រថយន្ដ​ដឹក​កម្មករ​កាត់ដេរ​២​គ្រឿង ព្រលះ​គ្នា​របួសធ្ងន់​ស្រាល​១២​នាក់

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បណ្តាល​ឲ្យ​កម្មករ​កម្មការិនី​រង​របួសធ្ងន់​ស្រាល​១២​នាក់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ស្ថិត​នៅ​ភូមិ​ថ្នល់ជាតិ​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ ដឹក​កម្មករ​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ដឹក​កម្មករ​ដូច​គ្នា បណ្តាល​ឲ្យ របួសធ្ងន់​៤​នាក់ បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត និង​៨​នាក់​របួសធ្ងន់​ជា​មធ្យម​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​។

ភ្លាម​ៗ​នោះ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ចុះ​ទៅ​មន្ទីរពេទ្យ​ទាំង​២ ដើម្បី​សួរសុខទុក្ខ​ប្អូន​ៗ​កម្មករ​កម្ម​ការ​នី​រង​គ្រោះ​ទាំងអស់​ផង​ដែរ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​កម្ម​ការ​នី​ក្រុម​ថែម​ម៉ោង បាន​បើក​ចេញ​បន្តកន្ទុយ​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ដោយ​មាន​ល្បឿន​លឿន ហើយ​បាន​បើក​វ៉ា​ជែង​គ្នា ប្រសាច​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ចំណុះ​៥​តោន​ដឹក​កម្មករ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ហ៊ី​យិ​ន​ដាយ​ចំណុះ​៥​តោន​ដឹក​កម្មករ​ដូច​គ្នា​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បុក​ចំ​ជើង​កម្ម​ការ​នី​ដែល​អង្គុយ​និង​ឈរ​ដាក់​ជើង​មក​ក្រោយ​ធ្វើ​ឲ្យ​បាក់ជើង​កម្ម​ការ​នី​ចំនួន​៤​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ពោះធំ​ម្នាក់ និង​របួស​ជើង​បែកក្បាល​ចំនួន​៨​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត​៤​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​៨​នាក់​ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើក​វ៉ា​ជែង​គ្នា ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។ រីឯ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក ការិយាល័យ​នគរបាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ចំពោះ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​៕