ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៣)

ភាគ​ទី​៣៣

និយាយ​ដល់​ត្រង់​ហ្នឹង ​គាត់​ក៏​លើក​ដៃ​ទាំង​ពីរ​ផ្គុំ​គ្នា​ឡើង បន្ទាប់​គាត់​ក៏​គ្រវាស​ដៃ​ទាំង​សងខាង​ឱ្យ​បែក​ចេញ​ពី​គ្នា​ទៅ​វិញ ពេល​នោះ​ស្រាប់​តែ​សន្ទុះ​ខ្យល់​យ៉ាង​ខ្លាំង​បក់​មក​រក​ខ្លួន​អាចារ្យ​វង់ឈូយី​ គាត់​ម្នីម្នា​លើក​ដៃ​ឡើង​ទះ​ទៅ​មុខ​ បង្កើត​ជា​សន្ទុះ​ខ្យល់​យ៉ាង​ខ្លាំង​ទប់​ទៅ​វិញ។ កម្លាំង​ខ្យល់​ដ៏​ខ្លាំង​មហិមា​នេះ​បាន​ធាក់​បញ្ច្រាស​​មក​រក​ម្ចាស់​វិញ ប៉ុន្តែ​គេ​បាន​ទះ​ផ្ទប់​ទៅ​វិញ​រៀង​ខ្លួន​ភ្លាម ក្នុង​មួយ​រំពេច​នោះ​ អ្នក​សច្ចំ​លឹងជឺ​លូក​ដៃ​មក​ចាប់​ក​ដៃ​អាចារ្យ​​វង់ឈូយី​​ អាចារ្យ​​វង់ឈូយី​​គ្រលៀស​កែង​ដៃ​ចេញ​ ហើយ​លូក​ដៃ​យ៉ាង​រហ័ស​ចាប់​ដៃ​អ្នក​សច្ចំ​វិញ។
ដៃ​ទាំង​ពីរ​បាន​តប់​ប៉ះ​​ត្រូវ​គ្នា​នៅ​ពេល​នោះ​ឯង ប៉ុន្តែ​ដៃ​អ្នក​ទាំង​ពីរ​នោះ​គ្រាន់​តែ​ទង្គិច​គ្នា​បន្តិច​ក៏​បែក​គ្នា​វិញ។ ក្នុង​ពេល​នោះ​អ្នក​សច្ចំ​លឹងជឺ​ប្រែ​ទឹក​មុខ​ភ្លាម​ គាត់​ពោល​ឡើង៖
«គ្រាន់​បើ​មែន!»

 

ពោល​ដូច្នោះ​ហើយ​ក៏​លោត​ថយ​ទៅ​ក្រោយ​វិញ​យ៉ាង​ប្រញាប់។ អាចារ្យ​​វង់ឈូយី​​សើច​ញឹមៗ​ឆ្លើយ​ថា៖
«លោក​ម្ចាស់​ធ្លាប់​មាន​មុខ​មាន​មាត់​នឹង​គេ​ដែរ​ ម្ដេច​ក៏​មិន​រក្សា​នូវ​កិត្តិយស​របស់​ខ្លួន​និយាយ​ហើយ​មិន​កាន់​សច្ចៈ​អ៊ីចឹង?»
អ្នក​សច្ចំ​លឹងជឺ​ឆ្លើយ​ទាំង​កំហឹង​ថា៖
«យើង​មិន​មែន​ចង់​ឃាត់​ក្មេង​នេះ​ទុក​នោះ​ទេ យើង​ចង់​ទុក​លោក​នៅ​ទីនេះ​ណា៎!»
អ្នក​សច្ចំ​លឹងជឺ​នេះ កាល​ដែល​បាន​តប់​មួយ​ដៃ​ត្រូវ​នឹង​ដៃ​អាចារ្យ​​វង់ឈូយី​​ គាត់​មាន​របួស​គ្រាំគ្រា​ក្នុង​ខ្លួន​យ៉ាង​ដំណំ​ ប្រសិន​បើ​គាត់​ខំ​សង្កត់​ចិត្ត​ឱ្យ​មាន​ដង្ហើម​ស្រួល​នោះ​ ការ​គ្រាំគ្រា​នោះ​វា​មិន​មាន​ប្រតិកម្ម​អ្វី​ភ្លាមៗ​​នោះ​ទេ តែ​ពេល​នេះ​អាចារ្យ​​វង់ឈូយី​​បោះ​ពាក្យ​សម្ដី​ដៀមដាម​ដាក់​គាត់​ គាត់​ខឹង​ខ្លាំង​ពេក​ឈាម​ក៏​កញ្ជ្រោល​ឡើង បណ្ដាល​ឱ្យ​គាត់​ក្អួត​ឈាម​ចេញ​ពី​មាត់​មក​ក្រហម​រងាល​ពេញ​ដី។ អាចារ្យ​​វង់ឈូយី​​មិន​ហ៊ាន​នៅ​យូរ​ត​ទៅ​ទៀត​ គាត់​ដឹក​ដៃ​កួកឆេង​ដើរ​ចេញ​ពី​ទី​នោះ​យ៉ាង​ប្រញាប់។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៣)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