ថៃ​៖ យោធា​នឹងនៅបន្តជ្រៀតជ្រែកក្នុង​នយោបាយ ទោះ​មានការ​បោះឆ្នោត​ឆ្នាំក្រោយ​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-09-2016, 9:39 pm         328

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ​៖ យោធា​នឹងនៅបន្តជ្រៀតជ្រែកក្នុង​នយោបាយ ទោះ​មានការ​បោះឆ្នោត​ឆ្នាំក្រោយ​​ការទទួលយក​រដ្ឋធម្មនុញ្ញ​ដែលមាន​គោលដៅ​រឹត​ដ្បិត​លទ្ធិប្រជាធិបតេយ្យ និង​រក្សា​អំណាច​យោធា​ក្នុង​នយោបាយ​របស់​ប្រជាជន​ថៃ​ភាគច្រើន ក្លាយជា​ចម្ងល់​សម្រាប់​មជ្ឈដ្ឋាន​អន្តរជាតិ។ ​មាន​ហេតុផល​ច្រើនយ៉ាង​ ដែល​ជំរុញ​ឲ្យ​ប្រជាជន​ថៃ​ រើសយក​រដ្ឋធម្មនុញ្ញ​នេះ​។ ហេតុផល​ទាំងនោះ ​មាន​ទាំង ការសន្យា​រៀបចំ​ការបោះឆ្នោត​ឆ្នាំក្រោយ និងការ​រក្សា​ស្ថិរភាព និង​សន្តិសុខ​របស់​របប​សឹក​ជាដើម​។ ប៉ុន្តែ ទោះ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី និង​មានការ​បោះឆ្នោត​ឆ្នាំក្រោយ​ក៏ដោយ នយោបាយ​ថៃ​ ទំនងជា​ចេញ​មិន​រួច​ពី​ស្ថាន​ភាពមិនច្បាស់លាស់​នេះដែរ​។ យោធា​ នៅតែ​បន្ត​លូកលាន់​ ឬ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ ហើយ​អស្ថិរភាព​ និង​ជម្លោះ​នយោបាយ​ នៅ​បន្ត​ជា​ផ្នែក​មួយ​នៃ​សង្គម​ថៃ ព្រោះ​កំណែទម្រង់​នយោបាយ ​គ្មាន​ផ្លែផ្កា ហើយ​ការផ្សះផ្សា​នយោបាយ​ ក៏​មិនបាន​ចេញ​ជា​រូបរាង​ដែរ​។

​ប្រជាជន​ថៃ​ប្រហែល ៦១ ភាគរយ​ បាន​បោះឆ្នោត​ជ្រើស​រើសយក​រដ្ឋធម្មនុញ្ញ ​ដែល​ព្រាង​ឡើង​ដោយ​របប​សឹក​ ក្នុងការ​បោះឆ្នោត​ប្រជាមតិ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។ បើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters  លទ្ធផល​បោះឆ្នោត​បង្ហាញ​ថា អ្នកចូលរួម​បោះឆ្នោត​មាន​ប្រហែល​ត្រឹម ៥៥ ភាគរយ ​នៃ​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ប៉ុណ្ណោះ ដែល​វា​ខុស​ឆ្ងាយ​ពី​ការរំពឹង​របស់​គណកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ ដែលថា​ប្រជាជន​ដល់ ៨០ ភាគរយ​អាច​ចូលរួម។​

​យ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញ​ដែល​ប្រជាជន​ថៃ​ភាគច្រើន​ជ្រើស​រើសយក​នេះ ជា​ច្បាប់កំពូល​ដ៏​ចម្រូងចម្រាស​មួយ ដែល​ត្រូវបាន​បង្កើតឡើង ​ក្នុង​គោលដៅ​ពង្រឹង​អំណាច​ក្រុម​យោធា​ក្នុង​វិស័យ​នយោបាយ​ប៉ុណ្ណោះ​។ ចំណុច​មួយ​ចម្រូងចម្រាស​បំផុត​គឺ បទបញ្ញត្តិ​រដ្ឋធម្មនុញ្ញ​នេះ​ អនុញ្ញាត​ឲ្យ​ព្រឹទ្ធសភា​ អាច​រើស​នាយករដ្ឋមន្ត្រី​បាន​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​។ វា​ច្បាស់​ណាស់​ថា គ្មាន​ឡើយ​ការតាក់តែង​រដ្ឋធម្មនុញ្ញ​ ដែល​ស្របតាម​ស្តង់ដា​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។  តាំងពីដើម​មក សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវបាន គណបក្ស​ធំៗ​ទាំងពីរ មាន​គណបក្ស​ភឿ​ថៃ និង​គណបក្ស​ប្រជាធិបតេយ្យ រួម​ជា​ស្ថាប័ន​សិទ្ធិមនុស្ស​ផង​នោះ ថ្កោលទោស​និង​ជំទាស់​ដាច់អហង្ការ​។

១. ហេតុអ្វី​ប្រជាជន​ថៃ​ភាព​ច្រើន​នាំគ្នា​ជ្រើស​រើសយក​រដ្ឋធម្មនុញ្ញ​ព្រាង​ឡើង​ដោយ​យោធា​នេះ​?
​ការសម្រេច​ជ្រើសរើស​រដ្ឋធម្មនុញ្ញ​រប​ប​សឹក​របស់​ប្រជាជន​ថៃ​នេះ ​ត្រូវបានប្រមុខ​របប​សឹក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា អះអាងថា​ ​ជា​សារ​មួយ​បង្ហាញថា ប្រជាជន​ថៃ​ជឿជាក់​លើ​របប​សឹក ​ដែល​បាន​ដឹកនាំ​ប្រទេស​ត្រឹមត្រូវ និង​រក្សាបាន​នូវ​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​ជាដើម​។ ប៉ុន្តែ​បើតាមអ្នកជំនាញ​ មាន​ហេតុផល​ច្រើន​ជាងនេះ ដែល​ជំរុញ​ចិត្ត​ប្រជាជនថៃ​ឲ្យ​ជ្រើស​រើសយក​រដ្ឋធម្មនុញ្ញ​ដែលព្រាង​ឡើង​ដោយ​របប​សឹក​នេះ។ រដ្ឋធម្មនុញ្ញនេះ ក៏វា​នឹង​ក្លាយជា​ឧបករណ៍នយោបាយ​រឹតត្បិត​ការអនុវត្ត​សិទ្ធិសេរីភាព​និង​ការលូតលាស់​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្តី​។ ​ដូច​បញ្ជាក់​ខាងដើម​ស្រាប់ អ្នកចូលរួម​បោះឆ្នោត​មាន​ប្រហែល ៥៥ ភាគរយ​ប៉ុណ្ណោះ​ទូទាំងប្រទេស​។

​ទាក់ទិន​នឹងលទ្ធផល​ប្រជាមតិ​នេះដែរ លោក​បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់  បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​ថា វាមានហេតុផលច្រើនដែល​ជំរុញឲ្យប្រជាជន​ថៃ​​ជ្រើស​រើសយក​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ។ ទីមួយពួកគេបោះឆ្នោត «យល់ព្រម​» ដោយសារ​ពួកគេ​បាត់បង់​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​ស៊ីវិល ហើយ​ការរក្សាបាន​នូវ​ស្ថិរភាព សន្តិសុខ សន្តិភាព និង​ធានាបាន​កំណើនសេដ្ឋកិច្ច​ របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព ​និង​សណ្តាប់ធ្នាប់​នោះ ​ក៏​ទាក់ចិត្ត​ប្រជាជន​ដែរ​។ លោក​បន្តថា​៖ « ប្រជាជន​ថៃ​ខ្លះ​រើសយក​រដ្ឋធម្មនុញ្ញ​នេះ ដោយសារ​ពួកគេ​ចង់​ឲ្យ​មានការ​បង្កើត​របប​ប្រជាធិបតេយ្យ​តាម​ការបោះឆ្នោត​។ ទោះជា​របប​ថ្មីកើត​ក្រោយ​ការ​បោះឆ្នោត ​មិនសូវមានលក្ខណៈប្រជាធិបតេយ្យពេញ​លេញ​​ក៏ដោយ​ តែ​យ៉ាងហោចណាស់​វា​ប្រសើរ​ជាង​របប​សឹក​ដែរ​។ ចំណែក​ខ្លះទៀត (​ជាពិសេស​ទាហាន​) មិន​យល់ច្បាស់​ឡើយ​ ពី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះឡើយ តែ​ពួកគេ​ទទួលបញ្ជា​ឲ្យ​បោះឆ្នោត​គាំទ្រ​»​។​

​ចំណែក លោក Tossapol Chaisamritpol អ្នកសារព័ត៌មាន​នយោបាយអាស៊ាន នៃ​សារព័ត៌មាន​ថៃ Spring News បានបង្ហាញ​ការយល់ឃើញ​ស្រដៀង​គ្នា​ដែរ​ ចំពោះ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​បោះឆ្នោត​រើសយក​រដ្ឋធម្មនុញ្ញ​ថ្មី​។ តែ​តាម​ការសង្កេត​របស់លោក ការសន្យា​របស់លោក ប្រា​យុទ្ធ ថា​នឹង​រៀបចំ​ការបោះឆ្នោត​ឆ្នាំ ២០១៧ ជា​ចំណុច​ទាក់ទាញ​ចិត្ត​ប្រជាជន​ថៃ​ខ្លាំង​។

«​រយៈពេល​ពីរ​ឆ្នាំ​ចាប់ពី​យោធា​ដណ្តើម​អំណាច ប្រជាជន​ថៃ​មួយចំនួន​មើលឃើញ​របប​សឹក​ជា​អាវ​ក្រោះ​មួយ​ ដែល​អាច​ប្រឆាំង​បញ្ហា​ចលាចល​នយោបាយ និង​ចលនា​បាតុកម្មហិង្សា​តាមផ្លូវ​។ ម្យ៉ាង​លោក ប្រា​យុទ្ធ សន្យាថា​នឹង​រៀបចំ​បោះឆ្នោត​ផ្ទេរអំណាច​ឆ្នាំ​២០១៧ ដោយ​មិន​គិតពី​លទ្ធផល​ប្រជាមតិ​មាន​ទម្ងន់​លើ​ការសម្រេចចិត្ត​របស់​ប្រជាជន​ដែរ​។ ប៉ុន្តែ​កុំភ្លេចថា ហេតុផល​សំខាន់​មួយទៀត​នោះ​ មាន​ប្រជាជន​ថៃ​តិច​ណាស់​ ដែល​បាន​យល់ច្បាស់​ពី​លក្ខណៈសម្បត្តិ​នៃ​រដ្ឋធម្មនុញ្ញ​នេះ មុន​ទៅ​បោះឆ្នោត​»​។

២. ការបោះឆ្នោត​ខាងមុខ​អាចធ្វើ​ទៅបាន តែ​ការស្តារ​ប្រជាធិបតេយ្យ​ជា​រឿង​ស្រពេចស្រពិល​
​ការសន្យា​រៀបចំ​ការបោះឆ្នោត​ឆ្នាំក្រោយ និង​ការ​ឈានទៅ​ផ្ទេរអំណាច​ទៅ​ឲ្យ​របប​ស៊ីវិល​នោះ ក៏​នៅ​ស្ថិតក្នុង​ភាពស្រពេចស្រពិល​នៅឡើយ​ដែរ​។ បើ​ទោះ​មានការ​សន្យា​ពី​ប្រមុខ​របប​សឹក​ក្តី អ្វីៗ​ក៏​អាច​ផ្លាស់ប្តូរ​បានដែរ ព្រោះ​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​ របប​សឹក​ធ្លាប់​និយាយ​បាតដៃ​ខ្នងដៃ​ច្រើនដង​ហើយ​ដែរ​ ពាក់ព័ន្ធ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​។  

