អាមេរិកបង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះការសម្លាប់រង្គាលមនុស្សក្រៅប្រព័ន្ធតុលាការ នៅហ្វីលីពីន

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នាដើមសប្តាហ៍នេះ បានសម្តែងចេញនូវក្តីព្រួយបារម្ភក្នុងកម្រិតខ្ពស់មួយ ទៅលើការសម្លាប់រង្គាលជនសង្ស័យរត់ពន្ធគ្រឿងញៀនក្រៅប្រព័ន្ធតុលាការ ដែលជាបទបញ្ជាយ៉ាងដាច់ខាតរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Elizabeth Trudeau បានប្រាប់ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃចន្ទថា «សហរដ្ឋអាមេរិក សូមធ្វើការអំពាវនាវឲ្យប្រទេសហ្វីលីពីន ពិនិត្យពីវិធានច្បាប់របស់ខ្លួនឡើងវិញ ក្នុងការឃុំខ្លួន ជនសង្ស័យមុននឹងធ្វើការកាត់ទោស»។ ចាប់តាំងពីលោក Duterte ឡើងកាន់អំណាចនាថ្ងៃទី៣០ ខែមិថុនា រហូតមកដល់ពេលនេះ ជនសង្ស័យគ្រឿងញៀនប្រមាណជាង ៤០០នាក់ហើយ ត្រូវបានបាញ់សម្លាប់។

គួរបញ្ជាក់ថា លោកប្រធានាធិបតីហ្វីលីពីនថ្មី បានប្រកាសទុកចោលសិទ្ធិមនុស្សមួយឡែក ហើយត្រូវធ្វើការបង្ក្រាបភាពអសកម្មក្នុងសង្គមហ្វីលីពីន ដែលជាជំងឺរាប់ទសវត្សរ៍មកហើយ។ បទបញ្ជារបស់លោក Duterte គឺកងកម្លាំងប៉ូលិស មានសិទ្ធិបាញ់សម្លាប់ជនសង្ស័យគ្រឿងញៀន ឬក្នុងករណីអំពើឧក្រិដ្ឋកម្មជាក់ស្តែង ដោយមិនបាច់ភ័យព្រួយថា នឹងមានទោសនោះទេ៕

ប្រភព៖ freshnewsasia


Related Posts