រឿងធំហើយ! មន្ត្រីកំពូលៗ និងចាស់ព្រឹទ្ធាចារ្យក្នុង​គណបក្សសាធារណរដ្ឋ ប្រកាសមិនគាំ​ទ្រលោក Donald Trump ហើយថានឹងមិន​បោះឆ្នោតឲ្យ​ថែមទៀត

(វ៉ាស៊ីនតោន)៖ មន្ត្រីផ្នែកនយោបាយការបរទេស និង ក្រុមអ្នកជំនាញផ្នែកសន្តិសុខជាតិអាមេរិក ភាគច្រើនជាមន្ត្រី ជើងចាស់របស់អតីតរដ្ឋបាលលោក George W. Bush បានរួមគ្នាចុះហត្ថលេខា​លើលិខិតមួយ ដែលថ្កោលទោស ការតែងតាំងលោក Donald Trump ធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងគណបក្សនេះ ហើយពួកគេបាន ប្តេជ្ញាថានឹងមិនបោះឆ្នោតឲ្យលោក Trump ថែមទៀត​ផង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។

លិខិតខាងលើនេះ ដំបូងឡើយត្រូវបានចេញផ្សាយដោយកាសែត The New York Times នៅថ្ងៃចន្ទ ដោយក្នុងនោះបានព្រមានថា «យើងជឿជាក់ថា នៅក្នុងការិយាល័យ Oval Office លោក Donald Trump នឹងក្លាយជាប្រធានាធិបតីដំបូងដ៏ខ្ជីខ្ជាបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។» សម្រាប់អ្នកដែល បានចូលរួមចុះហត្ថលេខាថ្កោលទោសនោះ ក៏មានលោក Michael Hayden នាយកទីភ្នាក់ងារសន្តិសុខជាតិ និងជាអតីតប្រធាន CIA, លោក John Negroponte អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីការបរទេស, និង លោក Eric Edelman ជាទីប្រឹក្សាសន្តិសុខ ជាតិសម្រាប់អនុប្រធានាធិបតី Dick Cheney ផងដែរ។

ការថ្កោលទោសរបស់ មន្ត្រីកំពូលៗ និងចាស់ព្រឹទ្ធាចារ្យក្នុងជួរថ្នាក់ដឹកនាំសំខាន់ៗរបស់អាមេរិកនេះ គឺក្រោយពីពួកគេបានមើលឃើញថាលោក Trump បាននិងកំពុងធ្វើឲ្យពិភពលោក​មើលទៅដូចជា​កន្លែង​ដ៏គ្រោះថ្នាក់បំផុតមួយ។ នៅក្នុងលិខិតនោះ បានបញ្ជាក់ថា ប្រជាជនអាមេរិកភាគច្រើន មានមន្ទិលចំពោះលោក Trump ខ្លាំងជាងចំពោះ លោកស្រី គ្លីនតុន ដែលវាបានបញ្ជាក់ថាលោក Trump មិនមែនជាចម្លើយសម្រាប់ពួកគេនោះទេ ហេតុដូច្នេះ សមាជិកទាំងអស់បានសន្មត់ថា «លោក Trump គ្មាននិស្ស័យក្នុងការធ្វើប្រជាប្រធានាធិបតីអាមេរិកនោះឡើយ»៕ ប្រភព៖ Freshnews.asia


Related Posts