​ទាក់ទិន​សំណួរ​ថា ការបោះឆ្នោត​ឆ្នាំក្រោយ វា​ច្បាស់លាស់​កម្រិតណា​នោះ លោក​បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម យល់ឃើញថា ការបោះឆ្នោត​មួយ​នឹង​អាច​ត្រូវគេ​រៀបចំឡើង តែ​កាល​បរិច្ឆេទ​មាន​ពីរ​ផ្សេងគ្នា​ ដោយ​របប​សឹក​សន្យាថា​ការបោះឆ្នោត​ត្រូវធ្វើឡើង​ឆ្នាំ ២០១៧ ខណៈដែល​គណៈកម្មាធិកា​រ​ព្រាង​រដ្ឋធម្មនុញ្ញ​បង្ហើប​ថា ការបោះឆ្នោត​អាចធ្វើ​ឡើង​ដើមឆ្នាំ​២០១៨ ទម្រាំ​គេ​អាច​រៀបចំ​សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​ចប់សព្វគ្រប់​នោះ​។ អ្វីដែល​សំខាន់​អ្នកជំនាញ​ខាងលើ មើលមិនឃើញ​ថា ការបោះឆ្នោត​ផ្ទេរអំណាច​ខាងមុខ​ជួយ​ស្តារ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​ថៃ​ឡើយ​។​

​លោក​បាន​បន្តថា ៖« ការបោះឆ្នោត​អាច​កើតឡើង​។ បើ​ផ្អែក​តាម​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន រដ្ឋាភិបាល​ស៊ីវិល​នឹង​ចេញ​រូបរាង​ឡើង តែ​គណបក្ស​តូចៗ​ច្រើន ​នឹងមាន​អ​សនៈ​ក្នុង​សភា ស្រប​ពេលដែល​គណបក្ស​ធំៗ​ ដូចជា​បក្ស​ភឿ​ថៃ នឹងមាន​ឥទ្ធិពល​តិច​ក្នុង​សភា​វិញ​។ អ្វីដែល​សំខាន់​ជាង​នេះ ព្រឹទ្ធសភា​នឹងត្រូវ​តែងតាំងឡើង ហើយ​ស្ថាប័ន​នេះ​នឹងចូលរួម​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។ ច្បាប់​ថ្មី​មិនអាច​អនុម័ត​បានឡើយ​ បើ​គ្មាន​ការយល់ព្រម​ពី​ព្រឹទ្ធសភា​។ ហើយ​ស្ថាប័ន​ដែល​មិនកើត​តាម​ការបោះឆ្នោត​ដូចជា​ស្ថាប័ន​យោធា​នឹង​នៅមាន​អំណាច ​និង​ឥទ្ធិពល​លើ​រដ្ឋាភិបាល​ដដែល​។ ដូច្នេះហើយ ទោះ​មានការ​បោះឆ្នោត​មែន លទ្ធិប្រជាធិបតេយ្យ​នឹងមិន​ចេញ​រូបរាង​ឡើង​»​។​

​បើ​ក្នុង​ក្រសែរ​ភ្នែក​មជ្ឈដ្ឋាន​សារព័ត៌មាន ការសន្យា​ម្តង​ហើយ​ម្តងទៀត​របស់​របប​សឹក​ ពាក់ព័ន្ធ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ពេលនេះ​ ទំនងជា​មិន​ប្រែប្រួល​ឡើយ ទោះ​ឆ្នាំមុនៗ​របប​សឹក​និយាយ​បាតដៃ​ខ្នងដៃ​ក៏ដោយ​។ លោក Tossapol Chaisamritpol បាន​អះអាងថា ពេលនេះ របប​សឹក​មិនអាច​បំផ្លាញ​ក្តីសង្ឃឹម​របស់​ប្រជាជន និង​ធ្វើ​ឲ្យ​ពួកគេ​ស្អប់ ​និង​ត្រលប់មក​ប្រឆាំង​ពួកគេ​ឡើយ​។ ចង់​មិន​ចង់​គេ​ត្រូវ​រក្សា​ការសន្យា  ព្រោះ​លទ្ធផល​ប្រជាមតិ​បង្ហាញ​ច្បាស់​ហើយ​ថា ប្រជាជន​ព្រម​ទទួលយក​ការដឹកនាំ​កន្លងមកហើយ​។

