បុរស​ម្នាក់​ត្រូវ​បាន​ចោរប្លន់ ភ្ជង់​យក​ម៉ូតូ​បាន​សម្រេច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញពី​ធ្វើការ ពេល​ជិះ​មក​ផ្ទះ​វិញ​ត្រូវ​បាន​បុរស​ម្នាក់​ហៅ​ឌុ​ប​ដោយ​កុហក​ថា​ឲ្យ​ជូន​មក​ផ្ទះ​នៅ​ជិត​នោះ ពេល​ជូន​បាន​បន្តិច​ដល់​ក្នុង​បុរី​កន្លែង​ស្ងាត់​ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី ល្ងាច​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្នុង​បុរី​សឡា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​មានឈ្មោះ ជួប សុ​ជាតិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ទើបតែ​ចេញពី​ធ្វើការ​នៅ​ការដ្ឋាន​ម្ដុំ​ផ្សារ​ដី​ហុយ ហើយ​ពេល​ជិះ​ម៉ូតូ​បំណង​ត្រឡប់​ទៅ​ផ្ទះ​លុះ​មក​ដល់​ចំណុច​ស្ថានីយប្រេងឥន្ធនៈ ភី​ធី​ធី ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​មិន​ដែល​ស្គាល់គ្នា​សោះ​បាន​សុំ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​នៅ​ខាង​មុខ ហើយ​ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់​ជន​រង​គ្រោះ​ថា​គាត់​នឹង​ឲ្យ​លុយ​ពេល​ជូន​គាត់​ទៅ​ដល់ ពេល​នោះ​ជន​រង​គ្រោះ​គិត​ថា​ផ្លូវ​ស្របគ្នា​ហើយ​ផ្ទះ​នៅ​ជិត​នោះ​ទៀត គិត​ថា​ចង់​ចំណេញ​ប្រាក់​ក៏​ព្រម​ដឹក​ជនសង្ស័យ​ទៅ​ក្នុង​បុរី​សឡា​។

ក្រោយ​ពី​ដឹក​ជនសង្ស័យ​ទៅ​មុខ​ផ្ទះល្វែង​មួយ​ដែល​ចាក់សោ​ចោល ពេល​នោះ​ជនសង្ស័យ​បាន​កុហក​ជន​រង​គ្រោះ​ថា ចាំ​បន្តិច​សិន​ចាំ​យក​លុយ​ព្រោះ​គាត់​តេ​ទៅ​ប្អូន​ឲ្យ​យក​សោ​មក​ចាក់​ផ្ទះ​សិន បន្តិច​ក្រោយមក​ជនសង្ស័យ​ប្រើ​ល្បិច​ធ្វើ​ជា​ឈរ​និយាយ​ទូរស័ព្ទ​។ ពេល​ដែល​ជនសង្ស័យ​កំពុង​តែ​ឈ​និយាយ​ទូរ​សព្ទ័​ជន​រង​គ្រោះ​មិន​បាន​ជិះ​ម៉ូតូ​ទៅ​ណា​ទេ ព្រោះ​ជនសង្ស័យ​មិន​ទាន់​ឲ្យ​លុយ​បន្តិច​ក្រោយមក​ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ដឹក​ទៅ​មុខ​បន្តិច​ដើម្បី​យក​សោ​ពី​ប្អូន​ពេល​ដែល​ជនសង្ស័យ​ឡើង​ជិះ​លើ​ម៉ូតូ​ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​ភ្ជង់​ជន​រង​គ្រោះ​ពីក្រោយ​ហើយ​បាន​ឲ្យ​ជន​រង​គ្រោះ​ចុះ​ពីលើ​ម៉ូតូ ឯ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​មាន​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FU-8605​។ ក្រោយមក​ជន​រង​គ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅផ្ទះ​របស់​លោក​មេ​ភូមិ​ខាងលើ ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ចោរប្លន់​ដើម្បី​យក​មក​ចាត់ការ​ទៅ​តាម​នីតិវិធី​៕