ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ នៅតែ​បន្ត​ហូរ​ចូល​តាម​ច្រក​តំបន់​អូរ​រំដួល នៃ​ស្រុក​ភ្នំព្រឹក កាន់តែ​ទ្វេ​ឡើង ដោយសារ លោក ឆាយា ដើរ​តាម​គន្លង​មេ​គយ​ចាស់​!

​ខេត្តបាត់ដំបង ៖ បើទោះបីជា លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ គយ​និង​រដ្ឋាករ ច្រក​តំបន់​អូរ​រំដួល នៃ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​កោះអញ្ជើញ​ឲ្យ​ទៅ ឆ្លើយបំភ្លឺ​ពី​ភាពមិនប្រក្រតី នៃ​ការហូរចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព​នៅ​អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ​រហូត​មានការ​ព្យួរការងារ​។ តែ​ទោះយ៉ាងណា​ក៏ដោយ​នៅឯ​ច្រក​អូរ​រំដួល​ឯណោះ​វិញ គេ​សង្កេតឃើញ សកម្មភាព​ដឹកជញ្ជូន ទំនិញគេចពន្ធ និង​ខុសច្បាប់ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​អនាធិបតេយ្យ ក្រោម​ការចាត់ចែង របស់លោក ឆាយា ដែលជា​អនុប្រធាន​ជំនួស​តំណែង​លោក យ៉ែម ហេម​រ៉ា​ត បញ្ហា​នេះ​ទាមទារ​ឲ្យ​ថ្នាក់លើ​ពិនិត្យ​ជាបន្ទាន់​ផង​។​

រហូតដល់​ពេលនេះ ច្រក​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង គឺជា​ច្រក​ដែល​ឈ្មួញ​នាំចូល នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ក៏ដូចជា ស៊ីម៉ង់ត៍ និង​គ្រឿងឧបភោគ បរិភោគ ខូចគុណភាព ពី​ប្រទេស​ថៃ យ៉ាង​ពេញបន្ទុក​។ ក្រោយមក​ថ្នាក់លើ​បាន​អញ្ជើញ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ច្រក​តំបន់​អូរ​រំដួល ឲ្យ​ទៅ​ឆ្លើយបំភ្លឺ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ តាំងពី​ខែមីនា​នោះមក​ម្ល៉េះ ហើយក៏​មានការ​ចាត់តាំង លោក ឆាយា ជា​អនុប្រធាន​ក្តាប់​រួម ឲ្យ​មើល​ការខុសត្រូវ ប្រមូល​ពន្ធ​នៅ​ច្រក​តំបន់​អូរ​រំដួល ។ ប៉ុន្តែ​ចាប់តាំងពី​លោក ឆាយា ឡើងកាន់​អំណាច​សកម្ម​ភាព​នាំចូល​ទំនិញ​ខុសច្បាប់ បង់ពន្ធ​មិន​គ្រប់ នៅតែ​បន្ត​កើតឡើង​។​

​ប្រភពពី​ប​ន្ត្រី​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ទី​នោះបាន​បង្ហើប​ឲ្យ​ដឹងថា លោក ឆាយា មិនបាន​យកចិត្តទុកដាក់ កែទម្រង់​ស្តារ​ស្ថានភាព​ការងារ​ប្រមូល​ពន្ធ​ឲ្យ​ល្អប្រសើរ​ឡើង​នោះទេ បែរជា​ដើរ​តាម​គន្លង​ចាស់ របស់លោក យ៉ែម ហេម​រ៉ា​ត ដោយ​ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ ចូល​តាម​ច្រក​តំបន់​អូរ​រំដួល​ដដែល និង​បាន​ចាត់តាំង​ឲ្យ​មានការ​ប្រមូល​លុយ​ឆៅៗ​ពី​ឈ្មួញ​គ្មាន​វិក្កយបត្រ ដែល​លុយ​ទាំង​នោះបាន​ធ្លាក់ចូល​ទៅក្នុង​ហោប៉ៅ របស់​មន្ត្រី​គយ​ពុករលួយ ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​មិន​ខុសពី​ជំនាន់​មេ​គយ​ចាស់​នោះទេ​។ ករណីនេះ ទាមទារ​ឲ្យ​លោក គុណ ញឹម មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​លោក ឆាយា ជិះសេះ​លែងដៃ​នោះទេ​៕

KA-09-08-2016-20 KA-09-08-2016-21លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា