មហាសេដ្ឋី​​​​​​​​លំដាប់​ទី​​៣លើ​​លោក​ ​​ធ្លាប់​ជា​ក្មេង​​ដើរ​លក់ស្ករគ្រាប់​

​នៅ​ក្នុង​​ឆ្នាំ​ ២០១៦​​នេះ ​គេហទំព័រ​​​​​លំដាប់​ពិភព​លោក​ Forbe បាន​​​ចាត់​ថ្នាក់​​​​​​​​​​​លើ​ក្រុម​​​អ្នក​​មាន​ទ្រព្យ​​ច្រើន​​​​ជាង​គេ​បំផុត​​នៅ​លើ​ជុំវិញ​ពិភពលោក ដោយ​រក​ឃើញ​​​​​​​​​មហាសេដ្ឋី​​​​​​ប្រាក់​​​ពាន់​លាន​​​​​ដុល្លារ​​​​ជា​ច្រើន​រូប​ ដែល​ភាគ​ច្រើន​​ជា​អ្នក​ជំនួញ​​​រស់​​នៅ​​​សហរដ្ឋ​អាមេរិក។

 

មហាសេដ្ឋី​​​​​​​​លំដាប់​ទី​​៣លើ​​លោក​ ​​ធ្លាប់​ជា​ក្មេង​​ដើរ​លក់ស្ករគ្រាប់​

 

ក្នុង​​​​​ចំណោម​មហាសេដ្ឋី​​​ទាំង​​​១០ ​​លើ​គេ​​​​​ លោក​ Warren Buffett ​​ស្ថិត​​នៅ​ក្នុង​​លេខរៀង​​ទី​​៣​​​ ដោយ​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ​៦០​,៨ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​លេខ​​​១​បាន​ទៅ​ Bill Gates ​​។ ​ក្រៅ​ពី​ក្លាយ​ជា​មហាសេដ្ឋី​​​​​​​​​​​​​​​​​ លោក​​​ក៏​​ត្រូវ​គេ​ចាត់​ទុក​​​​​ជា​សប្បុរស​ជន​​​​​​​ធ្លាប់​បរិច្ចាគ​ជួយ​សង្គម​​ដ៏​ច្រើន​​ផង​ដែរ។

 

តើ​​លោក​ Warren មាន​​​ប្រវត្តិ​តស៊ូ និង​​​​ការ​​សិក្សា​​​អប់រំ​កម្រិត​ណា?
​​​​​​​​
Warren Edward Buffett ​​​បាន​​កើត​​​នៅ​ថ្ងៃ​ទី​ ៣០​សីហា ​ឆ្នាំ​​ ១៩៣០​​​ នៅ​ទីក្រុង​​ Omaha ​រដ្ឋ​​​ Nebraska សហរដ្ឋអាមេរិក​ ។ ឪពុក​​​ឈ្មោះ Howard ​​​ធ្លាប់​ធ្វើ​ជា​អ្នក​គួក​ជេរ​ហ៊ុន និង​ជា​​សមាជិក​សភា​អាមេរិក​​ ឯ​​ម្ដាយ​​​ឈ្មោះ​ Leila Stahl Buffett ជា​ស្ត្រី​មេ​ផ្ទះ។ ​​​​បច្ចុប្បន្ន​​​ លោក​​ជា​​​នាយក​ប្រតិបត្តិ ​​និង​​​ម្ចាស់​ភាគហ៊ុន​ធំ​ជាង​គេ​បំផុត​នៃ​ក្រុមហ៊ុន​ពហុ​វិស័យ​​​​​​​ Berkshire Hathaway មាន​ទី​ស្នាក់​ការ​​នៅ​​ទីក្រុង​ Omaha។ ​​​
​​​​​​​​​​​​​​​

