្ធ និង​សម្រាប់​រយៈពេល​វែង ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។ វិធីសាស្ត្រ​ដែលមាន​និរន្តរភាព គឺ​មិន​ត្រឹមតែ​ពិនិត្យមើល​បញ្ហា​អាហារូបត្ថម្ភ​តែមួយ​មុខ​នោះឡើយ ប៉ុន្តែ​ត្រូវ​ពិនិត្យ​បញ្ហា​ដទៃទៀត​ដែលមាន​សារៈសំខាន់​ចំពោះ​ការលូតលាស់ និង​ការអភិវឌ្ឍ​របស់​កុមារ​ឲ្យ​បាន​សមស្រប ដោយ​ធ្វើ​ឲ្យ​ប្រាកដថា កត្តា​នានា​ដែល​បង្ក​ឲ្យ​មាន​កង្វះ​អាហារូបត្ថម្ភ​ក្នុងចំណោម​កុមារ ត្រូវបាន​ដោះស្រាយ​តាំងពី​ដំណាក់កាល​ដំបូង​…»​។​


​កម្មវិធី​អភិវឌ្ឍ​កុមារ​តូច​បែប​ពហុ​វិស័យ​របស់​អង្គការ​យូ​នី​សេ​ហ្វ បាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ជំនឿ​ដែល​បញ្ចូល​បញ្ហា​ទឹកស្អាត​និង​អនាម័យ អាហារូបត្ថម្ភ សុខភាព កិច្ចការពារ​កុមារ ការអប់រំ​កុមារ​តាំងពី​នៅ​តូចៗ និង​សមាសភាគ​អភិវឌ្ឍន៍​សហគមន៍ ដើម្បី​ធានាថា កុមារ​ដែល​ងាយ​រងគ្រោះ បំផុត បានទទួល​ការឧបត្ថម្ភ​ដើម្បី​លូតលាស់ និង​អភិវឌ្ឍន៍​បាន​សមស្រប​។ លោក​វេជ្ជបណ្ឌិត អា​ណូ ឡៃ​លូ ពន្យល់ថា ៖ «…​កុមារ​ត្រូវការ​ម្ហូបអាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ ទើប​អាច​លូតលាស់ បាន​សមស្រប​។ តម្រូវការ​មានដូចជា​៖ ទឹកស្អាត​ដែលមាន​សុវត្ថិភាព បង្គន់​អនាម័យ ការថែទាំ​សុខភាព​បានល្អ និង​ការថែទាំ​ពី​ឪពុកម្តាយ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ផងដែរ​។ គ្រាន់តែ​ដោះស្រាយ​បញ្ហា​ក្នុង​ផ្នែក​មួយ នឹងមិន​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​បានឡើយ​…»​។​


​ក្រសួងសុខាភិបាល ក្រោម​ភាពជា​ដៃគូ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ បាន​បង្កើត មណ្ឌល​សុខភាព​សហគមន៍​សម្រាប់​កុមារ ក្រីក្រ​ក្នុង​ទីក្រុង​នៅ​ឆ្នាំ​២០១៤ ក្នុង​គោលដៅ​បង្កើន​កម្រិត​អាហារូបត្ថម្ភ​លើ​កុមារ​ឲ្យ​មាន​ភាពប្រសើរ​ជាង​មុន​។​


​អ្នកគ្រូ ឡុង សូផាត បុគ្គលិក​មណ្ឌល​សុខភាព​សហគមន៍​ផ្សារ​ដើមថ្កូវ និយាយ ថា «…​យើង​ឃើញ​កុមារ​មាន​សុខភាព​ប្រសើរ​ជាង​មុន​ប៉ុន្តែ​នៅតែ​មានការ​ប្រឈម​មួយចំនួន​នៅឡើយ​។ កង្វះ​ចំណេះដឹង​ក្នុងចំណោម​ឪពុកម្តាយ អំពី​ការផ្តល់​ចំណីអាហារ​ឲ្យ​ត្រឹមត្រូវ និង​អវត្តមាន​ពួកគេ​ពី​ផ្ទះ គឺជា​បញ្ហា​មួយ​។ ឪពុកម្តាយ​នៅទីនេះ​ពុំ នៅផ្ទះ​ទេ ដោយ​ត្រូវ​ចំណាយពេល​ភាគច្រើន​របស់​ពួកគាត់ ដើម្បី​ធ្វើការ​ជាប្រចាំ ហើយ​ទុក​ឲ្យ​កូនៗ​នៅ​តែឯង​ក្នុងផ្ទះ​។ ជា លទ្ធផល​កូនៗ​របស់​ពួកគាត់​លេង​នៅ​កន្លែង​គ្មាន​អនាម័យ និង​បរិភោគ​អាហារ គ្មាន​សុវត្ថិភាព ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​…»​។​


​របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក រកឃើញថា កុមារ​កម្ពុជា ប្រមាណ​៣២​ភាគរយ កំពុង​ជួបប្រទះ​នឹង បញ្ហា​ក្រិស​ក្រិន ទោះបីជា​ប្រទេស​កម្ពុ​ជាមាន​សក្តានុពល​ផ្នែក​កសិកម្ម និង​មាន​ស្បៀងអាហារ​គ្រប់គ្រាន់​ដែល​ធានាថា ប្រជាជនមាន​របប​អាហារ​ប្រកបដោយ​ជីវជាតិ​។ ស្ថានភាព​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​រុំ​ា​រ៉ៃ​នៅ​កម្ពុជា​នៅតែមាន​ភាព​ប្រឈម​ខ្ពស់ និង​ចាំបាច់​ត្រូវការ​ដំណោះស្រាយ​ជាបន្ទាន់​។​


​ការពិនិត្យ​អាហារូបត្ថម្ភ​កុមារ ផ្តល់នូវ​ជំនួយ​សុវត្ថិភាព​សម្រាប់​កុមារ ដោយ​បង្ហាញ​ឲ្យ​ឃើញ​កុមារ​ដែល​រង​ការប៉ះពាល់​ពី​កង្វះ​អាហារូបត្ថម្ភ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ អាហារ ដែលមាន​ជីវជាតិ​បន្ថែម ព្រមទាំង​ណែនាំ​កុមារ​ដែលមាន​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ឲ្យ​ស្វែងរក​ការព្យាបាល​ជា​បន្ថែម​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិតៗ​។​


​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល កម្ពុជា និង​អង្គការ​យូ​នី​សេ​ហ្វ​បានដាក់​ឲ្យ​ដំណើរការ​កម្មវិធី​រយៈ​ពេល​៣​ឆ្នាំ​(២០១៦-២០១៨) ទៅលើ​ខេត្ត ស្រុក និង​ឃុំ​ទាំង ទ្បា​យ​ណា ដែលមាន​គម្លាត​ខ្ពស់​នឹង​ការអភិវឌ្ឍ​កុមារ​មិនល្អ ដើម្បី​ធានាថា កិច្ច​អន្តរាគមន៍​នឹង​អាច​ទៅដល់​កុមារ ដែល​ងាយ រងគ្រោះ និង​លំបាក​បំផុត​។ កម្មវិធី​នេះ មាន​ទឹកប្រាក់​ប្រមាណ​៦៥​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ឆ្លើយតប​នឹង​ផែនការ​សកម្មភាព​ទប់​ស្កាត់​ឧបសគ្គ​ចម្បងៗ ដែល​បាន​រារាំង​នូវ​ការទទួលបាន​នូវ​សិទ្ធិ​របស់​កុមារ​នៅ​កម្ពុជា​រួមទាំង​បង្ហាញ​នូវ​វិស័យ​សំខាន់ៗ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ ដោយ​ផ្តោត​សំខាន់​លើ​ការរស់រានមានជីវិត​របស់​កុមារ កម្មវិធី​ទឹកស្អាត ការថែទាំ​សុខភាព ការអភិវឌ្ឍ​កុមារ​តូចៗ ការអប់រំ​ប្រកបដោយ​គុណភាព កម្មវិធី បរិស្ថាន សង្គមកិច្ច និង​អភិបាលកិច្ច​ជា ដើម​៕

កង្វះ​អាហារូបត្ថម្ភ ជា​បញ្ហា​សម្រាប់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ នៅ​រាជធានី​ភ្នំពេញ​