ចាន់ រតនា សង្ឃឹមបន្ថែមការឈ្នះនៅ One FC ដើម្បីកើនប្រាក់តម្លៃខ្លួន

កីឡាករប្រយុទ្ធ ដែលមានជំនាញច្រើនប្រភេទកីឡា ចាន់ រតនា បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំង ក្នុងការបង្កើតកំណត់ត្រាដ៏ល្អថ្មីមួយទៀត ដើម្បីទទួលបានប្រាក់តម្លៃខ្លួនកាន់តែខ្ពស់ នៅក្នុងការប្រកួតវាយដាក់ទ្រុងដ៏ល្បីល្បាញ One FC ដែលនឹងត្រូវធ្វើនៅចិនតៃវ៉ាន់ នារាត្រីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

Haobin-Ma-ft16

កីឡាករមានជំនាញទាំងប្រដាល់សេរី ហាក់គីដូ តេក្វាន់ដូ និងល្បុក្កតោ ចាន់ រតនា របស់ក្លិបខេមរៈខ្លាហោះ បានធ្វើដំណើរទៅកាន់ទឹកដីចិនតៃវ៉ាន់ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ ដើម្បីធ្វើការប្រកួតជាមួយកីឡាករចិន Haobin Ma ដោយអ្នកទាំង២នេះ នឹងត្រូវប្រកួតនៅក្នុងលំដាប់គូទី៣ ខណៈការព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមពីម៉ោង ៧:៣០ យប់តទៅ។
បានចាកចេញពីមាតុប្រទេស កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី One FC ជាមួយកីឡាករចិន ម៉ាហូបិន នាថ្ងៃសៅរ៍ ទី១៣ ខែសីហា ខាងមុខនេះ គឺចាប់ម៉ោង៧ និង៣០នាទីយប់តទៅ ឯ ចាន់ រតនា ប្រកួតក្នុងគូទី៣។

ចាន់ រតនា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មុនពេលចេញទៅប្រកួតថា៖«ប្រសិនបើគ្មានការប្រែប្រួល ឬផ្លាស់ប្តូរគូប្រកួតគឺកីឡាករចិនម្នាក់នោះទេ គឺខ្ញុំសង្ឃឹមប្រកួតឈ្នះ១០០ភាគរយ ព្រោះខ្ញុំបង្កើនការហ្វឹកហាត់ត្រៀមការប្រកួតអស់រយៈពេល៣ខែមកហើយ»។

តាមប្រវត្តិនៃការប្រកួតកន្លងមក ចាន់ រតនា ធ្លាប់ប្រកួតបាន៤ដង ដោយឈ្នះ៣ និងត្រូវបានសម្រេចឲ្យចាញ់១ដង ដោយសាររូបគេបានវាយថែមល្មើសទៅនឹងច្បាប់នៃការប្រកួត បណ្តាលឲ្យ សំអាង ឌុន សន្លប់ សម្រាប់ការវាយដាក់ទ្រុងជាលើកដំបូងរបស់គេ ដែលបានធ្វើនៅណាហ្គាវើល កាលពីឆ្នាំ២០១៤។ ចំណែកកីឡាករចិន Haobin Ma ធ្លាប់ប្រកួតបាន៣ដង ឈ្នះ២ និងចាញ់១ដង។

ទាក់ទងទៅនឹងការប្រកួត One FC នេះគឺ ចាន់ រតនា បានចុះកិច្ចព្រមព្រៀងជាមួយ One FC ផ្ទាល់ក្នុងការប្រកួតចំនួន៣លើកក្នុងមួយឆ្នាំ ខណៈតម្លៃខ្លួននៃការប្រកួតរបស់គេ ត្រូវបានកើនឡើងជាលំដាប់តាមរយៈការឈ្នះគូប្រកួតបានចំនួន៣លើកកន្លងមកនេះ។

ចំណែកការប្រកួតនេះ ចាន់ រតនា នឹងទទួលបាន៣០០០ដុល្លារ បើឈ្នះលើកនេះ តែបើចាញ់ទទួលបានប្រាក់តែ១៥០០ដុល្លារ។ រតនា បានបញ្ជាក់ថា៖«បើខ្ញុំឈ្នះក្នុងការប្រកួតនេះ នោះតម្លៃខ្លួនសម្រាប់ការប្រកួតលើកទី៣ នៅចុងឆ្នាំ២០១៦នេះ នឹងត្រូវបានឡើងបានច្រើនជាង៣០០០ដុល្លារ»៕

The post ចាន់ រតនា សង្ឃឹមបន្ថែមការឈ្នះនៅ One FC ដើម្បីកើនប្រាក់តម្លៃខ្លួន appeared first on CamboSport.