​ប៉ុន្តែ​លោក​មាន​មន្ទិលសង្ស័យ ​និង​មិន​ទុកចិត្ត​ដំណើរការ​បោះឆ្នោត​ខាងមុខ​ឡើយ​។ «​ទោះ​មានការ​បោះឆ្នោត​ក៏ដោយ បើ​សួរថា ការបោះឆ្នោត​នឹងមាន​លក្ខណៈ​ប្រជាធិបតេយ្យ ​ឬ​ល្អ​កម្រិតណា​នោះ ​ជា​អ្វីដែល​គ្រប់គ្នា​មិនអាច​ឆ្លើយបាន​។ តែ​ក្នុងនាម​ខ្ញុំ​ជា​អ្នកសារព័ត៌មាន ​ខ្ញុំនឹង​បន្ត​ដាក់​ការងារ​ដើម្បី​ជំរុញ​ ឬ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​រក្សា​ការសន្យា​ និង​ធ្វើ​ឲ្យ​ការបោះឆ្នោត​មាន​លក្ខណៈ​ត្រឹមត្រូវ​សមរម្យ​អាច​ទទួលយកបាន​»​។​

​ជា​ការពិតហើយ វា​អាច​ថា​ល្មម​ដល់ពេល​ដែល របប​សឹក​ថៃ ត្រូវ​ផ្ទេរអំណាច​ទៅ​ឲ្យ​របប​ស៊ីវិល​តាម​ការបោះឆ្នោត​។ បើ​ទោះ​ផ្ទេរអំណាច​មែន វា​មិនមែន​មានន័យថា យោធា​អស់​ឥទ្ធិពល​ឬ​អំណាច​ក្នុងការ​សម្រេចចិត្ត​ឯណា​។ រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ទទួលបាន​ការគាំទ្រ​ដោយ​ប្រជាជន​ថៃ​នោះ គូស​ផ្លូវ​សម្រាប់​ក្រុម​យោធា​, អភិជន​, ប្រជាជន​វណ្ណៈ​កណ្តាល​ដែល​នៅ​ជុំវិញ​រាជ្យ​ប​ល្ល័​ង្គ​នោះ​អាច​ដើរ និង​រក្សា​អំណាច​របស់​ពួកគេ ​ក្នុង​ការកំណត់​ជោគវាសនា​នយោបាយ​ថៃ​រួចហើយ​ដែរ​។

៣.​រដ្ឋធម្មនុញ្ញ​ថ្មី​អាចជួយ​ដល់​ការផ្សះផ្សា​នយោបាយ និង​បញ្ចប់​បញ្ហានយោបាយ​ទៅ​ថ្ងៃមុខ​?
​ម្តង​ជា​ពីរដង ប្រមុខ​របប​សឹក​អះអាងថា រដ្ឋធម្មនុញ្ញ​ថ្មី​មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន​ជាពិសេស​ជួយ​ដល់​ការផ្សះផ្សា​នយោបាយ អាច​ទប់ស្កាត់​ការអនុវត្ត​នយោបាយ​តាម​ចិញ្ចើមថ្នល់ និង​ចលាចល​នយោបាយ​ជាដើម​ទៅ​ពេលអនាគត​នោះ​។ វា​អាចជា​រឿង​ត្រឹមត្រូវ តែ​រដ្ឋធម្មនុញ្ញ​ដែល​ព្រាង​ឡើង​ក្នុង​គោលដៅ​បំពាក់​អំណាច​ឲ្យ​យោធា និង​មិនមែនជា​សមិទ្ធផល​រួម​របស់​ប្រជាជន​ថៃ​គ្រប់​ស្រទាប់វណ្ណៈ​នោះ​មិនមែនជា​ដំណោះស្រាយ​វែងឆ្ងាយ​ឡើយ​។

​ពេល​សួរ​សំណួរ​ថា តើ​រដ្ឋធម្មនុញ្ញ​ថ្មី​អាចជួយ​ដល់​ការផ្សះផ្សា​នយោបាយ​និង​ទប់ស្កាត់​វិបត្តិ​នយោបាយ​ថៃ​ឬ​អត់​នោះ  លោក ដេ​ត សុខ​ឧ​ត្ត​ម បាន​សង្កត់ធ្ងន់ថា វត្តមាន​រដ្ឋធម្មនុញ្ញ​ថៃ​អាចជួយ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ តែ​មិនមែន​ជួយ​ផ្សះផ្សា​នយោបាយ​ថៃ​ឡើយ​។ អ្វីដែល​សំខាន់ ប្រវត្តិ​នយោបាយ​ច្រំ​ដែល​ចាប់ពី​ឆ្នាំ ១៩៣២ ផុស​រូបរាង​ឡើង​ទៀត ដោយ​អស្ថិរភាព​នយោបាយ​បន្ត​ហែកហួរ​សង្គម​មួយ​នេះ​នៅពេល​ខាងមុខ​ចៀស​មិន​រួច​ឡើយ​។

