រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​បាញ់​កម្ទេច​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​

ទីភ្នាក់ងារសារព័ត៌មាន NHK របស់ជប៉ុន បានផ្សព្វផ្សាយកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ ឲ្យដឹងថា លោកស្រី Tomomi Inada រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនដែលទើបឡើងកាន់តំណែងថ្មីៗ បានសម្រេចបញ្ជាឲ្យកងទ័ពត្រៀមខ្លួនជាស្រេច ដើម្បីបាញ់កម្ទេចមីស៊ីលណាមួយពីកូរ៉េខាងជើង ដែលគំរាមកំហែងមកដល់ប្រទេសជប៉ុន ខណៈការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់នេះអាចនឹងប្រព្រឹត្តឡើងរៀងរាល់០៣ខែម្តង ប្រយោជន៍អាចរក្សាបាននូវស្ថានភាពប្រុងប្រយ័ត្នជាមុនពីការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង ។

លោកស្រី Tomomi Inada អាយុ៥៧ឆ្នាំ ជាមេធាវីម្នាក់ផង ទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្នុងអាណត្តិលោក Shinzo Abe ជានាយករដ្ឋមន្ត្រីជប៉ុន ។

នៅថ្ងៃឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនរបស់លោកស្រី Tomomi Inada គឺជាថ្ងៃដែលប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលធុន Rodong ចំនួន២គ្រាប់ ដែល១គ្រាប់បានធ្លាក់នៅក្នុងសមុទ្រ មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រជប៉ុន បង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រទេសជប៉ុន ៕

ប្រភព៖ DTN7


Related Posts