​ថ្ងៃនេះ កាលពី​ខែ​មុន លោក កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់​ ​ ​ និពន្ធដោយ : ម៉ៅ សុផា       August-10-2016, 8:19 am         898

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ថ្ងៃនេះ កាលពី​ខែ​មុន លោក កែម ឡី ត្រូវបាន​ឃាតក​បាញ់សម្លាប់​ ​ ​ភ្នំពេញ​៖ លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ត្រូវបាន​ឃាតក​បាញ់សម្លាប់ នៅក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ គិត​រហូតមកដល់​ថ្ងៃនេះ ឃាតកម្ម​លើ​លោក កែម ឡី មាន​រយៈពេល​១​ខែ​ហើយ​។

​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ភាព​ជ្រួលច្របល់​មួយ បាន​ផ្ទុះឡើង​ពេញ​រាជធានី​ភ្នំពេញ នោះ​គឺ​ឃាតកម្ម​លើ​លោក កែម ឡី ដែលជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា​។ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ភាព​ភ្ញាក់ផ្អើល បាន​រីក​រាលដាល​ពេញ​ផ្ទៃ​ប្រទេស បន្ទាប់ពី​ដំណឹង​នៃ​ការសម្លាប់​លោក កែម ឡី ត្រូវបាន​ផ្សព្វផ្សាយ​។

បើទោះបីជា​ពេលវេលា កន្លងទៅ​១​ខែ​ហើយក៏​ពិតមែន  ប៉ុន្តែ​ទិដ្ឋភាព​នៃ​ការបាញ់សម្លាប់​លោក កែម ឡី នៅតែ​ដក់​ជាប់​ក្នុង​កែវភ្នែក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ រឿងរ៉ាវ​ទាំង​អម្បាលម៉ាន ដែល​ជាប់ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​ដ៏​សាហាវ​មួយ​នេះ នៅតែ​ត្រូវបាន​គេ​លើក​មក​ជជែក​ជា​រៀងរាល់ថ្ងៃ​។  

​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​មិនទាន់​នឿ​យណាយ​ក្នុងការ​ចុះផ្សាយ​ពី​ប្រធានបទ ជុំវិញ​ឃាតកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នេះឡើយ​។ រាល់​អត្ថបទ រួមទាំង​វីដេអូ ទាក់ទិន​នឹង​ទស្សនៈ និង​ការវិភាគ របស់លោក កែម ឡី ដែល​ធ្លាប់​ផ្តល់​បទ​សម្ភាស ដល់​ស្ថាប័ន​សារព័ត៌មាន កាលពី​លោក នៅមាន​ជីវិត ត្រូវបាន​យកមក​ផ្សព្វផ្សាយ​ឡើងវិញ​ជា​បន្តបន្ទាប់​។ 

​លើសពីនេះ​សហគមន៍​អន្តរជាតិ​មួយចំនួន ក៏បាន​ចេញ​ម្តង​មួយៗ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់វិធានការ​ឲ្យ​ម៉ត់ចត់ ក្នុងការ​ស្វែងរក​ឃាតក​ពិតប្រាកដ យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។ 

​ចំណែកឯ​ប្រជាពលរដ្ឋ​ទូទៅ ដែល​ធ្លាប់​ស្តា​ប់លោក កែម ឡី វិភាគ​រឿង​នយោបាយ និង​សង្គម មិនទាន់​រសាយ​សេចក្តី​សោកសៅ​ពី​ក្នុង​ចិត្ត នៅឡើយ​ទេ​។ ក្រៅពី​ស្ថាប័ន​សារព័ត៌មាន​ផ្លូវការ រូបភាព និង​វីដេអូ​ជាច្រើន  ដែល​ពាក់ព័ន្ធ​នឹង​ជីវិត​លោក កែម ឡី ព្រមទាំង​ក្រុមគ្រួសារ​របស់លោក នៅតែ​ត្រូវបាន​គេ​បង្ហោះ​ព្រោងព្រាត នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ប្រព័ន្ធ​ទំនាក់​ទំន​ង​ផ្សេងៗ​ទៀត​។

​មែនទែនទៅ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ នៅតែ​រក្សា «​រូបភាព​លោក កែម ឡី​» នៅលើ Profile និង Cover របស់​ពួកគេ​។ ដោយសារតែ​ក្តី​ស្រឡាញ់ និង​ការគោរព ប្រជាពលរដ្ឋ​មួយចំនួន បាន​ចាក់​សាក់​ជា​ទស្សនៈ​របស់លោក កែម ឡី លើ​សារពាង្គកាយ​របស់​ពួកគេ​ថែមទៀត​។ ទស្សនៈ​ដ៏​មាន​ប្រជាប្រិយ ដែល​ពួកគេ យកទៅ​ចារ​លើ​ខ្នង ហើយ​អ្នក​ខ្លះទៀត​ចារ​លើ​​ដៃផងនោះ​គឺ «​ជូត​ទឹកភ្នែក​របស់​អ្នក ហើយ​បន្តដំណើរ​ទៅមុខទៀត​»​។ ពាក្យពេចន៍​មួយ​ឃ្លា​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង ទទ្ទេ​ញ​ជាប់​ម៉ាត់​ទៅហើយ​។​

​សូមបញ្ជាក់ថា ក្រោយ​ទទួលមរណភាព សព​លោក កែម ឡី ត្រូវបាន​ដង្ហែ​ទៅ​តម្កល់ទុក​នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ដែល​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា អស់​រយៈពេល​១៥​ថ្ងៃ​។ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ក្រុមគ្រួសារ និង​គណៈកម្មការ​រៀប​ចំ​បុណ្យ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បានរួម​គ្នា​ដង្ហែ​សព​លោក កែម ឡី យកទៅ​ប​ញ្ជុះ​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក​។ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​ផ្សេងៗ នៅតែ​បន្ត​នាំគ្នា ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី ដល់​ផ្នូរ​របស់លោក​៕