ខណៈ​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​ជិត​​​​​​មក​​​ដល់​​​ មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​​​​តែ​​​ខ្លាំង​​​ពី​​​ការ​​​បាត់​​​បង់​​​សិទ្ធិ​​បោះ​​​ឆ្នោត​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលមានសិទ្ធិបោះឆ្នោតប្រមាណ៩,៦លាននាក់នៅកម្ពុជាទៅចុះឈ្មោះបោះឆ្នោត ពេលការចុះឈ្មោះចាប់ផ្តើមនៅខែក្រោយ ខណៈគណបក្សសង្គ្រោះជាតិសម្តែងក្តីកង្វល់ថា ពលករចំណាកស្រុក១លាននាក់អាចបាត់បង់សិទ្ធិ។ ជាផ្នែកនៃកិច្ចព្រមព្រៀងនយោបាយក្នុងឆ្នាំ២០១៤ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថ្មីដែលមានសមាសភាពមកពីគណបក្សទាំងពីរនោះ ត្រូវបានបង្កើតឡើងដោយមានសិទ្ធិអំណាចនៅក្នុងការធ្វើបញ្ជីឈ្មោះបោះឆ្នោត អេឡិចត្រូនិកថ្មីដោយគ្មានការជាន់ឈ្មោះ ឬបាត់ឈ្មោះរាប់សែន ដូចដែលធ្លាប់កើតមាននៅក្នុងបញ្ជីឈ្មោះមុនៗ។ ពេលថ្លែងនៅក្នុងពិធីចាក់បេតុងតភ្ជាប់ស្ពានកោះធំនៅខេត្តកណ្តាលកាលពីម្សិល មិញ លោក ហ៊ុន សែន បានលើកឡើងថា  អ្នកដែលមិនបានចុះឈ្មោះបោះឆ្នោត ពេល មន្ត្រី គ.ជ.ប.ធ្វើដំណើរទូទាំងប្រទេសចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកានោះ នឹងមិនអាចមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំក្រោយបានទេ។ លោកបានមានប្រសាសន៍ថា ”មេត្តាយល់ ឲ្យច្បាស់ កុំគិតថា ខ្ញុំធ្លាប់បោះឆ្នោត៥ដងហើយ ខ្ញុំមានឈ្មោះរួចស្រេចទៅហើយ។  យើងត្រូវធ្វើបញ្ជីបោះឆ្នោតមួយថ្មី ហើយចុះឈ្មោះសាជាថ្មីសម្រាប់អ្នកដែលមានសិទ្ធិបោះឆ្នោត”។ លោកបានមានប្រសាសន៍បន្ថែមថា  “អ៊ីចឹងទេបានជាខ្ញុំយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង គឺទៅចុះឈ្មោះបោះឆ្នោតដើម្បីប្រើប្រាស់សិទ្ធិធ្វើជាម្ចាស់របស់ប្រទេសបោះឆ្នោតឲ្យបក្សនយោ បាយណាដែលខ្លួនពេញចិត្ត។ សូម្បីតែខ្ញុំក៏ត្រូវតែទៅចុះឈ្មោះឡើងវិញដែរ បើមិនទៅ ចុះឈ្មោះទេ មិនត្រឹមតែបាត់បង់សិទ្ធិបោះឆ្នោតទេ បាត់បង់សិទ្ធិឈរឈ្មោះទៀតផង”។ យោងតាមគ.ជ.ប.បានប៉ាន់ប្រមាណថា ក្នុងពេលបច្ចុប្បន្នពលរដ្ឋខ្មែរប្រហែល៩,៦លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតលើកក្រោយដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ពេលក្រុមប្រឹក្សាឃុំសង្កាត់មានចំនួន១.៦៤៤។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតឃុំ-សង្កាត់នឹងជាការសាកល្បងលើកដំបូងចំពោះការគាំទ្រសម្រាប់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិចាប់តាំងពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រឆ្នាំ២០១៣ដ៏ចម្រូងចម្រាសដែលឈានដល់មានការព្រមព្រៀងសម្រាប់គ.ជ.ប.ថ្មី ប៉ុន្តែវាក៏មានសារៈសំខាន់នៅក្នុងការធ្វើឲ្យស្ថាប័នរដ្ឋបាល ថ្នាក់មូល ដ្ឋានមិនអាចផ្លាស់ប្តូររហូតដល់ឆ្នាំ២០២២ផងដែរ។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា  គណបក្សប្រឆាំងមានការព្រួយបារម្ភថា ពលរដ្ឋខ្មែរជាង១លាននាក់ដែលធ្វើការនៅក្រៅ ប្រទេសប្រហែលបាត់បង់សិទ្ធិ ហើយថា គណបក្សនឹងបញ្ជូនក្រុមការងារទៅប្រទេសថៃនៅខែក្រោយដើម្បីជំរុញឲ្យពួកគាត់មកស្រុកកំណើតវិញដើម្បីចុះឈ្មោះ។ លោកស្រីបានមានប្រសាសន៍ថា ”មានពលករចំណាកស្រុកជិត១លាននាក់ក្នុងប្រទេសថៃ ហើយយើងនឹងទៅតំបន់សំខាន់ៗ ដូចជាប៉ាតាយ៉ា អារញ្ញប្រាថេត និងច័ន្ទប៊ូរីជាដើម ហើយយើងនឹងជួបជាមួយតំណាងមកពីតំបន់ទាំងនេះ។ ហេតុផលតែមួយគត់គឺប្រាប់ពួកគាត់ឲ្យមកចុះឈ្មោះបោះឆ្នោត”។ លោកស្រីបានបន្ថែមថា ”យើងក៏នឹងស្តាប់អំពីទុក្ខលំបាក និងបញ្ហាដែលពួកគាត់ប្រឈមនៅក្នុងការត្រឡប់មកវិញផងដែរ ហើយនឹងនិយាយជាមួយគ.