​អ្នកជំនាញ​រូបនេះ​ពន្យល់ថា​៖ «​បើតាមផ្អែកតាមប្រវត្តិ​នយោបាយ​ថៃ វា​ទំនង​ណាស់​ដែលថា ខួប​នៃ​អស្ថិរភាព​នយោបាយ​នឹង​បន្ត​មាន​វត្តមាន​ក្នុងរយៈពេលមធ្យមៗ និង​អាច​ក្នុង​រយៈពេល​វែង​។ ប្រវត្តិ​នយោបាយ​ថៃ គឺ​ពោរពេញ​ទៅដោយ​ការប្រឈមមុខគ្នា​ចុះឡើង​វាង​របប​យោធា​និង​ចលនា​បាតុកម្ម​ចាប់ពី​ឆ្នាំ ១៩៣២​មកហើយ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ផុយស្រួយ​នោះ​ស្ថិតនៅ​ចន្លោះ​កណ្តាល​។ ពេលនេះ​ក៏​ប្រហែលជា​មិន​ខុសពី​ពេលមុន​ដែរ​។ ប្រជាជន​ថៃ​បាន​សាកល្បង​ភ្លក់​រសជាតិ​អំណាច​នៃ​ប្រជាធិបតេយ្យ ហើយ​ពួកគេ​នឹង​ខ្នះខ្នែង​បញ្ចេញមតិ​ច្រើនជាង​មុន​ពាក់ព័ន្ធ​ថា​តើ​ពួកគេ​ត្រូវការ​ការដឹកនាំ​របៀប​ម៉េច​។ ជាធម្មតា​ប្រព័ន្ធ​ដែល​គ្របដណ្តប់​ដោយ​អំណាច​យោធា​មិនអាច​នៅបាន​យូរអង្វែង​ឡើយ​»​។

​មិន​ខុសគ្នា​ពី​អ្នកជំនាញ​ខាងលើ​ដែរ លោក Tossapol Chaisamritpol មើលឃើញថា បើតាម​បរិយាកាស​នយោបាយ​ថៃ​បច្ចុប្បន្ន រដ្ឋធម្មនុញ្ញ​ថៃ​មិន​ជួយ​ធានា​ដល់​ការផ្សះផ្សា​នយោបាយ​ឡើយ​។ សង្គម​ថៃ​ជា​សង្គម​ដែល​បែកខ្ញែក​គ្នា​ខ្លាំង និង​ចាក់​ស្រែះ​ដោយ​ការមិនទុកចិត្តគ្នា​។ ដូច​ឃើញស្រាប់​ហើយ គណបក្សនយោបាយ​ធំៗ មិនទាន់មាន​ការឯកភាព​គ្នា​ឡើយ​ជុំវិញ​ដំណោះ​ស្រាយ​បញ្ហា​ដែលមាន​។ យ៉ាងណាមិញ​លោក​សង្ឃឹមថា របប​សឹក​នឹង​ព្យាយាម​ជំរុញ​ការចរចា​ជាមួយ​បណ្តា​គណបក្សនយោបាយ​ធំៗ​ដើម្បី​ធានាថា ការបោះឆ្នោត​ឆ្នាំក្រោយ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ ដោយ​សន្តិវិធី និង​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​។​

