អតីត​មិត្ត​ស្រី​ឆេះដុំ​រឿង​គេ​ចោទ​ថា​យំ​បោក​​ខ្លួន​ថ្ងៃ Wallace Huo ចូល​រោងការ

តារាសម្ដែងតៃវ៉ាន់ Joe Chen បានផ្ទុះកំហឹងជាខ្លាំងក្រោយមានព័ត៌មានចុះផ្សាយថាខ្លួនយំមិនស្រាកស្រាន្តព្រោះនៅស្រណោះអាល័យស្នេហ៍ចាស់។

ប៉ុន្មានថ្ងៃចុងក្រោយនេះ តារាសម្ដែងស្រីល្បីឈ្មោះ Joe Chen បានក្លាយជាប្រធានបទជជែកវែកញែកជាច្រើនរបស់អ្នកប្រើអ៊ីនធឺណិត ត្បិតមានពាក្យចចាមអារ៉ាមថាតួរឿង “My Pretty Girl” បានស្ដាយស្រណោះយ៉ាងខ្លាំងថ្ងៃនៅពេលដែលអតីតមិត្តប្រុសរបស់ខ្លួន តារាសម្ដែង Wallace Huo បានដឹកដៃតារាសម្ដែងស្រី Ruby Lin ចូលរោងការ។ សារព័ត៌មានថែមទាំងបានទម្លាយថា ស្រីស្អាតវ័យ ៣៧ឆ្នាំរូបនេះបានផឹកស្រាដាច់យប់និងយំយ៉ាងខ្លាំងកាលពីថ្ងៃទី ៣១ខែកក្កដាកន្លងទៅនេះដែលជាថ្ងៃ ចៀវៃនិងស្វាមីរៀបការនៅលើកោះបាលី។

ទាក់ទិននឹងព័ត៌មាននេះ Joe Chen បានខឹងយ៉ាងខ្លាំងនិងបានចេញមុខមកបកស្រាយនៅលើបណ្ដាញសង្គមរបស់ខ្លួន។ តារាកើតឆ្នាំ ១៩៧៩បានសរសេរនៅលើ Weibo ថា៖ “ពិតជាមិនយល់ទាល់តែសោះ និយាយលែងចេញតែម្ដង។ ពួកសារព័ត៌មានលាបពណ៌ សង្ឃឹមថារាល់ពេលអ្នកឯងប្រឌិតរឿង សូមគិតដល់វិជ្ជាជីវៈការងាររបស់ខ្លួនឯងផង។ ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ គ្រាន់តែចង់ឲ្យពិភពសិល្បៈដ៏គួរឲ្យខ្លាចនេះដំណើរការឲ្យតែរលូនប៉ុណ្ណោះ”។ ចុងក្រោយ Joe Chen ក៏មិនភ្លេចជូនពរអ្នកទាំងអស់គ្នា៖ “រីករាយថ្ងៃនៃសេចក្ដីស្រលាញ់” (ថ្ងៃទី ៩ខែសីហាគឺជាថ្ងៃនៃសេចក្ដីស្រលាញ់របស់ចិន)៕

ប្រភព៖ news.sabay


Related Posts