ជីវិត​​​​​​​​​​​​កុមារភាព​​​​លម្អិត៖

លោក Warren ​ជា​កូន​​ទី​​២ នៃ​​បងប្អូន​​​ទាំង​អស់​​៣​នាក់​ ​ដែល​​មាន​​​ស្រី​​ ២នាក់​។ ​លោក​មាន​ដុង​​ធ្វើ​​ជំនួញ​​លក់​ដូរ​​​​​តាំង​ពី​តូច​​ ហើយ​ធ្លាប់​ដើរ​​​លក់​ស្ករ​គ្រាប់ ស្ករកៅស៊ូ និង​​ភេសជ្ជៈ​​​​​​​​​ដល់​​មុខ​ផ្ទះ​​​​​​គេ។ ​នៅ​អាយុ ​​​១១​ឆ្នាំ​ គាត់​បាន​​​​បោះ​​ទុក​រកស៊ី​​លើក​ដំបូង​​​​ ដោយ​ទិញ​​ហ៊ុន​​​ចំនួន​​ ៣​ របស់​ក្រុមហ៊ុន Cities Service Preferred ដោយ​​មួយ​ហ៊ុន​​តម្លៃ​ ៣៨​ដុល្លារ​។ រហូត​​ដល់​​​​អាយុ​ ២០​ឆ្នាំ​​ គាត់​សន្សំ​លុយ​បាន​​ជិត​​១ម៉ឺន​ដុល្លារ ​ហើយ​សម្រេច​​​​​ចាប់​ផ្ដើម​​​អ្នក​គួក​ជេរ​​ហ៊ុន​ទាំង​​​ប្រថុយ​ប្រថាន។
​​
-ឪពុក​​​របស់​គាត់​​​​​​​​ធ្លាប់​ជា​សមាជិក​​សភា​​​អាមេរិក​មួយ​​អាណត្តិ​​រយៈពេល​​​ ៤ឆ្នាំ។
-​​ ​គាត់​​បាន​​ចូល​រៀន​​​​​ថ្នាក់​បឋម​សិក្សា​​​​​ Rose Hill ​​​រួចបន្ត​ទៅ​​​ថ្នាក់​វិទ្យាល័យ​​ Alice Deal Junior  និង​ដូរ​​ទៅ​​​​វិទ្យាល័យ​​ Woodrow Wilson រហូត​​ដល់​ចប់​​​​​ឆ្នាំ​ ​១៩៤៧។
ឆ្នាំ​​ ​១៩៤៧៖​ គាត់​​បន្ត​​​​​ថ្នាក់​​សាកល​វិទ្យាល័យ​​​ Pennsylvania ​ និង​​សិក្សា​បាន​ ២​ឆ្នាំ​​ដូរ​ទៅ​​​​សាកលវិទ្យាល័យ​​ Nebraska-Lincoln រហូត​បញ្ចប់​​​ថ្នាក់​បរិញ្ញាបត្រ​​គ្រប់​​គ្រង​អាជីវកម្ម​។
ឆ្នាំ​ ១៩៥១៖  បន្ត​​ថ្នាក់​​​​​​​អនុបណ្ឌិត​​​​​ផ្នែក​សេដ្ឋកិច្ច​​​​ នៅ​សាលា​​ Columbia Business School ។

 

មហាសេដ្ឋី​​​​​​​​លំដាប់​ទី​​៣លើ​​លោក​ ​​ធ្លាប់​ជា​ក្មេង​​ដើរ​លក់ស្ករគ្រាប់​

Buffett ជួប​ជជែក​​​គ្នា​ជាមួយ​ Bill Gates

 

អំពី​ការ​ងារ៖

​​​ឆ្នាំ ១៩៥១ ដល់ ១៩៥៤៖ ​គាត់​បាន​ធ្វើការ​​​​​នៅ​ក្រុមហ៊ុន​​​​​របស់​ឪពុក​​​ឈ្មោះ​​ថា​ Buffett-Falk& Co. ជា​អ្នក​លក់។
​​ឆ្នាំ ​១៩៥៤៖ ​​ក្រោយ​បញ្ចប់​​ថ្នាក់​​អនុបណ្ឌិត​ ​គាត់​បាន​ទៅ​​ធ្វើការ​​​​នៅ​​ក្រុម​ហ៊ុន​​​របស់​លោក​ Benjamin Graham ​​​ដែល​ជាក្រុមហ៊ុន​​ដៃ​គូ​​របស់​ឪពុក​លោក​​​ ដោយ​ទទួល​បាន​ប្រាក់​​​ប្រឆាំ​ឆ្នាំ​ ១២​ ០០០​ដុល្លារ។

