ប្រពៃណី​អាពាហ៍ពិពាហ៍​ជនជាតិ​ព្នង​រក្សា​ដល់​បច្ចុប្បន្ន

ខេត្តមណ្ឌលគិរី ៖ ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​តែ​រក្សា​បាន ហើយ​បង្ហាញ​ជូន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន ។ វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំនៀមទម្លាប់​ប្រពៃណី​បែប​អភិរក្ស ដែល​ថែរក្សា និង​ការពារ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង ស្គាល់ និង​បានឃើញ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ទោះបី​នៅ​តែ​រក្សា​កេរដំណែល​វប្បធម៌​ដ៏​យូរលង់​មួយ​នោះ​ក្តី​ក៏​នៅ​មានការ​ព្រួយបារម្ភ​ផង​ដែរ​អំពី​ការ​បាត់បង់ ខ្លះ​ៗ​វប្បធម៌ និង​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ព្នង ។

លោក​ភី ងូ​ក អតីត​ចៅសង្កាត់រ​មនា ជា​ជនជាតិ​ដើម​ភាគតិច​ព្នង កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា នៅ​ពេល​អនាគត​ខាង​មុខ ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​នៅ​តំបន់​នេះ ប្រហែលជា​ប្រឈម​ទៅ​រក​ការ​បាត់បង់ ខ្លះ​ៗ ពីព្រោះ​បច្ចុប្បន្ន​នេះ​លោក​សង្កេត​ឃើញ​ទាំង​ការ​រស់នៅ ស្លៀកពាក់ ផ្ទះសំបែង​ពួក​គេ​មានការ​កែប្រែ​ច្រើន​ខុស​ពី​បុរាណ ។

មានការ​ផ្លាស់​ប្តូរ​រស់នៅ​បែប​សម័យ រីឯ​ប្រពៃណី​ពួក​គេ​ហាក់បីដូចជា​ខ្វះ​ការ​អភិរក្ស​និង​ជួយ​ថែរក្សា​ការពារ​។ បើ​ទោះបីជា​យ៉ាងណា​ក្ដី ជនជាតិ​ដើម​ភាគតិច​ព្នង​ភាគច្រើន នៅ​តែ​បន្ត​ការ​ថែរក្សា​បាន​យ៉ាង​ល្អ​ប្រពៃណី​ដ៏​ផូរផង់​មួយ​នេះ ។

លោក​ទី ឈឿ​ន ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ចម្ការ​តែ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ បាន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ កូនប្រុស​របស់​គាត់​តាម​ប្រពៃណី​ព្នង​នា​ពេល​កន្លង​មក​ឲ្យ​ដឹង​ថា ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​របស់​ជនជាតិ​ព្នង​មាន​ពិធីសែនព្រេន​ច្រើន​ដូច​ជា ឪពុក​ម្ដាយ ព្រមទាំង​មេបា​ខាង​ប្រុស​ត្រូវ​ហែ​កូនកំលោះ​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ផ្ទះ​កូនក្រមុំ​ដោយ​មាន​តំណាង​មេកន្ទ្រាញ​ម្នាក់​កាន់​ដាវ កាំបិត​ដើរ​ខាង​មុខ​អម ដោយ​មានការ​វាយ​ឃ្មោះ ទះដៃ​បន្ទរ​។ លុះដល់​មាត់របង​ផ្ទះ​កូនក្រមុំ​ត្រូវ​ឈប់​ដើម្បី​សែន​ព្រេន​ម្ដង ដោយ​ការ​ចេញ​មក​ទទួល​របស់​ឪពុក​ម្ដាយ​ខាង​ស្រី រួច​ហែ​បន្ត​ចូល​ក្នុង​ដី​របង​ផ្ទះ​កូនស្រី​ជិត​ដល់​មាត់​ទ្វារផ្ទះ ត្រូវ​រៀបចំ​សែនព្រេន​ម្ដងទៀត ដោយ​មានកូន​ក្រមុំ​ចេញ​មក​ទទួល​ផង ទើប​គេ​ចាប់ផ្ដើម​ហែ​សាមីខ្លួន​ទាំង​ពីរ​ចូល​ក្នុងផ្ទះ​ដើម្បី​ធ្វើ​ពិធីសែនព្រេន​ធំ​នៅ​ក្នុង​ពិធី​រៀប​ការ​នេះ​។ ក្នុង​ពិធីសែនព្រេន​ធំ​នោះ ខាង​កូនក្រមុំ​មាន​រៀបចំ​ជ្រូក​ទាំងមូល​មួយ​ក្បាល ពាង​ស្រា​រលូង​មួយ ពាង​ស្រា​ធម្មតា​១ និង​មាន់​ពីរ​ក្បាល ។

លោក​ទី ឈឿ​ន បញ្ជាក់​ថា ពិធី​រៀប​អា​ពា​ហ៍ពិពាហ៍​តាម​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​មាន​រយ​:​ពេល​៣​ថ្ងៃ ។ ជនជាតិ​ដើម​ភាគតិច​ត្រូវ​អភិរក្ស និង​ថែរក្សា​ការពារ​ប្រពៃណីទំនៀមទម្លាប់ វប្បធម៌​របស់​ខ្លួន​ឲ្យ​នៅ​គង់វង្ស​។ នេះ​ជា​បំណង​របស់​លោក​ទី ឈឿ​ន​៕