ជ.ប. និងក្រសួងការងារថា តើនឹងត្រូវធ្វើអន្តរាគមន៍បែបម៉េចជាមួយរដ្ឋាភិបាលថៃ ឬគ.ជ.ប.”។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប.  បានលើកឡើងថា ការចុះឈ្មោះនឹងត្រូវធ្វើឡើងនៅតាមឃុំនីមួយៗដែលបច្ចុប្បន្នមានចំនួន១.៦៣៣ ដោយនឹងមានឃុំ-សង្កាត់ថ្មីចំនួន១១បន្ថែមទៀតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ ហើយថាប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតនៅឃុំ-សង្កាត់ដែលពួកគាត់បានចុះឈ្មោះសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់។ ពលករចំណាកស្រុកអាចមានសិទ្ធិបោះឆ្នោត លុះត្រាតែពួកគាត់វិលត្រឡប់មកប្រទេសកម្ពុជាអំឡុងរយៈពេលចុះឈ្មោះ  ហើយចុះឈ្មោះនៅតាមឃុំ-សង្កាត់ដែលមានបញ្ជាក់នៅក្នុងអត្តសញ្ញាណប័ណ្ណ ឬកន្លែង ដែលពួកគាត់ជួលបន្ទប់ ឬកន្លែងដែលពួកគាត់រស់នៅ ដោយយោងតាមសៀវភៅគ្រួសារដែលរដ្ឋាភិបាលចេញឲ្យ។ លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា ”ប្រសិនបើពួកគាត់ឆ្លងកាត់ព្រំដែនចូលមកប៉ោយប៉ែត ឧទាហរណ៍បើពួកគាត់ជួលផ្ទះនៅប៉ោយបែ៉ត ឬមានប្រវត្តិរស់នៅជាមួយសាច់ញាតិនៅទីនោះ ពួកគាត់មានសិទ្ធិចុះឈ្មោះនៅកន្លែងនោះបាន ឬក៏ម្យ៉ាងទៀតពួកគាត់ត្រូវធ្វើដំណើរមកចុះឈ្មោះនៅកន្លែងដែលមានបញ្ជាក់នៅក្នុងអត្តសញ្ញាណប័ណ្ណ”។ លោកបានបន្ថែមថា ”កន្លែងណាដែលពួកគាត់ចុះឈ្មោះ គឺពួកគាត់បោះឆ្នោតនៅទីនោះ”។ គណបក្សសង្គ្រោះជាតិបានសរសេរលិខិតផ្ញើជូនគ.ជ.ប.ដោយស្នើសុំឲ្យបន្តការចុះឈ្មោះអ្នកបោះឆ្នោតអំឡុងពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី៣០ខែកញ្ញា រហូតដល់ថ្ងៃទី៣ ខែតុលា ពេលប្រជាពលរដ្ឋភាគច្រើនត្រឡប់ទៅស្រុកកំណើតដើម្បីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធដូនតារបស់ពួកគាត់។ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈ កម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានលើកឡើងថា លោកព្រួយបារម្ភខ្លាចក្រែងពលករខ្មែរចំណាកស្រុករាប់សែននាក់ភាគច្រើនជាអ្នកក្រីក្រដែលធ្វើការនៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី អាចបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ប្រសិនបើមិនមានការរៀបចំឲ្យបានស្រួលសម្រាប់ ពួកគាត់ទេនោះ។ លោកបានមានប្រសាសន៍ថា ”អាចមានបញ្ហា ប្រសិនបើពលករអាចវិលត្រឡប់មកវិញបានតែនៅពេលអំឡុងពិធីបុណ្យ ហើយបន្ទាប់មកត្រឡប់ទៅវិញដោយខកខានការចុះឈ្មោះបោះឆ្នោត។ ហេតុដូច្នេះហើយគ.ជ.ប.គួរតែមានក្រុមការងារពិសេសដើម្បីចុះឈ្មោះប្រជាពលរដ្ឋរស់នៅក្រៅប្រទេស ពេលពួកគាត់ត្រឡប់មកស្រុកកំណើតវិញ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ”។ លោកបានលើកឡើងទៀតថា សូម្បីតែការចុះឈ្មោះបោះឆ្នោតអាចធ្វើឡើងអំឡុងពិធីបុណ្យនេះក៏ដោយ […]

The post ខណៈ​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​ជិត​​​​​​មក​​​ដល់​​​ មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​​​​តែ​​​ខ្លាំង​​​ពី​​​ការ​​​បាត់​​​បង់​​​សិទ្ធិ​​បោះ​​​ឆ្នោត​ appeared first on The Cambodia Daily.