​ឆ្នាំ​ ១៩៥៦៖ ​លោក​ Benjamin Graham ​​​​​ជា​អ្នក​វិនិយោគ​ល្បី​ឈ្មោះ​ម្នាក់​​ ​បាន​​ចូល​និវត្ត​​​ និង​​បិទការ​រក​ស៊ី​​​ជា​ដៃ​គូ​​ជាមួយ​ក្រុមហ៊ុន​ឪពុក​លោក។ តែ​ Buffett ​ ​សន្សំ​​បាន​ប្រាក់​​​​​​​ច្រើន​​ ​រហូត​​បើក​​ក្រុមហ៊ុន​ខ្លួន​ឯង​វិញ​ឈ្មោះ​ Buffett Partnership Ltd., នៅ​ទីក្រុង​ Omaha។ ​​

​​​​​​​ឆ្នាំ​​ ​១៩៦២៖ ​គាត់​បាន​​ក្លាយ​ជា​​មហាសេដ្ឋី​​​​​ប្រាក់​លាន​ដុល្លារ​ ​បន្ទាប់​ពី​​ចាប់​ផ្ដើម​​​បើក​ក្រុមហ៊ុន​ដៃ​គូ​ច្រើន​ឡើង​​ៗ​រហូត​​ចំនួន​​ ៧ ដោយ​រក​ចំណូល​​បាន​​កប់ក្ដោង​។ ក្រោយ​មក​​​ក្រុមហ៊ុន​ដៃ​​គូ​​ទាំង​អស់​របស់​គាត់ ​​បាន​​​​​រំលាយ​ចូល​គ្នា​​​ទៅ​​​ជា​ក្រុមហ៊ុន​​វាយនភណ្ឌ​​​​​ដ៏​ធំ​​មួយ​​ឈ្មោះ Berkshire Hathaway និង​​​ចាប់​ផ្ដើម​​​ទិញ​ហ៊ុន​​ជា​បណ្ដើរ​ៗ។

​​​​​​​​​​ចុង​​ឆ្នាំ​ ១៩៦២៖ ​​​​គាត់​បាន​​ប្ដូរ​​​ពី​​ជំនួញ​វាយនភណ្ឌ​​​ទៅ​​ជា​​វិស័យ​​​ធានារ៉ាប់រង។

ឆ្នាំ​ ​១៩៨៥​៖​ ​សម្ភារៈ​​​ក្នុង​​​​​​ក្រុមហ៊ុន​វាយនភណ្ឌ​ត្រូវ​បាន​​​ដាក់​លក់​ទាំង​​អស់។

ឆ្នាំ​ ១៩៨៧៖ ក្រុមហ៊ុន​ធានារ៉ាប់រង​​ Berkshire Hathaway ​​​​បាន​​ទិញ​​ភាគ​​ហ៊ុន​​ ១២%​ ​​​របស់​ក្រុម​ហ៊ុន​​ Salomon Inc. រហូត​ក្លាយ​ជា​ម្ចាស់​​ភាគ​ហ៊ុន​ធំ​ជាង​គេ​បំផុត។

ឆ្នាំ​ ១៩៩០៖ ​ក្រុមហ៊ុន​​ Salomon Brother ជួប​វិបត្តិ​​​បណ្ដាល​​ឲ្យ​ CEO ​​លោក John Gutfreund ចាក​ចេញ​ពី​ក្រុម​ហ៊ុន​នៅ​​ឆ្នាំ​ ១៩៩១។ ក្រោយ​មក​​​លោក​ Buffett ​​​បាន​​ឡើង​កាន់​ជា​ប្រធាន​​​​​​ Salomon រហូត​​វិបត្តិ​ត្រូវ​បាន​ដោះ​ស្រាយ។

ឆ្នាំ​ ១៩៨៨៖​ Buffett ចាប់​ផ្ដើម​​ទិញ​​​​ហ៊ុន​​​ក្រុមហ៊ុន​ Coca-Cola រហូត​​​​កើត​ឡើង ៧% ​ជាមួយ​ទឹក​ប្រាក់​ ១,០២​​ពាន់​លាន​ដុល្លារ។​​

