ហ្វីលីពីន​​នឹងសង់​ពន្ធនាគារ​ថ្មីៗ​សម្រាប់​អ្នកទោស​គ្រឿងញៀន

មន្ត្រីហ្វីលីពីនបានប្រកាសនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងសាងសង់គុកថ្មីៗទៀត សម្រាប់អ្នកទោស។ យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មនិងគ្រឿងញៀន របស់ប្រធានាធិបតីឌុយទែរតេ កំពុងជំរុញអោយមានអ្នកទោសកាន់តែច្រើន ក្នុងពន្ធនាគារ ធ្វើអោយអ្នកទោសគ្មានកន្លែងសម្រាកនៅគ្រប់គ្រាន់។ ហ្វីលីពីនជាប្រទេសលំដាប់ទី៣ក្នុងពិភពលោក ដែលមានអ្នកទោសណែនតាន់តាប់ ក្នុងពន្ធនាគារ។

នៅថ្ងៃអង្គារនេះ អាជ្ញាធរក្រុងទីក្រុងកឺហ្សុង ភាគខាងជើងក្រុងម៉ានីល បានចុះហត្ថលេខាប្រគល់ដីមួយកន្លែង សម្រាប់សាងសង់ពន្ធនាគារថ្មីមួយ ជំនួសពន្ធនាគារចាស់មួយកន្លែង ដែលសង់សង់ជាង៦០ឆ្នាំមកហើយ។ ពន្ធនាគារចាស់នេះ មានអ្នកទោស៨០០នាក់ តែបច្ចុប្បន្ន អ្នកទោសបានកើនចំនួនដល់ជិត៤០០០នាក់។

ពន្ធនាគារនៅកឺហ្សុង ជួបបញ្ហាអ្នកទោសច្រើនលើសលុប ធ្វើអោយគ្មានកន្លែងសមស្រប សម្រាប់អ្នកទោសសម្រាក។ អ្នកទោសខ្លះដេកនៅលើជណ្តើរ ខ្លះនៅតាមកម្រាលឥដ្ឋ។ អាជ្ញាធរក្រុងកឺហ្សុង ទទួលស្គាល់ថា បញ្ហានេះពិតជាប៉ះពាល់ដល់សិទ្ធិមនុស្ស សិទ្ធិរបស់អ្នកទោសទាំងនោះ។

រដ្ឋាភិបាលប្រកាសបញ្ចេញថវិកាដើម្បីសាងសង់ពន្ធនាគារថ្មីៗ ថែមទៀត។ យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្ម ប្រឆាំងការជួញដូរគ្រឿងញៀន របស់ប្រធានាធិបតីថ្មីហ្វីលីពីន គឺលោករោឌ្រីហ្កូ ឌុយទែរតេ មិនបានជំរុញអោយអ្នកទោសធ្លាក់ចុះទេ។ លោកឌុយទែរតេ ដែលជាប់ឆ្នោតកាលពីខែឧសភា បានសន្យា កម្ចាត់ឧក្រិដ្ឋកម្មអោយអស់ពីហ្វីលីពីន តែក្នុង៦ខែប៉ុណ្ណោះ។

លោកបានជំរុញអោយប៉ូលិសហ៊ានបាញ់សម្លាប់ជនសង្ស័យ ជំរុញប្រជាជនអោយចូលរួមដាក់ទោសជនល្មើស។ ជាលទ្ធផល មនុស្សជិត៩០០នាក់ រងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ត្រូវបានប៉ូលិស និងប្រជាជនសម្លាប់ ក្នុងពេលកន្លងមក។ មនុស្សជិត៥០០០នាក់ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានប៉ូលិសចាប់ខ្លួន៕

ប្រភព៖ RFI


Related Posts