Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

ក្រុមអធិរាជស Real Madrid បានលើកពាន UEFA Super Cup កាលពីយប់មិញនេះ បន្ទាប់ពីបានយកឈ្នះក្រុម Sevilla ដោយលទ្ធផល ៣-២ យ៉ាងស្វិតស្វាញបំផុត។

ការប្រកួតរវាងក្រុមខ្លាំងទាំងពីរនៅអេស្ប៉ាញ ពិតជាធ្វើឱ្យអ្នកទស្សនាជក់ចិត្តមែនទែន បើទោះបីជាខាងក្រុម Real Madrid អវត្តមានកីឡាករសំខាន់ដល់ទៅ៥នាក់ក៏ដោយ។ កីឡាករចំណូលថ្មី Marco Asensio ជាអ្នកស៊ុតមួយគ្រាប់យ៉ាងស្អាតឱ្យក្រុមលោក Zidane នាំមុខមុនត្រឹមនាទី២១។ ប៉ុន្តែដល់នាទី៤១ កីឡាករ Franco Vazquez របស់ក្រុម Sevilla រកបានគ្រាប់ស្មើវិញ។

ការប្រកួតកាន់តែស្វិតស្វាញ រហូតដល់តង់ទី២ នាទី៧១ ខាងក្រុម Sevilla ទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយក៏រកគ្រាប់បាល់ទី២បានសម្រេចផងដែរ។ លទ្ធផលនាំមុខនេះ កាន់តែធ្វើឱ្យក្រុម Real Madrid សម្រុកកាន់តែខ្លាំង រហូតដល់នាទី៩០+ ទៅហើយ ទើបប្រធានក្រុម Sergio Ramos តែតបានមួយគ្រាប់តាមស្មើវិញ។ ចប់ ៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២ ឈានដល់ម៉ោងបន្ថែម១៥នាទី២ដង។

ក្នុងម៉ោងបន្ថែមនេះដែរ សង្គ្រាមលើវាលស្មៅរវាងក្រុមទាំងពីរកាន់តែក្ដៅគគុកហើយ ពោលគឺត្រឹមនាទី៩៤ កីឡាករ Thimothree Kolodziejczak ទទួលបានកាតក្រហមបណ្ដេញចេញ (កាតលឿង២ដង) ហើយជាការចំណេញខ្លាំងដល់ក្រុម Real Madrid ។ ជិតនឹងដល់ការទាត់បាល់១១ម៉ែត្រកាត់សេចក្ដីទៅហើយ ខ្សែការពារ Daniel Carvajal អូសបាល់យ៉ាងស្អាត ញាក់ដាច់ខ្សែការពារស៊ុតបញ្ចូលទីខ្លួនឯង ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។

ចប់ការប្រកួត ក្រុម Real Madrid ឈ្នះ Sevilla ដោយលទ្ធផល ៣-២ លើកពាន UEFA Super Cup 2016 យកសំណាងមុនបើករដូវកាល La Liga នាចុងខែនេះ៕

ប្រភព៖ news.sabay


Related Posts