CSIS ៖ ​សំណង់​អាកាសយានដ្ឋាន​ចិននៅ​សមុទ្ទ​ចិន​ខាង​ត្បូង អាច​ទទួល​យន្តហោះ​យោធា​​គ្រប់ប្រភេទ

រូបភាពផ្កាយរណបថ្មីៗនេះបានបង្ហាញថា ចិនទំនងជាបានសាងសង់ចំណតពាសដែក ដ៏ធំសម្បើមមួយ នៅក្នុងសមុទ្ទខាងត្បូង ដែលជាប្រភពជម្លោះជាមួយប្រទេសជិតខាងជាច្រើន។ ចំណតដ៏ធំនិងមានការពង្រឹងគ្រឹះគ្រប់បែបយ៉ាង ដែលទទួលយន្តហោះធន់ធ្ងន់របស់យោធា អាចចុះចតបានដែរ យ៉ាងងាយ។ នេះបើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ អាមេរិក CSIS។

ដោយមានរូបភាពផ្កាយរណបទើបថតបានកាលពីចុងកក្កដា ជាសំអាង មជ្ឈមណ្ឌសិក្សាយុទ្ធសាស្ត្រអន្តរជាតិ អាមេរិក បានអះអាងនៅល្ងាចថ្ងៃចន្ទម្សិលមិញ ថា ចំណតយន្តហោះថត ដែលចិនកំពុងសាងសង់ នៅលើកោះ Fiery Cross Subi និងMischief ក្នុងតំបន់ប្រជុំកោះស្ព្រាតលី មានលក្ខណៈធំសម្បើម និងរឹងមាំខ្លាំង ដោយមានការពង្រឹងគ្រប់ចម្រឹងទម្រទាំងអស់។ ធំគ្រប់គ្រាន់នឹងល្មមនឹងទទួលយន្តហោះនៃកងទ័ពអាកាសចិន គ្រប់ប្រភេទចុះចតបាន។

ថ្វីបើរហូតមកទល់ពេលនេះ អាមេរិកសង្កេតឃើញមានយន្តហោះដឹកជញ្ជូនយោធាចិន មួយគ្រឿងចុះចតមួយភ្លែតកាលពីដើមឆ្នាំ និងមិនមែនជាភស្តុតាងបញ្ជាក់ថាយកចំណតនេះមកធ្វើទីតាំងពង្រាយយន្តហោះយោធាក្តី ក៏សំណង់ពាសដែកដ៏សម្បើម លើកោះបី ក្នុងពេលដ៏ខ្លី បានជំរុញឱ្យគ្រប់គ្នាត្រូវគិតថាចិនកំពុងស្ថាបនាចំណតយន្តហោះយោធា។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ CSIS ដដែល។

ចិនបានបដិសេធជាច្រើនលើកច្រើនសាមកហើយ ថាការសាងសង់ចំណតយន្តហោះនៅតំបន់ប្រជុំកោះស្ព្រាតលី ដើម្បីប្រយោជន៍ស៊ីវិល គ្រប់បែបយ៉ាង គ្មានសោះបំណងយោធា។ តែគឺការល្បាតជាញឹកញយរបស់នាវាអាមេរិកក្នុងតំបន់នេះទេដែលជាប្រភពនាំភាពតានតឹង។ នេះជាចម្លើយតបរបស់ក្រសួងការពារជាតិចិនទៅអាមេរិក ដោយប្រកាសថែមទៀតថា ប្រជុំកោះស្ត្រាតលីនិងដែនទឹកជុំវិញ ស្ថិតក្នុងបូរណភាពដែនដីចិន ដែលគ្មានអ្វីប្រកែកបានឡើយ។

រូបភាពផ្កាយរណបនេះធ្លាក់មកតែមួយខែគត់ក្រោយសេចក្តីសម្រេចចិត្តរបស់តុលាការក្រុងឡាអេ ឱ្យចិនចាញ់ហ្វីលីពីន។ ចិនចង់គ្រប់គ្រងតែម្នាក់ឯង (៨៥%) តំបន់សមុទ្ទចិនខាងត្បូង ដែលមានចរាចរណ៍ពាណិជ្ជកម្មឆ្លងកាត់ក្នុងមួយឆ្នាំទំហំជាង៥រយម៉ឺនលានដុល្លារ ដោយមិនខ្វល់នឹងការទាមទាររបស់ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេទេ។ ម្យ៉ាងទៀតសមុទ្ទចិនក៏ជាប្រភពតានតឹងដែររវាងចិននិងជប៉ុន។ ពីរថ្ងៃមកហើយដែលតូក្យូបានទាមទារឱ្យប៉េកាំងដកនាវាយោធាចេញពីតំបន់ជាប់ជម្លោះនឹងគ្នា៕

ប្រភព៖ RFI


Related Posts