​​ឆ្នាំ​ ២០០៦៖ ​​Buffett ​​រក​បាន​​​ចំណូល​ជាង​ ២​ពាន់​លាន​ដុល្លារ តែ​លោក​​​​សម្រេច​​បរិច្ចាគ​ភាគ​ហ៊ុន​​​ក្រុមហ៊ុន​ Berkshire ​បន្តិច​ម្ដង​ៗ​​​​ ៨៥% ​ទៅ​កាន់​​​មូលនិធិ​សប្បុរស​ធម៌​​​ចំនួន​​​៥ រួម​ទាំង​ចូល​ជាមួយ​​មូលនិធិ​​ Bill និង​ Melinda Gates Foundation ផង។

ឆ្នាំ​ ២០០៨៖ ​លោក​បាន​ក្លាយ​​ជា​មហាសេដ្ឋី​​​​​មាន​​ជាង​គេ​​​​បំផុត​​​ក្នុង​លោក​​ ជា​មួយ​ទឹកប្រាក់​ ៦២​ពាន់​លាន​ដុល្លារ ​ដោយ​​​បាន​វ៉ា​ដាច់​ Bill Gates ​​ធ្លាប់​​គ្រង​លេខ​​​ ១ ​តែ​​នៅ​​ឆ្នាំ​បន្ទាប់​ Bill Gate បាន​ដណ្ដើម​​ចំណាត់​ថ្នាក់​លេខ​មួយ​មកវិញ។

ជីវិត​​ផ្ទាល់​ខ្លួន៖

ឆ្នាំ​ ១៩៥២៖ ​លោក​បាន​​រៀបការ​ជាមួយ​​អ្នក​ស្រី​ Susan Thompson រហូត​មាន​កូន​​ ៣​នាក់។ Susan បាន​​ចាកចេញ​​ពី​លោក​នៅ​​ឆ្នាំ​ ១៩៧៧ ​ដើម្បី​បន្ត​អាជីព​ផ្ទាល់​ខ្លួន​​របស់​អ្នកស្រី​ និង​​រស់​​នៅ​ដាច់​ពី​គ្នា។​ ​អ្នក​​​ទាំង​​ពី​​រមិន​បាន​លែងលះ​​គ្នា​ទេ​​ ​រហូត​​​ឆ្នាំ​ ២០០៤ ​អ្នក​ស្រី​ Susan បាន​ស្លាប់​ចោល​។​​​​​​​​​​​​​ ​

ឆ្នាំ​ ​២០០៦៖ ​គាត់​បាន​​រៀប​ការ​​ជាមួយ​ដៃ​គូ​រកស៊ី​​​​​​ដ៏​យូរយារ​​ម្នាក់​​​​ គឺ​អ្នក​ស្រី​ Astrid Menks ​​រហូត​ដល់​បច្ចុប្បន្ន។

ឆ្នាំ​ ២០១១៖ ​លោក​ទទួល​បាន​​មេដាយ​ខាង​សេរីភាព​​ Presidential Medal of Freedom ​ពី​ប្រធានាធិបតី​​អូបាម៉ា ។

ឆ្នាំ​ ​២០១២៖ ​លោក​​​​បាន​កើត​ជំងឺ​​មហារីក​ក្រពេញ​ប្រូស្ដាត​​​ តែ​​​ព្យាបាល​​បាន​ជោគជ័យ។ ជា​ច្រើន​​ឆ្នាំ​​បន្ត​បន្ទាប់​ទៀត ​គាត់​​សម្រេច​​ចិត្ត​​​​យក​ប្រាក់​ខ្លះ​ជួយ​សង្គម​តាម​រយៈ​​​មូលនិធិ​សប្បុរស​ធម៌​នានា៕

 

មហាសេដ្ឋី​​​​​​​​លំដាប់​ទី​​៣លើ​​លោក​ ​​ធ្លាប់​ជា​ក្មេង​​ដើរ​លក់ស្ករគ្រាប់​

 

ចុចអាន៖ មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Famous People​​​​