យុវជន​អាយុ​២០​ឆ្នាំ និយាយ​ពី​មហិច្ឆតា​ចង់​ក្លាយ​ជា​ឯកអគ្គរាជទូត​ប្រ​ចាំ​នៅ​បារាំង

និស្សិត​ភាគច្រើន​តែង​ស្រមៃ​ថា​ចង់​ធ្វើ​គ្រូពេទ្យ មេធាវី សាស្ត្រាចារ្យ​នៅ​ពេល​បញ្ចប់​ការ​សិក្សា។ សម្រាប់ ​​តែ ច័ន្ទ​វឌ្ឍនា​ និស្សិត​ឆ្នាំ​ទី​១​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ អាយុ​២០​ឆ្នាំ​ មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ឯក​អគ្គ​រាជ​ទូត​ឆ្នើម​ម្នាក់​របស់​កម្ពុជា​ប្រចាំ​នៅ​បារាំង។​​​

 

យុវជន​អាយុ​២០​ឆ្នាំ និយាយ​ពី​មហិច្ឆតា​ចង់​ក្លាយ​ជា​ឯកអគ្គរាជទូត​ប្រ​ចាំ​នៅ​បារាំង

 

ក្តី​ស្រម៉ៃ​នេះ​បាន​កើត​ឡើង​តាំង​ពី​វឌ្ឍនា​នៅ​ក្មេង​ម្ល៉េះ គឺ​នៅ​ពេល​រូប​គេ​ចង់​​ឲ្យ​កម្ពុជា​នូវ​មុខ​មាត់​មួយ​លើ​ឆាក​អន្តរជាតិ។ ថ្វី​ត្បិត​មនុស្ស​គ្រប់​គ្នា​យល់​ថា ក្ដី​ប្រាថ្នា​នេះ​ហាក់​ខ្ពស់​ក៏​ពិត​មែន តែ​វឌ្ឍនា​ជឿ​ថា ការ​បង្កើត​ក្ដី​ស្រមៃ​ធំ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​ដួល​បាន​។​

 

យុវជន​​ធ្លាប់​ទទួល​មេដាយ​មាស​ពី​ការ​ប្រកួត​នៅ​សាលា​បញ្ញា​សាស្ត្រ​បន្ត​ថា​ សព្វ​ថ្ងៃ​រូប​គេ​ប្រឹង​ប្រែង​រៀន​ភាសា​បារាំង និង​ចូល​រួម​សកម្ម​ភាព​សង្គម​នា​នា​ដើម្បី​បង្កើន​សមត្ថភាព​។ ធ្វើ​ជា​ឯក​អគ្គ​រាជទូត​វិសាមញ្ញ​ពេញ​សិទ្ធ​និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​បា​រាំង​ គឺ​មិន​អាច​អសមត្ថភាព​បាន​ទេ គឺ​ត្រូវ​ខ្លាំង​លើ​ភាសា​ ​​ការ​ពិភាក្សា​ និង​ចំណេះ​ដឹង​ទូ​លាយ​ជា​សាកល។ ម្ល៉ោះហើយ​ រូប​គេ​មិន​ដែល​ហ៊ាន​ខ្ជិល​នោះ​ទេ។ ពេល​ទំនេរ វឌ្ឍនា​អាន​កាសែត​ ឬ​ព័ត៌មាន​ផ្សេងៗ​ជា​ភាសា​បរទេស ហើយ​ក៏​មិន​ដែល​រំលង​ចំពោះ​ការប្រកួត​ប្រ​ជែង​ផង​ដែរ។ “ខ្ញុំ​មិន​អួត​នោះ​ឡើយ តែ​ជា​ការ​ពិត​។ ខ្ញុំ​ប្រឹង​រៀន​តាំង​ពី​ថ្នាក់​បឋម​មក មិន​ដែល​បាន​លេខ២​នោះ​ទេ ចំណែក​ភាសា​វិញ​ក៏​តែង​ទទួល​បាន Grade A ផង​ដែរ”។ វឌ្ឍនា​អះ​អាង។

 

យុវជន​អាយុ​២០​ឆ្នាំ និយាយ​ពី​មហិច្ឆតា​ចង់​ក្លាយ​ជា​ឯកអគ្គរាជទូត​ប្រ​ចាំ​នៅ​បារាំង
អ្នក​ស្រុក​កំណើត​នៅ​បាត់​ដំ​បង​ បន្ត​ថា​ រូប​គេ​នឹង​ប្រឹង​ប្រែង​យក​អាហារូបករណ៍​ទៅសិក្សា​នៅ​បារាំង​ឲ្យ​បាន។ បើ​សិន​​ថ្ងៃ​ណា​មួយ​ ក្ដី​សុបិន​ដែល​ចង់​ក្លាយ​ជា​ឯក​អគ្គ​រាជ​ទូត​នេះ​បាន​សម្រេច​ពិត​មែន រូប​គេ​ថា​នឹង​បំពេញ​តួនាទី​នេះ​ឲ្យ​បាន​ល្អ​បំផុត។

 

ថ្មី​ៗ​នេះ យុវជន​ តេ ច័ន្ទ​វឌ្ឍនា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នង​កម្មវិធី​យុវជន​មួយ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​មាន​និស្សិត​មកពី​១០​ប្រទេស​ចូលរួម​ផង​ដែរ៕

 

 

អត្ថបទ៖ លឹម សុ​នា​​
​​​