ឈឺ​ល្មមៗ គួរតែ​ចាក់​សេរ៉ូម​ដែរឬទេ​?

ឈឺ​ល្មមៗ គួរតែ​ចាក់​សេរ៉ូម​ដែរឬទេ​?

​ពលរដ្ឋ​ខ្មែរ​មួយចំនួន មាន​និន្នាការ​គិតថា សេរ៉ូម ជា​ថ្នាំ​ទិព្វ អាច​បំបាត់ និង​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ ជាពិសេស ការ​រាក និង​អស់កម្លាំង​។ ប៉ុន្តែ វា​មិនមែន​ជា​ការពិត​ទាំងស្រុង​នោះ​ទេ​។​

​មិនមែន​ជា​ការពិត ក៏​ព្រោះតែ​នៅក្នុង​សេរ៉ូម គ្មានអ្វី​ក្រៅពី​ជាតិ​ទឹក សារធាតុ​អេឡិចត្រូ​លីត្រ ស្ករ ជាតិ​សាច់ ... នោះទេ ហើយ​វា​ក៏​មិន​អាច​ព្យាបាល ឬ​ធ្វើឲ្យ​អ្នកជំងឺ​ជាសះស្បើយ​ភ្លាមៗ ដូច​ដែល​បងប្អូន​គិត​ដែរ​។​

​យ៉ាងណាមិញ សេរ៉ូម ពិតជា​មាន​ប្រយោជន៍​ច្រើន ក្នុង​ករណី​មួយ​ចំនួន ដូចជា អ្នកជំងឺ​មិនអាច​ញ៉ាំ​អាហារ មិនដឹង​ខ្លួន និង​ធ្វើ​ជា​ផ្លូវ​សម្រាប់​ចាក់​ថ្នាំ ដើម្បី​កុំឲ្យ​អ្នកជំងឺ ឈឺ​សាច់​ច្រើន​ដង​ប៉ុណ្ណោះ​។ ក្រៅពីនេះ កត្តា​អារម្មណ៍ ក៏​ជះឥទ្ធិពល​ខ្លាំង​ដែរ ពីព្រោះ ឲ្យតែ​ដាក់​សេរ៉ូម អ្នកជំងឺ​មួយចំនួន នឹង​មាន​អារម្មណ៍​ធូរស្រាល សូម្បី​តែ​សេរ៉ូម មិន​ទាន់​ចូល​ក្នុង​រាងកាយ​ស្រួលបួល​ផង​។​

​អឺចឹង ពេល​ឈឺ​ល្មម ដូចជា រា​ក ក្តៅខ្លួន ផ្តាសាយ យើង​គួរ​ធ្វើ​បែប​ណា​?
​បើ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ជំនាញ ប្រចាំ​គេហទំព័រ​សុខភាព Health.com.kh បានឲ្យដឹងថា ក្នុងករណី​មាន​ជំងឺ​ល្មមៗ ការញ៉ាំថ្នាំតាមវេជ្ជបញ្ជា និងការអនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​នេះ ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់ ៖

១. ខំប្រឹង​ញ៉ាំ​អាហារ​បន្ថែម ដូចជា ស៊ុប បន្លែ និង​ផ្លែឈើ​
២. ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
៣. សម្រាក​ឲ្យបាន​គ្រប់គ្រាន់​
៤. ធ្វើ​ចិត្ត​ឲ្យ​សប្បាយ និង​បំបាត់​ស្ត្រេ​ស។

យ៉ាងណាមិញ ត្រូវប្រញាប់ទៅពេទ្យភ្លាម ប្រសិនបើអ្នកសង្ស័យ ឬមិនបានធូរស្រាលសោះ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។