៤. នយោបាយ​ថៃ​ស្ថិតក្នុង​ស្ថានភាព​ទៅមុខ​មិន​រួច បក​ក្រោយ​មិនកើត​
​ដូចដែល​បាន​ពន្យល់​ខាងលើ​ស្រាប់ អនាគត​នៃ​នយោបាយ​ថៃ​ហាក់បីដូចជា​ទៅណា​មិន​រួច​ពី​វិបត្តិ​និង​ភាពមិនច្បាស់លាស់​ឡើយ​។ ប៉ុន្តែ លោក​បណ្ឌិត ដេ​ត សុខ​ឧ​ត្ត​ម យល់ថា បើសិន​ជាមាន​ការគោរព​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យសេរីពីគ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ក្នុងសង្គម​ថៃ ស្ថានការណ៍​នយោបាយ​នេះ​អាច​នឹង​ធូរស្រាល ហើយ​ថៃ​ក៏​អាច​ចាក​ចេញពី​ស្ថានភាព​នយោបាយ​ដែល​«​ទៅមុខ​មិន​រួច បក​ក្រោយ​មិនកើត​នេះ​»​បានដែរ ។ តែ​វា​មិនមែនជា​កិច្ច​ការដែល​ងាយស្រួល​សម្រេចបាន​នោះឡើយ ហើយ​វា​ក៏​ត្រូវការ​ពេលវេលា​យូរ​ដែរ​។

​លោក​ពន្យល់ថា​៖«​បណ្តា​អភិជន ទាំង​ផ្នែក​ស៊ីវិល​និង​យោធា​ក្តី​គួរ​ទទួលយក​សំឡេងឆ្នោត​របស់​ប្រជាជន ទោះបីជា​ពួកគេ​ភាគច្រើន​មិន​ទទួលបាន​ការអប់រំ​ច្រើន​ឬ​ជា​កសិករ​ក្តី​។ ក្នុងករណី​ដែល​ពួកគេ​មិន​សប្បាយចិត្ត​ជាមួយ​រដ្ឋា​ភិ​បាល   គេ​គួរតែ​ព្យាយាម​ផ្លាស់ប្តូរ​ដោយ​ប្រើប្រាស់​វិធានការ​អហិង្សា​និង​តាមបែប​ប្រជាធិបតេយ្យ​ទោះ​វា​ចំណាយ​ពេលវេលា​យូរ​ក៏ដោយ​។ ម្យ៉ាងវិញទៀត បក្សនយោបាយ​ទាំងអស់​ត្រូវមាន​ឯក​ច្ឆ័​នភា​ព​ដែលថា យោធា​មិនគួរ​លូកលាន់​កិច្ចការ​នយោបាយ​ឡើយ​។ ហើយ​រដ្ឋាភិបាល​ថ្មី​ដែល​កើតឡើង​នៅពេល​ខាងមុខ​ត្រូវ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ជំរុញ​ការកសាង​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា ដោយ​មិន​ទោរទន់​ទៅលើ​តែ​គោលនយោបាយ​បម្រើ​ប្រយោជន៍​ភាគច្រើន ហើយ​ប្រឆាំង​ឬ​ព្រងើយកន្តើយ​ដាក់​ក្រុម​ភាគតិច​នោះ​»​។​

​ជារួម ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ របប​ប្រជាធិបតេយ្យ​នៅ​ថៃ នឹង​មិនមាន​លំនាំ​តាម​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​ឡើយ​។ ក្រោយ​ឆ្លងកាត់​វិបត្តិ​នយោបាយ​រាប់​ភ្លេច អ្នកនយោបាយ និង​ប្រជាជន​ថៃ​ប្រហែលជា​ត្រូវការ​ប្រជាធិបតេយ្យ​មួយបែប ដែល​អាច​ទទួលយកបាន និង​បម្រើ​ប្រយោជន៍​ប្រជាជន​ថៃ​ទូទៅ មិនមែន​បម្រើ​តែ​ក្រុម​ភាគច្រើន​ឬ​ក្រុម​ភាគតិច​។ ហើយ​វា​ក៏​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​អាចអនុវត្ត​បានយូ​រ​អង្វែង​ក្នុង​បរិបទ​នយោបាយ​ថៃ និង​អាច​សម្រួល​ឲ្យ​នយោបាយ​ថៃ​ដើរ​ទៅមុខ​មិន​ជាប់គាំង  ស្រប​ជាមួយ​វប្បធម៌​នយោបាយ នៃ​សង្គម​មួយ​នេះ​៕