ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​ ដេកលក់ភ្លេចទៅ​ធ្វើ​ការងារ​ ?

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​ ដេកលក់ភ្លេចទៅ​ធ្វើ​ការងារ​ ?



រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ លោក នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​10 សីហា ២០១៦ នេះ​ថា « មិនដឹង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​ដេក​នៅឯណា បានជា​មិនឃើញ​រាយការណ៍​ពី​រឿង​ទំនាស់​ប្រជាជន​ខ្មែរ និង​សហគមន៍​វៀតណាម រហូត​ដល់​មាន​ស្លាប់ ។ បើ​អ្នក​ណា​ដឹង​ថា គាត់​គេង​នៅឯណា ជួយ​ដាស់​គាត់​អោយទៅ​ធ្វើ​ការងារ​ផង​» ។

លោក​រដ្ឋមន្ត្រី ទំនង​សំដៅ​ទៅ​លើ​រឿង​ទំនាស់​ប្រជាជន​ខ្មែរ និង​សហគមន៍​វៀតណាម រហូត​ដល់​មាន​ស្លាប់ ហើយ​មិនឃើញ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង រាយការណ៍​មក​លោក​រឿង​អំពើ​ហិង្សា​រវាង​ខ្មែរ​២​នាក់​និង​វៀតណាម​មួយ​ក្រុម បាន​កាប់​ចាក់​គ្នា​យ៉ាង​សាហាវ​មិន​ធ្លាប់​មាន បាន​កើតឡើង​នៅ​ចំណុច​ព្រំប្រទល់​ឃុំ​ព្រែក​ខ្សាយ​(​ខ​) និង​ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ ទី​៧ សីហា ដោយ​បាន​បណ្តាល​ឱ្យ មនុស្ស​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ពេល​ដឹក​ដល់​មន្ទីរពេទ្យ គឺ​ខ្មែរ​ម្នាក់​និង​វៀតណាម​ម្នាក់ និង​មនុស្ស​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន ។ ក្នុង​ចំណោម​មនុស្ស​៥​នាក់ គឺ​២​នាក់​ក៏​រង​របួស​បែកក្បាល​យ៉ាងដំណំ​ផង​ដែរ ។

តាម​ការ​ផ្តល់​ព័ត៌មាន​ជំហាន​ដំបូង មូលហេតុ​ដែល​ធ្វើ​ឱ្យ​កើត​មាន​អំពើ​ហិង្សា​នេះ​ឡើង គឺ​ដោយសារ​តែ​ទំនាស់​ពាក្យ​សំដី​ឌឺដង​ដាក់​គ្នា​រវាង​ជនជាតិ​វៀតណាម​មួយក្រុម និង​ជនជាតិ​ខ្មែរ រឿង​សុំ​បារី​ជក់ ទើប​កើត​ទៅ​ជា​ទំនាស់​កាប់​ចាក់​គ្នា​ដោយ​ភាគី​ខាង​ជន​រង​គ្រោះជា​ខ្មែរ​មាន គ្នា​២​នាក់​ប្តី​ប្រពន្ធ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជា​ជនជាតិ​វៀតណាម​មាន​គ្នា​៦-៧​នាក់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នេះ​គ្រាន់តែ​ជា​ការ​អះអាង​របស់​ភាគី ទាំង​សងខាង​ប៉ុណ្ណោះ ។ ឯ​រឿងហេតុ​ពិត​កើតឡើង​យ៉ាងណា​នោះ សមត្ថកិច្ច​កំពុង​តែ​បន្ត​ស្រាវជ្រាវ​តទៅ​ទៀត ៕